ថ្នាក់ដឹកនាំ OCA ជឿជាក់កម្ពុជា មានលទ្ធភាពរៀបចំព្រឹត្តិការណ៍កីឡាធំៗ លើសពីស៊ីហ្គេម

662 Views
May 7, 2018

(ភ្នំពេញ)៖ លោក Haider Farman នាយកកីឡានៃក្រុមប្រឹក្សាអូឡាំពិកប្រចាំតំបន់(OCA) បានសម្ដែងការភ្ញាក់ផ្អើលជាខ្លាំង ចំពោះភាពរីកចម្រើនលើគ្រប់វិស័យក្នុងប្រទេសកម្ពុជា រួមទាំងវិស័យកីឡាផងដែរ ។ តាមរយៈការភ្ញាក់ផ្អើល និងកោតសរសើរនេះ លោកបានបង្ហាញក្ដីរំពឹងពោរពេញដោយភាពជឿជាក់ថា កម្ពុជានឹងមានលទ្ធភាពខ្ពស់ក្នុងការរៀបចំព្រឹត្តិការណ៍កីឡាធំៗ ផ្សេងទៀត មិនត្រឹមតែការត្រៀមធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ប៉ុណ្ណោះទេ ។

 

 

ការបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ ចំពោះកម្ពុជាដូច្នេះ បានធ្វើឡើងក្នុងវេទិកាអូឡាំពិកតំបន់ «OS/OCA Regional Forum 2018» នៅលើទឹកដីកម្ពុជា សម្រាប់ថ្ងៃដំបូង នាថ្ងៃទី០៦ ខែឧសភានេះ។ លោក Haider Farman និយាយថា «កម្ពុជាពិតជារីកចម្រើនលឿនណាស់។ ខ្ញុំធ្លាប់មកកម្ពុជា ៣លើកមកហើយ តែលើកនេះ ខ្ញុំពិតជាភ្ញាក់ផ្អើល ព្រោះភាពរីកចម្រើនដ៏ឆាប់រហ័សរបស់កម្ពុជា ទាំងផ្នែកសេដ្ឋកិច្ច ទេសចរណ៍ និងផ្នែកផ្សេងៗទៀត ពិសេសវិស័យកីឡា ដែលមានការរីកដុះដាល ដោយមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន ដែលនឹងជំរុញកម្ពុជាឲ្យមានការរីកចម្រើនយ៉ាងពិតប្រាកដ»។

 

 

លោកបន្ដថា ការប្រឹងប្រែងរបស់កម្ពុជាពេលនេះ សបញ្ជាក់ឲ្យឃើញពីការត្រៀមខ្លួនបានយ៉ាងល្អ ដើម្បីត្រៀមធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកដំបូង តែបូករួមទាំងការអភិវឌ្ឍន៍ និងរីកចម្រើនលើគ្រប់វិស័យ កម្ពុជាក៏អាចរៀបចំព្រឹត្តិការណ៍កីឡាធំៗជាងនេះបានដែរ ។ «ខ្ញុំសង្ឃឹមថា កម្ពុជាមានលទ្ធភាពរៀបចំព្រឹត្តិការណ៍កីឡាធំៗ មិនត្រឹមតែកីឡាស៊ីហ្គេមទេ ព្រោះចលនាអូឡាំពិក និងការចូលរួមរបស់យុវជនបច្ចុប្បន្ន មានសន្ទុះខ្លាំង ដែលជាកម្លាំងមួយដ៏ល្អ សម្រាប់វិស័យកីឡា ។ ក្នុងនាមចលនាអូឡាំពិកក្នុងតំបន់អាស៊ី ខ្ញុំសូមសហការ និងឧបត្ថម្ភគាំទ្រជានិច្ចក្នុងដំណើរការវិវិត្តន៍របស់កម្ពុជា» ។

 

 

លើសពីនេះ លោក Olivier Niamkey នាយកអង្គការសាមគ្គីអូឡាំពិកប្រចាំតំបន់ នៃគណៈកម្មាធិការជាតិអូឡាំពិកអន្ដរជាតិ ដែលបានចូលរួមក្នុងវេទិកាអូឡាំពិតំបន់ ដែលកម្ពុជាទទួលបានធ្វើម្ចាស់ផ្ទះជាលើកទី២ ក៏បានចាប់អារម្មណ៍ ចំពោះភាពរីកចម្រើននៃរាជធានីភ្នំពេញ ជាមួយនឹងសង់អាគារខ្ពស់ៗ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ នៅក្នុងរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

 

 

គួរបញ្ជាក់ថា វេទិកាអូឡាំពិកតំបន់នេះ គឺរៀបចំរយៈពេល ២ថ្ងៃ នៅថ្ងៃទី០៦-០៧ ខែឧសភា នៅសណ្ឋាគាសុខា ដោយលើកយកប្រធានបទសំខាន់ៗជាច្រើនមកជជែកពិភាក្សា ដើម្បីផ្លាស់ប្ដូរមតិយោបល់ និងចែករំលែកបទពិសោធន៍ ពិសេសការធ្វើបទបង្ហាញរបស់ក្រុមអ្នកជំនាញរៀបចំព្រឹត្តិការណ៍ធំៗចំនួន ៣ រួមមានការប្រកួតកីឡាអាស៊ី ឆ្នាំ២០១៨ នៅឥណ្ឌូនេស៊ី, ការប្រកួតកីឡាអូឡាំពិកយុវជន ឆ្នាំ២០១៨ នៅអាហ្សង់ទីន និងការប្រកួតកីឡាអូឡាំពិក ទីក្រុងតូក្យ ឆ្នាំ២០២០ នៅជប៉ុន ដែលសុទ្ធតែជាបទពិសោធន៍ដ៏ល្អ ដែលកម្ពុជាត្រូវចាប់យកសម្រាប់ត្រៀមរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣៕

 

 

 

 

 

 

 

 

ប្រភព៖ http://www.freshnewsasia.com/index.php/en/localnews/86134-2018-05-06-17-03-51.html

 

Facebook Comment

Related Articles