សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យពង្រឹងការហ្វឹកហាត់ដល់កីឡាករខ្មែរឲ្យកាន់តែខ្លាំងថែមទៀត ស្របពេលខ្មែរឈ្នះក្នុងការប្រកួតញឹកញាប់

835 Views
May 23, 2018

(ភ្នំពេញ)៖ ទន្ទឹមនឹងការអបអរសាទរចំពោះម្ចាស់ជយលាភីរបស់កម្ពុជា ក្នុងការប្រកួតកីឡាតៃខ្វាន់ដូ និងប៉េតង់នៅលើឆាកអន្តរជាតិ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវឱ្យ សហព័ន្ធកីឡាទាំងអស់ ពង្រឹងការហ្វឹកហាត់ដល់កីឡាករខ្មែរគ្រប់ប្រភេទ ឲ្យកាន់តែខ្លាំងថែមទៀត។

 

 

ការអំពាវនាវនេះ បានធ្វើឡើងនៅរសៀលថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨នេះ ក្នុងឱកាសដែលសម្តេច អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ប្រាក់រង្វាន់របស់រាជរដ្ឋាភិបាល ជូនដល់កីឡាករ កីឡាការិនី ជយលាភីមេដាយមាស ប្រាក់ និងសំរឹទ្ធ ក្នុងការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ីលើកទី៩ នៅប្រទេសម៉ុងហ្គោលី កាលពីថ្ងៃទី០៨-១៣ ខែឧសភា ឆ្នាំ២០១៨ និងកីឡាករ កីឡាការនី ម្ចាស់មេដាយក្នុងការប្រកួតកីឡាប៉េតង់ ជើងឯកពិភពលោក លើកទី១៦ នៅទីក្រុងកៃហួ ខេត្តស៊ីជៀន ប្រទេសចិន។

 

 

ទន្ទឹមនឹងការអំពាវនាវ ឱ្យពង្រឹងការហ្វឹកហាត់ដល់កីឡាករខ្មែរ សម្តេចតេជោ ហ៊ុន សែន រិះគន់ផងដែរ ដល់បុគ្គលមួយចំនួន ដែលពុំបានស្វាគមន៍ចំពោះជ័យជម្នះរបស់ កីឡាករខ្មែរ ដែលបានប្រកួត នៅក្រៅប្រទេស​កន្លងមក ទោះបីដឹងថា ជយលាភីទាំងនោះជារបស់ជាតិក៏ដោយ។ សម្តេចតេជោ បានបញ្ជាក់ថា ការដែលគេមិនអបអរសាទរដោយសារតែគេគិតថា ជោគជ័យនេះស្ថិតនៅក្នុងដំណាក់កាល នៃការដឹកនាំរបស់សម្តេច ដូច្នេះបើពួកគេអបអរសាទរកីឡាករ កីឡាការិនីនោះ គឺប្រៀបដូចជាសរសើរសម្តេចផងដែរ។

 

 

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទាំងរូបសម្តេច និងប្រជាពលរដ្ឋខ្មែរនៅពេលឃើញភ្លេងជាតិត្រូវបានបន្លឺឡើង ហើយទង់ជាតិត្រូវបានបង្ហូតឡើងនៅឆាកអន្តរជាតិ គឺរំភើបរីករាយខ្លាំងណាស់។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទ្រឹស្តីរបស់ទាហានបើមិនបង្ហូរញើសនៅលើទីលានហ្វឹកហាត់ទេ អ្នកនឹងបង្ហូរឈាមនៅលើទីលានប្រយុទ្ធ ចំណែកទ្រឹស្តីកីឡាវិញ បើអ្នកមិនបង្ហូរញើសលើទីលានហ្វឹកហាត់ អ្នកនឹងបរាជ័យលើទីលានប្រកួត។ ក្នុងន័យនេះ គឺសម្តេចចង់បញ្ជាក់ថា ជ័យជម្នះរបស់កីឡករកម្ពុជា គឺបានមកហ្វឹកហាត់របស់ពួកគេ។

 

 

ក្នុងពិធីនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានសម្តែងការសោកស្តាយចំពោះការជេរប្រមាថគ្នាតាមបណ្តាញសង្គមនៅក្នុងជំនួបផ្តាច់ព្រ័ត្រដណ្តើមពានរង្វាន់ស្តេចប្រ៊ុយណេ រវាងកីឡាករបាល់ទាត់កម្ពុជា និងកីឡាករទីម័រ។ សម្តេចនាយករដ្ឋមន្ត្រី ក៏បានសម្តែងការខកចិត្តផងដែរ ចំពោះការលើកឡើងថា កីឡាករកម្ពុជាប្រកួតចាញ់គេ ព្រោះតែមិនព្រមប្តូរមេដឹកនាំ។

 

 

សម្តេចតេជោ ហ៊ុន សែន ក៏បានសម្តែងការខកចិត្ត និងងឿងឆ្ងល់ផងដែរ ចំពោះគម្រោងសាងសង់ អគារមួយចំនួន ដែលមិនព្រមប្រើអ្នកគូរប្លង់ក្នុងស្រុក បែរជាទៅជ្រើសរើសអ្នកគូរប្លង់បរទេសទៅវិញ៕

 

 

 

 

 

 

 

 

 

 

 

 

ប្រភព៖ http://www.freshnewsasia.com/index.php/en/localnews/87583-2018-05-22-12-59-21.html

 

Facebook Comment

Related Articles