អភិបាលខេត្តព្រះវិហារ៖ មានសុខសន្តិភាពទើបមានការអភិវឌ្ឍ សូមបងប្អូនប្រជាពលរដ្ឋចូលរួមបោះឆ្នោតឲ្យបានគ្រប់គ្នា ដើម្បីថែរក្សាសន្តិភាពឲ្យបានគង់វង្ស

832 Views
May 23, 2018

(ព្រះវិហារ)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានថ្លែងថា ដរាបណាប្រទេសកម្ពុជានៅតែមានសុខសន្តិភាព ការអភិវឌ្ឍប្រទេសនឹងនៅតែបន្តទៅមុខជារៀងរហូត ដែលករណីនេះ សូមអំពាវនាវប្រជាពលរដ្ឋ អញ្ជើញទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃខាងមុខ ដើម្បីថែរក្សាសុខសន្តិភាពឲ្យនៅស្ថិតស្ថេរជារៀងរហូត។

 

 

លោកអភិបាលខេត្តថ្លែងបែបនេះ ក្នុងឱកាសដែលលោក រួមជាមួយលេខាទី២ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ចូលរួមសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវក្រាលគ្រួសក្រហមប្រវែង១១គីឡូម៉ែត្រ លូប្រអប់៣ និងលូមូល៦ ចាប់ពីផ្លូវជាតិលេខ៦២ ទៅភូមិស្វាយដំណាក់ ភូមិបង្កើនផល ឃុំរម្យទម ស្រុករវៀង ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨នេះ។

 

 

លោក អ៊ុន ចាន់ដា បានថ្លែងបន្តថា ក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យប្រទេសកម្ពុជា បានទទួលនូវសុខសន្តិភាព ស្ថិរភាពនយោបាយ ពិសេសគឺការអភិវឌ្ឍលើគ្រប់វិសយ័យ គ្រប់ទីកន្លែងចាប់តាំងពីទីប្រជុំជនរហូតដល់ជនបទដាច់ស្រយ៉ាល។

 

 

លោកបន្តទៀតថា ការអភិវឌ្ឍរបស់ប្រទេស មិនបានបញ្ចប់ត្រឹមប៉ុណ្ណេះនោះទេ ប៉ុន្តែទន្ទឹមនឹងការអភិវឌ្ឍបន្តទៅទៀត លុះត្រាតែមានសុខសន្តិភាព ដែលសន្តិភាពនេះ បានមកពីការចូលរួមចំណែករបស់ពលរដ្ឋទាំងអស់គ្នា ហើយសូមប្រជាពលរដ្ឋ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីប្រទេសកាន់តែរីកចម្រើនថែមទៀត។

 

 

លោកអភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់ប្រទេសជប៉ុន តាមរយៈឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា នូវការផ្តល់ជំនួយឥតសំណងជាច្រើន សម្រាប់ការស្តារ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធ័រូបវ័ន្តដល់កម្ពុជា ហើយលោកសង្ឃឹម ជប៉ុននឹងជួយដល់កម្ពុជាក្នុងការអភិវឌ្ឍមូលដ្ឋានបែបនេះ នៅពេលខាងមុខបន្តបន្ទាប់ទៀត។

 

 

ជាមួយគ្នានេះ លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានបញ្ជាក់ថា ការសាងសង់នេះ បានចាប់ផ្តើមចុះហត្ថលេខានៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ ហើយចាប់ផ្តើមសាងសង់នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧ និងបញ្ចប់ការសាងសង់ទាំងស្រុងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ ដោយក្រុមហ៊ុនព្រះវិហារខេមរៈអភិវឌ្ឍន៍ សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ដោយចំណាយថវិកាចំនួន ៨៧.៥៨៧ដុល្លារអាមេរិក៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ប្រភព៖ http://www.freshnewsasia.com/index.php/en/localnews/87587-2018-05-22-14-14-19.html

 

Facebook Comment

Related Articles