អគ្គនាយកស៊ីម៉ាក់ ថ្លែងអំណរគុណអនុសាសន៍សម្តេច ហ៊ុន សែន ទាក់ទងនឹងការបកស្រាយបញ្ហាគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ដែល NGO មួយអះអាងថាបានស្អុយ និងខូចគុណភាព

783 Views
May 18, 2018

(ភ្នំពេញ)៖ អគ្គនាយកមជ្ឍមណ្ឌលកម្ចាត់មីនកម្ពុជា ហៅកាត់ថាស៊ីម៉ាក់ លោក ហេង រតនា នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨នេះ បានថ្លែងអំណរគុណចំពោះប្រសាសន៍ និងអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ទាក់ទងនឹងបញ្ហាគ្រាប់ស្អុយខូចគុណភាព ដោយអគ្គនាយកលើកឡើងថា សម្តេចតេជោ ហ៊ុន សែន បកស្រាយមានលក្ខណៈច្បាស់លាស់ណាស់ ទាំងបច្ចេកទេស ការអប់រំ និងភាពជាក់សែ្តង ផងដែរ។

 

 

ការបកស្រាយរបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨នេះ នៅក្នុងឳកាសដែលសម្តេចអញ្ជើញបិទពិធីសន្និបាតជាតិវិស័យសកម្មភាពមីន ឆ្ពោះទៅរកកម្ពុជាមួយ ដែលគ្មានមីនឆ្នាំ២០២៥ ដែលកម្មវិធីនេះបានធ្វើឡើងនៅវិមានសនិ្តភាព។

 

 

បន្ទាប់ពីមានការលើកឡើងដោយគ្មានមូលដ្ឋានច្បាស់លាស់ របស់មេដឹកនាំអង្គការ NGO ដោះមីនរបស់បរទេសនៅកម្ពុជា ដោយលើកឡើងថា មីននៅក្នុងប្រទេសកម្ពុជាស្អុយ និងខូចគុណភាពអស់ហើយនោះ សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាល សង្កត់ធ្ងន់ថា បើសិនជាមេដឹកនាំអង្គការ NGO ដែលតែងតែលើកឡើងសំដីគ្មានមូលដ្ឋានថា មីននៅស្រុកខ្មែរស្អុយអស់មែននោះ សូមឲ្យអ្នកទាំងនោះ អញ្ជើញចុះទៅពិនិត្យ និងដើរលើចំការមីនសាកមើល ដើម្បីឲ្យដឹងប្រាកដថា មីននៅស្រុកខ្មែរស្អុយពិតមែន ឬយ៉ាងណា?។

 

 

សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកថា ការបកស្រាយនេះ គឺជាការរាំងស្ទះដល់ការអនុវត្តសកម្មភាពដោះមីននៅកម្ពុជា ហើយថា អាចធ្វើឲ្យប្រជាពលរដ្ឋខ្មែរយល់ច្រឡំ បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋ។

 

 

លោក ហេង រតនា បានសរសើរ និងថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ដោយលោកបញ្ជាក់ថា «សូមគោរពអរគុណចំពោះប្រសាសន៍ និងអនុសាសន៍របស់សម្តេចតេជោទាក់ទងនឹងបញ្ហាគ្រាប់ស្អុយខូចគុណភាពនោះ មានលក្ខណៈច្បាស់លាស់ណាស់ ទាំងបច្ចេកទេស ការអប់រំ និងភាពជាក់សែ្តង»។

 

 

មន្ត្រីទទួលបន្ទុកសម្អាតមីនកម្ពុជារូបនេះ បានបន្តថា «បញ្ហាគ្រាប់ស្អុយខូចគុណភាពនេះ ពួកគេបានលើកឡើងរំលោភបំពានវិជ្ជាជីវៈ និងបច្ចេកទេសសកម្មភាពកម្ចាត់មីនទាំងកម្រិតជាតិ និងអន្តរជាតិ។ ដូចសម្តេចតេជោមានប្រសាសន៍នៅអឺរ៉ុបដូចជាប្រទេស អាឡឺម៉ង់ អង់គ្លេស ហូឡង់ ប៊ែលហ្សិក ជាដើម គ្រាប់បែកទម្លាក់ពីយន្តហោះ និងគ្រាប់ផ្លោងទាំងនោះអាយុពី៧០ឆ្នាំទៅ១០០ឆ្នាំ តាំងពីសង្គ្រាមលោកលើកទី១ និងទី២ នៅតែបន្តគំរាមកំហែង។ ហេតុអីការវាយតម្លៃថាគ្រាប់សំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា និងគ្រាប់មីនស្អុយខូចគុណភាពទៅរួច?។

 

 

លោក ហេង រតនា បន្តទៀតថា នៅលើពិភពលោកនេះ គ្មានអង្គភាពណាក្នុងប្រទេសតែមួយបានបន្សាបគ្រាប់មីន និងគ្រាប់សំណល់ជាតិផ្ទុះច្រើនជាងអង្គភាពស៊ីម៉ាក់នៅឡើយនោះទេ ព្រោះអង្គភាពស៊ីម៉ាក់បន្សាបគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមបានចំនួនជាង២លាន៧សែនគ្រាប់ហើយ និងមានការកត់ត្រាគុណភាពត្រឹមត្រូវ និងច្បាស់លាស់ណាស់ទាំងលក្ខណៈបច្ចេកទេស និងស្ថានភាពគុណភាពគ្រាប់។

 

 

លោកបានឲ្យដឹងទៀតថា នៅថ្ងៃទី១៧ ខែឧសភានេះ ក្រុមស៊ីម៉ាក់នៅទិសខេត្តបាត់ដំបង ស្ថិតនៅភូមិប៊ួរុន ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង រុករកឃើញគ្រាប់មីនប្រឆាំងមនុស្សចំនួន៣០គ្រាប់ គ្រាប់មីនតោន២គ្រាប់ និងយុទ្ធភណ្ឌ័មិនទាន់ផ្ទុះចំនួន៣៦គ្រាប់ នៃដីចំនួនប្រមាណជាង១ហិចតាកន្លះផងដែរ។

 

 

លោក ហេង រតនា បានចាត់ទុកប្រសាសន៍សម្តេចលើប្រធានបទនេះ ជាសារព្រមានដ៍មានឥទ្ធិពល ចំពោះក្រុមខិលខូចបរទេសទាំងនោះ ហើយសារនេះ មិនត្រឹមតែសម្រាប់ការពារសុវត្ថិភាពប្រជាពលរដ្ឋកម្ពុជាប៉ុណ្ណោះទេ តែសម្រាប់ប្រជាជននៃប្រទេសរងគ្រោះជាច្រើនទៀតលើសកលលោកទៀតផង៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ប្រភព៖ http://www.freshnewsasia.com/index.php/en/localnews/87135-2018-05-17-16-13-45.html

 

Facebook Comment

Related Articles