រដ្ឋបាលខេត្តកំពង់ធំ រៀបចំវេទិកាសាធារណៈដើម្បីស្វែងរកដំណោះស្រាយបញ្ហាប្រឈមក្នុងការប្រើប្រាស់ចរន្តអគ្គិសនី

798 Views
May 19, 2018

(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨នេះបា​នរៀបចំវេទិកា​សាធារណៈដើម្បីស្វែងរក​ដំណោះស្រាយបញ្ហា​​ប្រឈ​មក្នុងការ ប្រើប្រាស់ចរន្តអគ្គិសនីរបស់ប្រជាពលរដ្ឋ ហើយវេទិកា​នោះដែរធ្វើឡើងនៅនៅសាលាប្រជុំសាលាខេត្តកំពង់ធំ ក្រោមអធិបតីភាព លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងមានការចូលរួមពីសំណាក់លោក យឹម វិសិដ្ឋ អនុប្រធានទី១ អាជ្ញាធរអគ្គិសនីកម្ពុជា ព្រមទាំងប្រជាពលរ​ដ្ឋក្នុង​ខេត្តកំពង់ធំ ប្រមាណជិត ៤០០នាក់​ផងដែរ ដើម្បីចូលរួម​ស្តាប់វេទិកាសាធារណៈស្វែងរកដំណោះ​ស្រាយបញ្ហាប្រឈមក្នុង​ការប្រើប្រាស់អគ្គិសនីក្នុងខេត្តកំពង់ធំ។

 

 

នៅក្នុងពិធីនោះដែរប្រជាពលរដ្ឋជាច្រើននាក់បានលើកឡើងថា ការប្រើប្រាស់អគ្គិសនីរបស់ពួកគាត់ ហាក់ដូចជាមានលក្ខណៈមិនប្រក្រតីមួយចំនួន ដូចជា កុងទ័រភ្លើងដើរលឿន បើទោះបីជាការប្រើប្រាស់សម្ភារៈរបស់ពួកគាត់ស្ថិតនៅដដែលក៏ដោយ។ ម្យ៉ាងវិញទៀត ពួកគាត់ក៏បានត្អូញត្អែរទៀតថា ចាប់តាំងពីតបណ្តាញអគ្គិសនី ដែលមានតម្លៃទាបមក យើងសង្កេតឃើញថាចរន្តអគ្គិសនីមានការដាច់ញឹកញាប់ ដែលធ្វើឲ្យសម្ភារៈប្រើប្រាស់អគ្គិសនីក្នុងផ្ទះ មានការខូចខាតជាច្រើន។

 

 

ជាការឆ្លើយតបនឹងបញ្ហារបស់ប្រជាពលរដ្ឋ លោក យឹម ពិសិដ្ឋ តំណាងអាជ្ញាធរអគ្គិសនីកម្ពុជា បានពន្យល់ និងស្រាយបំភ្លឺជូនប្រជាពលរដ្ឋ អំពីតួនាទីរបស់ក្រសួងរ៉ែ និងថាមពល របស់អាជ្ញាធរអគ្គិសនីកម្ពុជា  និងអ្នកផ្គត់ផ្គង់អគ្គិសនី តាមការកំណត់របស់ច្បាប់អគ្គិសនី និងជម្រាបអំពីផែនការបន្ថយអត្រា និងគម្លាតថ្លៃអគ្គិសនីរបស់រាជរដ្ឋាភិបាល រួចការបន្ថយថ្លៃលក់អគ្គិសនីតាមឆ្នាំនីមួយៗ ត្រូវធ្វើតាមផែនការ និងតាមថ្លៃប្រភពអគ្គិសនី ដូចជាប្រភពពីបណ្តាញជាតិ ពីប្រទេសជិតខាង និងពីការផលិតដោយម៉ាស៊ីនដ្យេសែលដែលមានអត្រាថ្លៃលក់អគ្គិសនីខុសៗគ្នា។

 

 

លោកក៏បានបន្ថែមទៀតថា ចំពោះសេវាកម្មផ្គត់ផ្គង់អគ្គិសនីទាំងអស់ត្រូវអនុវត្តតាមថ្លៃផែនការប្រភពបណ្តាញជាតិបាន ថ្លៃ​ភ្ជា​ប់ច​រន្ត និងប្រាក់កក់ ដែលថាអ្នកផ្គត់ផ្គង់មិនបានផ្ស​ព្វផ្សាយជាសាធារណៈនាំឲ្យមា​នការសង្ស័យ​យកលើ​ស​ការកំណត់ គឺតម្រូវឲ្យអ្នកកាន់អាជ្ញាប័ណ្ណ​ផ្គត់ផ្គង់អគ្គិសនីបិទផ្សព្វផ្សាយ​តារាងបញ្ជី​ថ្លៃជាសា​ធារណៈសម្រាប់អតិថិជន តាមការកំណត់​របស់អាជ្ញាធរអគ្គិសនីកម្ពុជា ហើយការដាច់ភ្លើងញឹកញាប់គឺបណ្តាលមកពីកត្តាជាច្រើន ដូចជាការប្រើប្រាស់លើសបន្ទុក ការឆ្លងចរន្តដោយសារមែកឈើ បាក់មែកឈើលើ រន្ទះបាញ់ខ្សែបណ្តាញបញ្ជូនអគ្គិសនីជាដើម  ដែលទាំងអស់នេះហើយ ជាមូលហេតុធ្វើឲ្យមានការរអាក់រអួល ហើយដើម្បីកាត់បន្ថយបាន សុំឲ្យមានការចូលរួមពីភាគីម្ចាស់ដើមឈើឲ្យគេកាប់ និងសម្អាតមែកឈើនៅតាមគន្លងបណ្តាញ២២ គីឡូវ៉ុលរបស់ខ្លួន។  ចំពោះនាឡិកាស្ទង់ដើរលឿន អាជ្ញាធរអគ្គិសនីកម្ពុជាបានពន្យល់តាមមូលដ្ឋានបច្ចេកទេស និងណែនាំនីតិវិធីសម្រាប់អ្នកប្រើប្រាស់ដាក់ពាក្យស្នើសុំ តាមរយៈអាជ្ញាធរឃុំ ស្រុក មកអាជ្ញាធរអគ្គិសនីកម្ពុជា ដើម្បីចុះមកពិនិត្យ និងផ្ទៀងផ្ទាត់នាឡិកាស្ទង់ជូន។

 

 

ក្នុងនោះដែរលោកបានដាស់តឿនដល់ក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនី សេវាករទាំងអស់ ត្រូវពិនិត្យនូវបុគ្គលិករបស់ខ្លួនឲ្យបានច្បាស់លាស់និងធ្វើការផ្សព្វផ្សាយបន្តទៀត អំពីតម្លៃសេវាតបណ្តាញអគ្គិសនី នៅតាមមូលដ្ឋានឲ្យបានទូលំទូលាយ ជៀសវាងសេវាករណាមួយ យកតម្លៃខ្ពស់ជាងអាជ្ញាធរអគ្គិសនីកម្ពុជាបានកំណត់។

 

 

លោក សុខ លូ ថ្លែងថា វេទិកានេះគឺពិតជាបានដោះស្រាយបញ្ហាមួយចំនួនជូនប្រជាពលរដ្ឋ នៅពេលដែលប្រជាពលរដ្ឋបានលើកពីបញ្ហាមួយចំនួន ដូចជា បញ្ហាដាច់ភ្លើងញឹកញាប់ កុងទ័រភ្លើងដើរលឿន ភ្លើងឡើងគីឡូមានភាពមិនប្រក្រតី សូមឲ្យបងប្អូនប្រជាពលរដ្ឋដាក់ពាក្យស្នើសុំទៅអាជ្ញាធរមូលដ្ឋាន ដើម្បីក្រុមការងារចុះមកត្រួតពិនិត្យជាក់ស្តែងបានទាន់ពេលវេលាដោយមិនយកលុយទេ ប្រសិនបើមានកុងទ័រខូច ឌីសង់ទ័រខូច ដោយធម្មជាតិ (រន្ទះបាញ់ ដើរលឿន ដើរយឺត ឬគាំង) រាល់ការដោះដូរកុងទ័រថ្មីនេះ គឺមិនតម្រូវឲ្យប្រជាពលរដ្ឋបង់លុយនោះទេ។

 

 

លោកបន្ថែមទៀតថា កាលពីមុនយើងមិនទាន់មានភ្លើងប្រើប្រាស់ទេ បងប្អូនប្រជាពលរដ្ឋសំណូមពរស្នើសុំអោយអាជ្ញាធរអគ្គិសនីតបណ្តាញអគ្គិសនីដល់ផ្ទះរបស់គាត់ ដោយបច្ចុប្បន្ននេះ ការផ្គត់ផ្គង់អគ្គិសនីនៅក្នុងខេត្តកំពង់ធំ ត្រូវនាំយកមកពីតំបន់ឆ្ងាយ ធ្វើការផ្គត់ផ្គង់អគ្គិសនីនេះ ជួបនូវបញ្ហារអាក់រអួលខ្លះ ដាច់ញឹកញាប់ ហើយការដាច់ភ្លើងនេះ មិនមែនដាច់តែផ្ទះបងប្អូនទេ ផ្ទះរបស់លោកក៏ដាច់ដែរ ដាច់ភ្លើងគ្រប់កន្លែងទាំងអស់ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋមេត្តាអធ្យាស្រ័យ អំពីការដាច់ភ្លើងនេះ។

 

 

លោកអភិបាលខេត្ត ថ្លែងអំណរគុណដល់អាជ្ញាធរអគ្គិសនីកម្ពុជា ដែលបានចូលរួមចំណែកសហការជាមួយអាជ្ញាធរខេត្ត និងបានសំណូមពរ ដល់អាជ្ញាធរ ជួយពន្លឿននូវការសាងសង់អនុស្ថានីយ៍ឲ្យបានរួចរាល់ក្នុងកំឡុងខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ ដើម្បីកាត់បន្ថយការដាច់ភ្លើងញឹកញាប់ និងអាចផ្គត់ផ្គង់អគ្គិសនីបានគ្រប់គ្រាន់ទូរទាំងខេត្ត និងស្នើឱ្យអាជ្ញាធរគ្រប់ក្រុងស្រុក ត្រូវខិតខំយកចិត្តទុកដាក់ផ្សព្វផ្សាយឱ្យដល់ខ្នងផ្ទះប្រជាពលរដ្ឋអំពីបញ្ហានេះ៕

 

 

 

 

 

 

 

 

 

 

 

ប្រភព៖ http://www.freshnewsasia.com/index.php/en/localnews/87236-2018-05-18-15-46-30.html

 

Facebook Comment

Related Articles