កម្ពុជា​បង្ហាញ​ពី​សក្តានុពល ​នៃពហុកីឡាដ្ឋាន​​មរតក​តេជោ និងកីឡានៃសុបិន្ត ជូនដល់​​តំណាង​​ក្រុមប្រឹក្សា​​កីឡា​​ថ្នាក់​តំបន់

1166 Views
May 10, 2018

(ភ្នំពេញ)៖ មហិច្ឆតា និងកីឡាក្នុងក្តីសុបិន្តទាំងឡាយរបស់​កម្ពុជា ត្រូវបានយកទៅ​ចាក់បញ្ចាំងជូនតំណាង​ចូលរួមនានា នៅក្នុងក្រុមប្រឹក្សា​​កីឡា​អូឡាំពិក/សាមគ្គី​អូឡាំពិក របស់វេទិកាថ្នាក់តំបន់អាស៊ី កាលពីរសៀលថ្ងៃចន្ទសប្តាហ៍នេះ។ បន្ទាប់ពីការបិទជាផ្លូវការ​នូវ​វេទិកាដែលមានរយៈពេល០២ថ្ងៃនោះ តំណាងទាំងឡាយនៃគណៈកម្មាធិការ​កីឡាអូឡាំពិកជាតិមកពីប្រទេស អាស៊ីខាងត្បូង, អាស៊ីអាគ្នេយ៍ និងអាស៊ីបូព៌ា ក៏ដូចជាក្រុមសាមគ្គីអូឡាំពិករបស់ ICO និង OCA បានរួមគ្នាធ្វើការ​ទស្សនានៅក្នុង​ទីតាំងពហុកីឡាដ្ឋាន​ជាតិ​មរតកតេជោ ដែលស្ថិតនៅជាយ​រាជធានីភ្នំពេញ​ផងដែរ។ នេះបើតាមការ​ដកស្រង់ព័ត៌មានពីគេហទំព័រ ក្រុមប្រឹក្សាអូឡាំពិកអាស៊ី (Olympic Council Of Asia) នៅល្ងាចថ្ងៃពុធ ទី០៩ ខែឧសភា ឆ្នាំ២០១៨។

 

 

ជាមួយនឹងការ​លេងកីឡា កំពុងមានការកើនឡើងនូវ​សក្តានុពលខ្លាំង​ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបាន​គាំទ្រដោយ​សម្តេចតេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ រាជរដ្ឋាភិបាល​កម្ពុជា និង NOCC ដែលដឹកនាំ​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍​លោក ថោង ខុន បាននិងកំពុងផ្តោតការយក​ចិត្តទុកដាក់​ជាចម្បង​ ទៅលើព្រឹត្តិការណ៍​នៅឆ្នាំ២០២៣ ដែលកម្ពុជា​នឹងធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួត​កីឡាស៊ីហ្គេម SEA Games ជាលើក​ដំបូង​បំផុត។

កីឡាស៊ីហ្គេម ដែលត្រូវ​បានចាប់ផ្តើមឡើងតាំងពី​ឆ្នាំ១៩៥៩ គឺមានការ​ចូលរួមពី NOCs មកពីប្រទេស​ចំនួន១១ និងក្រុមអត្តពលិក​សរុបរាប់​ពាន់នាក់។ ដូច្នេះដើម្បី​ផ្តល់​ឲ្យពួកគេ​នូវទីតាំងប្រកួត​ទំនើបៗ​នោះ ពហុកីឡាដ្ឋាន​មរតកតេជោ នឹងមាននូវកីឡាដ្ឋានដ៏ធំ, អាង​ហែលទឹក, ភូមិដ្ឋានស្នាក់​នៅនៃ​អត្តពលិក, ទីលានបាញ់​កាំភ្លើង, តារាង​វាយតិន្នីស, ទីលានវាយ​កូនហ្គោល និងមជ្ឈមណ្ឌលថែទាំង​សុខភាព ព្រមទាំងកីឡា បូករួមទាំងការផ្តល់​សេវាកម្មផ្សេងៗ​ និងទីតាំងជាច្រើន​បន្ថែមទៀត។

 

 

គួរបញ្ជាក់ថា តំណាងទាំងឡាយ​ដែលចូលក្នុងវេទិកាថ្នាក់​តំបន់ បានធ្វើទស្សនកិច្ច​នៅមជ្ឈមណ្ឌល​កីឡា​ហែលទឹក ដែលទើបត្រូវបានកសាងរួចរាល់ ក៏ដូចជាទីស្នាក់​ការកណ្តាលនៃ​ពហុកីឡាដ្ឋាន ដូចដែល​ត្រូវបាន​បង្ហាញ​តាម​រយៈគំរោង និងការរចនា​ចាក់ផ្សាយ​តាមរយៈវីដេអូ​ស្ប៉តនោះផងដែរ។ ពហុកីឡាដ្ឋាន​ដ៏សំខាន់នេះ ត្រូវបានឧបត្ថម្ភ​គាំទ្រដោយសាធារណរដ្ឋ​ប្រជាមានិតចិន ដែលនឹងត្រូវ​បញ្ចប់ការសាង​សង់​ជាស្ថាពរនៅ​ឆ្នាំ២០២០ ហើយបើគិត​ទៅគឺ ០៣ឆ្នាំ មុនការប្រកួត​កីឡាស៊ីហ្គេម​ចូលមក​ដល់៕

 

ប្រភព៖ http://www.freshnewsasia.com/index.php/en/localnews/86486-2018-05-09-13-20-34.html

 

Facebook Comment

Related Articles