ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ គ្រោងចុះ MoU ជាមួយប្រទេសថៃ, កូរ៉េខាងត្បូង, និងចិន ដើម្បីពង្រឹងគុណភាពអប់រំ

1070 Views
May 9, 2018

(ភ្នំពេញ)៖ សាកលវិទ្យាល័យចំណាស់នៅកម្ពុជា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ គ្រោងចុះអនុស្សារណៈនៃការយោគយល់គ្នា (MoU) ជាមួយប្រទេសថៃ, កូរ៉េខាងត្បូង, និងចិន នៅពេលខាងមុខនេះ ដើម្បីពង្រឹងវិស័យអប់រំបន្ថែមទៀត។

 

 

កន្លងមក សាកលវិទ្យាល័យចំណាស់នៅកម្ពុជាមួយនេះ ក៏បញ្ចូន សមណសិស្ស- និស្សិត ទៅសិក្សា នៅប្រទេសស្រីលង្កា ប្រទេសថៃ ឥណ្ឌាផងដែរ។ នេះបើយោងតាមព្រះថេរដីការបស់ ព្រះធម្មឃោសាចារ្យបណ្ឌិត ឃី សុវណ្ណរតនា ព្រះសាកលវិទ្យាធិការរងទទួលបន្ទុកដឹកនាំ គ្រប់គ្រងពុទ្ឋិកសាកលវិទ្យាល័យព្រះសីហនុរាជ មានសង្ឃដីកា នៅក្នុងពិធីបើកសវនកាលឆ្នាំសិក្សា២០១៨-២០១៩ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ។

 

 

ពិធីបើកសវនកាលឆ្នាំសិក្សា២០១៨-២០១៩ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ រៀបចំឡើងនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨ ក្រោមអធិបតីភាព សម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា ព្រះអគាធិការរងនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងថ្នាក់ដឹកនាំ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជជាច្រើនអង្គ និងនាក់ ព្រមទាំងសមណសិស្ស-និស្សិតជាង៤០០អង្គ និងនាក់ នៅសាលទីស្តីការក្រសួងធម្មការ និងសាសនា។

 

 

ព្រះធម្មឃោសាចារ្យបណ្ឌិត ឃី សុវណ្ណរតនា ព្រះសាកលវិទ្យាធិការរងទទួលបន្ទុកដឹកនាំ គ្រប់គ្រងពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ មានព្រះថេរដីកាថា ដើម្បីពង្រឹងវិស័យអប់រំនៅកម្ពុជា ឲ្យកាន់តែរីកចម្រើនទៅមុខ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ គ្រោងនឹងចុះ អនុស្សារណៈនៃការយោគយល់គ្នា ជាមួយសាកលវិទ្យាល័យធំៗចំនួន៣ នៅប្រទេសថៃ,ប្រទេសកូរ៉េ,ប្រទេសចិន។

 

 

ព្រះសាកលវិទ្យាធិការរងនៃពទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ មានព្រះសង្ឃដីកាថា ការចុះអនុស្សារណៈនៃការយោគយល់គ្នានេះ មានសារសំខាន់ណាស់ គឺអាចមានទំនាក់ទំនងល្អជាមួយគ្រឹះស្ថានសិក្សានានាទាំងខាងក្នុង និងក្រៅប្រទេស លើវិស័យអប់រំ, ការផ្លាស់ប្តូរ បទពិសោធន៍នឹងគ្នាទៅវិញទៅមក ផ្លាស់ប្តូរការសិក្សារវាងនិស្សិតខ្មែរ និងនិស្សិតបរទេស ដោយមិនមានការរៀនបន្ថែម និងត្រួតពិនិត្យច្រើន, ការផ្លាស់ប្តូរនូវវប្បធម៌ និងចំណេះដឹង បច្ចេកវិទ្យាទំនើបៗ ពីគ្រឹះស្ថានសិក្សា។

 

 

បន្ថែមពីលើនេះ ព្រះធម្មឃោសាចារ្យបណ្ឌិត ឃី សុវណ្ណរតនា មានព្រះថេរដីកាឲ្យដឹងថា ក្នុងរយៈពេលចុងក្រោយនេះ ចំនួនសមណសិស្ស-និស្សិត ទាំង២ភេទ ដែលសិក្សានៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ មានការកើនឡើងច្រើនជាងឆ្នាំមុនៗ។

 

 

មូលហេតុដែលធ្វើឲ្យសាកលវិទ្យាល័យមួយនេះ មានសមណសិស្ស-និស្សិតសិក្សាច្រើន ជាបន្តបន្ទាប់ គឺដោយសារតែ សាកលវិទ្យាល័យនេះ បានជាប់ជាសាកលវិទ្យាល័យមានវ័យចំណាស់ជាងគេ និងមានកិត្យានុភាព,គុណភាពក្នុងការបណ្តុះបណ្តាល,មានស្តង់ដារសិក្សាមួយត្រឹមត្រូវ ដែលអាចធ្វើឲ្យសមណសិស្ស-និស្សិតមានការជឿទុកចិត្ត។ បន្ថែមពីលើនេះទៅទៀត សមណសិស្ស-និស្សិត ដែលបានបញ្ចប់ការសិក្សា នៅទីនេះក៏បានជួយ ផ្សព្វផ្សាយ ទៅដល់ប្អូនជានិស្សិតជំនាន់ក្រោយផងដែរ។

 

 

ក្រោយបញ្ចប់ការសិក្សាឃើញថា សមណសិស្ស-និស្សិត គឺមានសមត្ថភាពពិតប្រាកដ មានចំណេះដឹង និងការងារសមរម្យ។ បន្ថែមពីលើនេះ មុខវិជ្ជាឯកទេស ក៏មានការប្រកាន់ខ្ជាប់នូវសីលធម៌ តាមបែបព្រះពុទ្ធសាសនា និងអាកប្បកិរិយាល្អ ដើម្បីរស់នៅក្នុងសង្គមជាតិ។

 

 

សាកលវិទ្យាល័យព្រះសីហនុរាជ ជាគ្រឹះស្ថានឧត្តមសិក្សារបស់រដ្ឋ ដែលតាមគោលការណ៍របស់គណៈសង្ឃនាយក និងអាគារធិការដ្ឋាន ក្រុមប្រឹក្សាជាតិ របស់រាជរាជរដ្ឋាភិបាល សម្រាប់ការបណ្តុះបណ្តាលនេះ មិនគិតថ្លៃបង់សាលាពី សិស្ស និស្សិតនោះទេ។

 

 

ប៉ុន្តែការមិនយកថ្លៃសិក្សាពីនិស្សិតនេះ មិនមែនមានន័យថា ការសិក្សាអប់រំអន់ ខ្វះស្តង់ដារនោះទេ គឺថ្នាក់ដឹកនាំ និងសាស្រ្តាចារ្យទាំងអស់ សុទ្ធតែគោរពនូវគោលការណ៍បង្រៀនត្រឹមត្រូវ។

 

 

ជាមួយគ្នានោះ ព្រះធម្មឃោសាចារ្យបណ្ឌិត ឃី សុវណ្ណរតនា ក៏មានព្រះថេរដីកា អំពាវនាវឲ្យគ្រប់គ្រឹះស្ថានឧត្តមសិក្សាទាំងអស់ យកចិត្តទុកដាក់ និងប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះការប្រើប្រាស់ភាសាខ្មែរឲ្យបានត្រឹមត្រូវ ជាពិសេសការសរសេរពាក្យ នៅតាមបដា ដាក់តាំងបង្ហាញ ជាសាធារណៈពីព្រោះថា ការសរសេរដាក់បង្ហាញជាសាធារណៈនេះ មានមហាជនរាប់ម៉ឺន រាប់លាននាក់ បានឃើញ និងអាចយកគំរូតាម និងអាចយកទៅប្រើប្រាស់ជាបន្តបន្ទាប់៕

 

 

 

 

 

 

 

 

 

 

 

ប្រភព៖ http://www.freshnewsasia.com/index.php/en/localnews/86358-2018-05-08-12-42-43.html

 

Facebook Comment

Related Articles