ករណីសញ្ញាបត្ររបស់និស្សិតវេជ្ជបណ្ឌិតខ្មែរ សិក្សាមកពីប្រទេសវៀតណាម ត្រូវបានដោះស្រាយបញ្ចប់តាមរយៈ Facebook របស់សម្តេចតេជោ ហ៊ុន សែន

1591 Views
May 5, 2018

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨នេះ និស្សិតវេជ្ជបណ្ឌិត ដែលទើបបញ្ចប់ការសិក្សាពីប្រទេសវៀតណាម មានឈ្មោះនៅលើ Facebook ថា CH Vandara បានសំណូមពរដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជួយដោះស្រាយបញ្ហាសញ្ញាបត្ររបស់ខ្លួនដែលទទួលបានពីប្រទេសវៀតណាម បែរជាក្រសួងសុខាភិបាលមិនទទួលស្គាល់។

និស្សិតវេជ្ជបណ្ឌិត បានសរសេររៀបរាប់ជូនសម្តេចតេជោ ហ៊ុន សែន នៅលើ Facebook ជាមួយខ្លឹមសារថា៖

ក្មួយៗសូមជម្រាបជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតពីបញ្ហាសមមូលសញ្ញាបត្រ វេជ្ជបណ្ឌិតទូទៅរបស់ក្មួយៗជានិស្សិតអាហារូបករណ៍ មកពីសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលក្រសួងសុខាភិបាលកម្ពុជាកំពុងមានការយល់ច្រឡំដូចខាងក្រោម៖

ទី១៖ សញ្ញាបត្រវេជ្ជបណ្ឌិតទូទៅរបស់ក្មួយៗត្រូវបានទទួលស្ដាល់យ៉ាងពេញលេញដោយក្រសួងអប់រំ យុវជន និង កីឡាកម្ពុជាថា ពិតជាសញ្ញាបត្រវេជ្ជបណ្ឌិតទូទៅ មកពីសាធារណរដ្ឋសង្គមនិយមវៀតណាមពិតប្រាកដមែន បានចុះហត្ថលេខា និងត្រា ឯកឧត្តមរដ្ឋមន្រ្តី ហង់ ជួនណារ៉ុន។

ទី២៖ ក្រសួងសុខាភិបាលកម្ពុជាកំពុងយល់ច្រឡំថា ក្មួយៗមិនទាន់បានចុះកម្មសិក្សាអន្តេវាសិក ទើបមិនព្រមទទួលស្គាល់តម្លៃសញ្ញាបត្ររបស់ក្មួយៗឲ្យស្មើទៅនឹង សញ្ញាបត្រវេជ្ជបណ្ឌិតទូទៅនៅក្នុងស្រុក តែធាតុពិតគឺក្មួយៗបានចុះកម្មសិក្សាអន្តេវាសិករួចរាល់អស់ហើយ ទើបសាកលវិទ្យាល័យអនុញ្ញាតឲ្យប្រឡងចេញ និងផ្តល់សញ្ញាបត្រ វេជ្ជបណ្ឌិតទូទៅនៅពេលក្មួយៗប្រឡងចេញជាប់ (ដូចមានភ្ជាប់ក្នុងសញ្ញាបត្រវេជ្ជបណ្ឌិតទូទៅ និង ប្រតិបត្តិពិន្ទុដែលក្មួយៗបានដាក់ជូន គណៈកម្មការអន្តរក្រសួងស្រាប់)។

ទី៣៖ ក្រសួងសុខាភិបាលកម្ពុជា កំពុងយល់ច្រឡំពីច្បាប់ការងារនៅប្រទេសវៀតណាម ដែលច្បាប់នោះគេចែងថាវេជ្ជបណ្ឌិតទូទៅដែលទើបចេញ គឺមានសិទ្ធិពិនិត្យព្យាបាល និង ធ្វើការជាវេជ្ជបណ្ឌិតទូទៅនៅតាមមន្ទីរពេទ្យរដ្ឋ និងគ្លីនិកឯកជន មានប្រាក់បៀវត្សរ៍ត្រឹមត្រូវ គឺមិនមែនជាការចុះកម្មសិក្សាអន្តេវាសិកដើម្បីយកសញ្ញាបត្រវេជ្ជបណ្ឌិតទូទៅ ដូចដែលក្រសួងសុខាភិបាលកម្ពុជាកំពុងមានការភាន់ច្រឡំនោះទេ។ ហើយលើសពីនេះទៅទៀត ច្បាប់ការងារនៅវៀតណាមនោះ គេបានចែងច្បាស់ណាស់ថា សុពលភាពនៃច្បាប់គឺអនុវត្តនៅលើតែបូរណភាពទឹកដីរបស់ប្រទេសវៀតណាមតែប៉ុណ្ណោះ ចំណែកក្មួយៗមានឈាមជ័រជាខ្មែរ ជាប់អាហារូបករណ៍តំណាងប្រទេសកម្ពុជា ទៅសិក្សានៅស្រុកគេ ហើយឥឡូវនេះត្រឡប់មកបម្រើជាតិមាតុភូមិកម្ពុជារបស់ខ្លួនវិញ តែបែរជាមានការភាន់ច្រឡំ និងដាក់សម្ពាធបែបនេះទៅវិញ គឺធ្វើអោយក្មួយៗមានការ បាក់ទឹកចិត្ត និងអស់សង្ឃឹមខ្លាំងណាស់។

ដូចអ្វីដែលក្មួយៗបានសង្ខេបជូន ពីបញ្ហាដូចខាងលើ សង្ឃឹមថាសម្តេច និងសាធារណជន បានជ្រាបច្បាស់ពីធាតុពិតនៃបញ្ហាសមមូលសញ្ញាបត្រវេជ្ជបណ្ឌិតទូទៅរបស់ក្មួយៗ! ក្មួយៗសង្ឃឹមយ៉ាងមុតមាំថា សម្តេចអាចជួយរកយុត្តិធម៌ជូនក្មួយៗ! សូមសម្តេចមេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីសំណាក់ក្មួយៗផងចុះ!

សំណូមពររបស់និស្សិតវេជ្ជបណ្ឌិតខាងលើនេះត្រូវបាន សម្តេចតេជោ ហ៊ុន សែន ឆ្លើយតបតាមរយៈ Comment នៅលើ Facebook វិញថា «ពូបានឲ្យឯកឧត្តម ម៉ម ប៊ុនហេងរដ្ឋមន្ត្រី ក្រសួងសុខាភិបាលប្រជុំរកដំណោះស្រាយបន្ទាន់។ សម្រាប់ពូមិនមានបញ្ហាទេលើការទទួលស្គាល់កំរិតវេជ្ជបណ្ឌិតដូចគ្នា ឲ្យតែខាងសាលាវៀតណាមផ្តល់ សញ្ញាបត្រវេជ្ជបណ្ឌិតត្រឹមត្រូវ។ តែយ៉ាងណាពូត្រូវស្តាប់ប្រធានស្ថាប័នឆ្លើយតបជាមួយពូសិនថា មូលហេតុអ្វីបានជាទទួលយកមិនបាន? តើមកពីកម្ពុជារៀន៨ឆ្នាំ ឯវៀតណាមរៀនតែ៦ឆ្នាំ ទើបទទួលមិនបាន។ ប្រសិនបើនេះជាមូលហេតុពូបានពន្យល់ឯកឧត្តម ម៉ម ប៊ុនហេង ហើយ។ ៨ឆ្នាំពេលរៀនតិចតែ៦ឆ្នាំពេលរៀនច្រើនសរុប ទៅដូចគ្នាទេ»

រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង ក៏បានឆ្លើយតបចំពោះបញ្ហានេះថា «ខ្ញុំបាទសូមគោរពជំរាបជូនសម្ដេចដោយគោរពដ៏ខ្ពង់ខ្ពស់ថា ករណីនិស្សិតវេជ្ជបណ្ឌិត មកពីវៀតណាម ក្រសួងពុំយល់ទាស់ក្នុងករណីអ្នកទាំងនោះមានសញ្ញបត្រត្រឹមត្រូវ។ ម៉ម ប៊ុនហេង»

ជាចុងបញ្ចាប់ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «កង្វល់របស់ក្មួយៗត្រូវបានដោះស្រាយទាំងអ្នករៀនចប់ ទាំងអ្នក កំពុងរៀន។ ក្មួយៗដែលរៀនចប់ ហើយត្រូវចំណេះវិជ្ជា មកបំរើប្រជាជន និងខិតខំបង្កើនសមត្ថភាពបន្ថែមទៀត។ សម្រាប់ក្មួយៗមិនទាន់រៀនចប់ត្រូវរៀនឲ្យចប់ និងឲ្យចេះពិតប្រាកដ។ ជូនពរក្មួយៗជួបតែសេចក្តីសុខ។ Facebook របស់ពូសម្រាប់ដោះស្រាយការងារនិងស្តាប់សំណូមពរប្រជាជន ដូចករណីយក្មួយៗនេះស្រាប់»

 

 

 

 

 

 

ប្រភព៖ http://www.freshnewsasia.com/index.php/en/localnews/85958-2018-05-04-13-06-00.html

 

Facebook Comment

Related Articles