ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងក្រសួងផែនការ ប្រកាសដាក់ឱ្យប្រើប្រាស់ស្លាកសញ្ញាជាតិ សម្គាល់អំបិល ដែលមានបញ្ចូលជាតិអ៊ីយ៉ូត

66 Views
May 12, 2018

(ភ្នំពេញ)៖ សិក្ខាសាលាផ្សព្វផ្សាយប្រកាសរួមស្តីពី «ការដាក់ឲ្យប្រើប្រាស់ស្លាកសញ្ញាជាតិ សម្គាល់អំបិលដែលមានបញ្ចូលជាតិអុីយ៉ូត» ត្រូវបានប្រារព្វធ្វើនៅថ្ងៃសុក្រទី១២រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ ក្រោមអធិបតីភាព លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេស រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម នៅទីស្តីការក្រសួងឧស្សាហកម្ម និងសិប្បកម្ម។

 

 

បន្ទាប់ពីលោកស្រី Debora Comini ប្រធានអង្គការ UNICEF ប្រចាំកម្ពុជា និងលោក ប៉ាន ប៊ុនធឿន រដ្ឋលេខាធិការក្រសួងផែនការ បានមានមតិស្វាគមន៍ និងធ្វើបទអន្តរាគមន៍រួចមក លោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានលើកឡើងពីសារៈសំខាន់នៃសារធាតុអំបិលដែលមនុស្សទូទាំងពិភពលោកមិនអាចខ្វះបានក្នុងជីវិតប្រចាំថ្ងៃ។ ក្នុងនោះអំបិលដែលមានបញ្ចូលជាតិអុីយ៉ូតចាត់ទុកជាអាហារូបត្ថម្ភ មានអត្ថប្រយោជន៍ខ្លាំងដល់ការរីកលូតលាស់នៃខួរក្បាលរបស់កុមារ។

 

 

លោកកិត្តិសេដ្ឋាបណ្ដិត ទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា «បន្ទាប់ពីប្រកាសរួមរវាងក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងក្រសួងផែនការ នេះចេញជាផ្លូវការរួចមក ការអនុវត្តគឺត្រូវធ្វើជាចាំបាច់ បើយើងមិនធ្វើហាក់បីដូចជាយើងសម្លាប់ខួរក្បាលក្មេងជំនាន់ក្រោយដូច្នេះដែរ»។ លោកកិត្តិសេដ្ឋាបណ្ឌិត បានណែនាំឲ្យម្ចាស់ផលិតកម្មទាំងអស់ត្រូវកែលម្អសង្វាក់ផលិតកម្មរបស់ខ្លួនជាបណ្តើរៗចាប់ពីពេលនេះតទៅ រហូតដល់ដំណាច់ឆ្នាំ២០១៨នេះ។ បើម្ចាស់ផលិតកម្មណាមិនអនុវត្តតាមប្រកាសរួម នឹងមានវិធានការតាមផ្លូវច្បាប់ រហូតដល់ការបិទសិប្បកម្ម ជាបណ្តោះអាសន្នទៀតផង។

 

 

ទោះជាយ៉ាងណា លោកកិត្តិសេដ្ឋាបណ្ឌិត បានបញ្ជាក់ថា ការផលិតអំបិលគឺជារបរតំណ ដូនតាខ្មែរ គឺយើងត្រូវរួមគ្នាថែរក្សាកុំឲ្យបាត់បង់។ ម៉្យាងក៏ដើម្បីភាពម្ចាស់ការ នៃទីផ្សារអំបិលសម្រាប់ប្រទេសយើង។ កត្តានេះយើងត្រូវមានយន្តការដើម្បីជ្រោមជ្រែង ដោយលោកបានបញ្ជាក់ថា នឹងពិនិត្យឡើងវិញពីការបន្ធូរបន្ថយពន្ធ និងការទទួលបានហិរញ្ញប្បទានសម្រាប់ម្ចាស់ផលិតកម្មអំបិល។

 

 

លោកកិត្តិសេដ្ឋាបណ្ឌិត បានអំពាវនាវដល់អង្គការពាក់ព័ន្ធ ជាពិសេសអង្គការ UNICEF បន្តជួយផ្នែកបច្ចេកទេស និងបើអាចជួយជាម៉ាសុីនលាយជាតិអុីយ៉ូតដល់ម្ចាស់ផលិតកម្មអំបិលទាំង៥២ មូលដ្ឋាន ដែលមានវត្តមាននាថ្ងៃនេះ គឺជាការប្រសើរ ដើម្បីឲ្យដំណើរការអនុវត្តនេះទទួលបាននូវលទ្ធផលតាមការរំពឹងទុក។

 

 

បើតាមការថ្លែងរបស់លោកស្រី ប្រធានអង្គការ UNICEF ប្រចាំកម្ពុជា បានបញ្ជាក់ថា នៅប្រទេសកម្ពុជា ការបញ្ចូលជាតិអុីយ៉ូត ក្នុងអំបិលត្រូវបានកំណត់ដោយច្បាប់តាំងពីឆ្នាំ ២០០៣មកម្លេះ។ បន្ទាប់ពីអំបិលអុីយ៉ូត ត្រូវបានគេស្គាល់នោះ យើងក៏បានមើលឃើញថា នៅប៉ុន្មានឆ្នាំកន្លងទៅនេះ គេនៅតែឃើញមានអំបិលគ្មានអុីយ៉ូតមួយចំនួននៅតែមានវត្តមាននៅលើទីផ្សារកម្ពុជានៅឡើយ។ ស្ថានភាពនេះធ្វើឲ្យមានហានិភ័យធ្ងន់ធ្ងរដល់សុខភាព និងការវិវឌ្ឍន៍របស់កុមារ។ បើគ្មានការប្រតិបត្តិច្បាប់តឹងរឹងទៅលើការបញ្ចូលជាតិអុីយ៉ូតទេ នោះកុមាររាប់លាននាក់មានហានិភ័យនៃការបាត់បង់ភាពវ័យឆ្លាតដល់១៤ ពិន្ទុ ធ្វើឲ្យអន្តរាយដល់កិច្ចខំប្រឹងប្រែងរបស់ប្រព័ន្ធអប់រំក្នុងការកែលំអ ការចូលរៀន និងគុណភាពរៀនសូត្រ។

 

 

ដោយឡែក លោក ប៉ាន ប៊ុនធឿន រដ្ឋលេខាធិការក្រសួងផែនការ បានបញ្ជាក់ថា កង្វះអាហារូបត្ថម្ភ គឺបណ្តាលមកពីបច្ច័យមួយចំនួន រួមមាន៖ របបអាហារមិនគ្រប់គ្រាន់ របៀបចិញ្ចឹមកូនមិនបានត្រឹមត្រូវ កង្វះអនាម័យ និងកង្វះការថែទាំសុខភាព។ល។ ដូច្នេះបញ្ហាកង្វះអាហារូបត្ថម្ភគឺជាលទ្ធផលនៃកិច្ចដំណើរការសង្គម និងជីវសាស្ត្រជាច្រើន គឺពុំមានមូលហេតុចម្បងណាមួយ ដែលអាចធ្វើការដោះស្រាយតាមរយៈសកម្មភាពតែមួយបានឡើយ។ កង្វះជាតិអុីយ៉ូត ជីវជាតិដែក និងជីវជាតិ A គឺជារូបភាពចម្បងៗ នៃ បញ្ហាកង្វះអាហាររូបត្ថម្ភ។ កង្វះជាតិអុីយ៉ូត បានធ្វើឲ្យការលូតលាស់ផ្នែកស្មារតីមានការយឺតយ៉ាវ ការថយចុះនូវភាពធន់ទៅនឹងជំងឺឆ្លង និងក៏ជាកត្តារួមចំណែកបង្កឲ្យមានមរណៈភាពមាតា និងកុមារផងដែរ។

 

 

ជាចុងក្រោយលោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានណែនាំដល់មន្ទីរឧស្សាហកម្ម និងសិប្បកម្ម ទាំង២៥ រាជធានី ខេត្ត ដែលបានចូលរួមនាថ្ងៃនេះ ធ្វើការគ្រប់គ្រងតាមដានឲ្យបានហ្មត់ចត់ការងារផលិតអំបិល និងសិប្បកម្មអំបិលទាំងអស់ ហើយត្រូវតែអនុវត្តបទបញ្ញត្តិពាក់ព័ន្ធទាំងឡាយដែលមានស្រាប់ ជាពិសេសសេចក្តីប្រកាសរួមនាថ្ងៃនេះ និងគួរស្វែងយល់ថា ផលិតផលមានគុណភាពខ្ពស់ ការបញ្ចូលម្សៅអុីយ៉ូតតែមួយមុខមិនគ្រប់គ្រាន់ទេ ចាំបាច់ត្រូវមានគ្រឿងបរិក្ខាត្រឹមត្រូវ និងផលិត មានអនាម័យស្របតាមស្តង់ដារ ផងដែរ៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ប្រភពៈ http://www.freshnewsasia.com/index.php/en/localnews/86698-2018-05-12-01-25-05.html

 

Facebook Comment

Related Articles