សមាគមគ្រូបង្រៀនស្នើក្រសួងពិនិត្យការលុបឈ្មោះបុគ្គលិកអប់រំឡើងវិញ

សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យស្នើសុំឲ្យមានជំនួបរវាងសមាគមនេះជាមួយរដ្ឋមន្រ្តីក្រសួងអប់រំយុវជននិងកីឡាដើម្បីស្វែងរកដំណោះស្រាយចំពោះការលុបឈ្មោះបុគ្គលិកអប់រំចេញពីក្របខណ្ឌក្រសួងនេះ។
យោងតាមលិខិតរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ចេញនៅថ្ងៃពុធ ទី២៥ ខែមេសានេះ ដាក់ជូនរដ្ឋមន្រ្តីក្រសួងអប់រំយុវជននិងកីឡា លោក ហង់ ជួនណារ៉ុនបានបញ្ជាក់ថា ថ្នាក់ដឹកនាំរបស់សមាគម៣នាក់ និងបុគ្គលិកអប់រំដែលត្រូវបានលុបឈ្មោះ៦នាក់ ស្នើសុំជួបជាមួយនឹងលោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡានៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨។
លិខិតដដែលបញ្ជាក់ថា សមាគមគ្រោងនឹងស្វែងរកការពន្យល់បន្ថែមទៀត ពីក្រសួងអប់រំជុំវិញការលុបឈ្មោះនេះ ដោយសមាគមនេះអះអាងថា ការពន្យល់របស់ក្រសួងអប់រំតាមរយៈសារព័ត៌មាន គឺខុសពីការយល់ឃើញរបស់សមាគម។
រដ្ឋមន្រ្តីក្រសួងអប់រំ លោក ហង់ ជួន ណារ៉ុន កាលពីកន្លងទៅ
ទីប្រឹក្សាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោករ៉ុង ឈុន បកស្រាយថាគ្រូបង្រៀនក្នុងក្របខណ្ឌចំនួន១៣នាក់ ដែលបង្រៀននៅកម្រិត និងខេត្តផ្សេងៗគ្នាត្រូវបានក្រសួងលុបឈ្មោះចេញដោយមិនបានប្រាប់ពីហេតុផលច្បាស់លាស់។ លោកពន្យល់ថាបើតាមនីតិវិធី មុននឹងលុបឈ្មោះបុគ្គលិកក្រោមឧវាទណាមួយ ក្រសួងត្រូវតែកោះហៅបុគ្គលិកទាំងនោះទៅសាកសួរថាចង់បន្តការងារ ឬបោះបង់ការងារចោលជាមុនសិន។
លោករ៉ុង ឈុនមានប្រសាសន៍ថា៖ «ក្រសួងអះអាងថាគ្រូបង្រៀនទាំងអស់ហ្នឹងអវត្តមាន មិនបានទៅបម្រើការងារ តែខាងសមាគមយល់ឃើញថាការអះអាង ការចោទប្រកាន់របស់ក្រសួងអប់រំហ្នឹងវាខុសពីការពិត ពីព្រោះគ្រូបង្រៀនគាត់ទើបតែដាក់ពាក្យសុំចូលបម្រើការងារនៅអង្គភាពដើមវិញ បែជាក្រសួងអប់រំចោទប្រកាន់ថាគ្រូបង្រៀនអវត្តមាន។»
VODព្យាយាមទាក់ទងទៅរដ្ឋមន្ដ្រីក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន ព្រមទាំងអ្នកនាំពាក្យក្រសួងអប់រំលោក រស់ សាលីនផងដែរ តែពុំមានការឆ្លើយតប។
បើតាមលោក រ៉ុង ឈុន អ្នកដែលត្រូវបានលុបឈ្មោះទាំង១៣ ព្រមទាំងរូបលោកផងដែរ ធ្លាប់ជាសមាជិកគណកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាឃុំ សង្កាត់ មកពីគណបក្សសង្គ្រោះជាតិ៕