ចំណូលពន្ធអាករនៅត្រីមាសទី១កើនឡើងជិត៤០ភាគរយលើសពីការរំពឹងទុក

របាយការណ៍អគ្គនាយកដ្ឋានពន្ធកម្ពុជា បានឲ្យដឹងថា ចំណូលពន្ធអាករគ្រប់ប្រភេទ បានកើនឡើងជិត ៤០ភាគរយនៅត្រីមាសទី១ឆ្នាំនេះ ដែលជាតួលេខកើនឡើងខ្ពស់លើសពីការរំពឹងទុករបស់រដ្ឋាភិបាលទៅទៀត។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួនកាលពីថ្ងៃម្សិលមិញនេះ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបរាប់ថា ស្ថាប័ននេះប្រមូលពន្ធអាករគ្រប់ប្រភេទបានចំនួនប្រមាណ ៧៦១.៦១លានដុល្លារ នៅចន្លោះខែមករាដល់ខែមីនាកន្លងមកនេះ ដោយបានកើនឡើងលើសពីការរំពឹងទុករបស់រដ្ឋាភិបាលដល់ទៅ ៣៩.៦ភាគរយឯណោះ។
អគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងបន្ថែមថា ចំណូលពន្ធអាករដែលប្រមូលបានតាមរយៈប្រព័ន្ធគ្រប់គ្រងទិន្នន័យអនឡាញ មានទំហំដល់ទៅជាង ៤៤៦លានដុល្លារ ខណៈដែលការប្រមូលពន្ធអាករតាមរយៈការបំពេញទម្រង់បែបបទ មានទំហំជាង ២២៤លានដុល្លារ។
អគ្គនាយកដ្ឋានពន្ធដានៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។
ស្ថាប័នដដែលនេះ បានរៀបរាប់បន្តថា ចំណូលពន្ធអាករនៅកម្រិតជាតិ ប្រមូលបានចំនួនជាង ១៩៨លានដុល្លារ ស្របពេលដែលចំណូលពន្ធអាករប្រមូលបានពីថ្នាក់ក្រោមជាតិ មានទំហំជិត ២៦លានដុល្លារ។
បើតាមរបាយការណ៍អគ្គនាយកដ្ឋានពន្ធដារដដែល ចំណូលពន្ធអាករគ្រប់ប្រភេទ បានកើនឡើងពីចំនួនជាង ៦៩៤លានដុល្លារនៅត្រីមាសទី១ឆ្នាំ២០១៧ មកដល់ចំនួនជាង ៧៦១លានដុល្លារនៅត្រីមាសទី១ក្នុងនេះឆ្នាំ ឬមានកំណើនប្រហែល ៩.៦ភាគរយ។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុន្នីរ័ត្ន ត្រូវបានដកស្រង់សម្ដីនៅក្នុងសេចក្ដីប្រកាសព័ត៌មាននោះថា តួរលេខចំណូលពន្ធអាករគ្រប់ប្រភេទ បានកើនឡើងលើសពីការរំពឹងទុករបស់រដ្ឋាភិបាល និងបានកើនឡើងជាប់ៗគ្នាក្នុងរយៈពេល ៦ឆ្នាំចុងក្រោយនេះ។
តួរលេខរបស់អគ្គនាយកដ្ឋានពន្ធដារកាលពីខែធ្នូឆ្នាំមុន បានឲ្យដឹងថា ចំណូលពន្ធអាករគ្រប់ប្រភេទ បានកើនឡើងដល់ចំនួនជាង ១៩៣៨លានដុល្លារកាលពីឆ្នាំមុន ឬកើនឡើងលើសពីការរំពឹងទុកដល់ទៅ ១១៣ភាគរយ និងកើនឡើងដល់ទៅជិត ២៨ភាគរយ បើធៀបនឹងតួរលេខឆ្នាំ២០១៦កន្លងមក៕