ធនាគារជាតិនៃកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីស្ថានភាពអត្រាប្តូរប្រាក់រៀល អត្រាប្តូររូបិយប័ណ្ណ មាស និងប្រេង

(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីស្ថានភាពអត្រាប្តូរប្រាក់រៀល ធៀបជាមួយប្រាក់ដុល្លារ និងអត្រាប្តូររូបិយប័ណ្ណ មាស និងប្រេងនៅលើទីផ្សារអន្តរជាតិ។
ធនាគារជាតិបានបញ្ជាក់ថា អត្រាប្តូរប្រាក់រៀលធៀបនឹងប្រាក់ដុល្លារ នៅលើទីផ្សារគិតចាប់ពីថ្ងៃទី១៨ ដល់ ២៤ ខែឧសភា ឆ្នាំ២០១៨ បានប្រែប្រួលក្នុងចន្លោះពី៤០៦២រៀល ទៅដល់៤០៨១រៀលក្នុងមួយដុល្លារ ដោយសារមានតម្រូវការសាច់ប្រាក់រៀលសម្រាប់បង់ពន្ធ និងសម្រាប់ប្រើប្រាស់នៅលើទីផ្សារ។
ធនាគារជាតិបញ្ជាក់ទៀតថា នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ ប្រាក់ដុល្លារអាមេរិកឡើងថ្លៃធៀបនឹងប្រាក់អឺរ៉ូ ប្រាក់ផោនស្ទែរលីន និងប្រាក់បាតថៃ ប៉ុន្តែប្រាក់ដុល្លារអាមេរិកបានធ្លាក់ថ្លៃធៀបនឹងប្រាក់ហ្រ្វង់ស្វីល ប្រាក់ដុល្លារអូស្ត្រាលី និងប្រាក់យ៉េនជប៉ុន បើធៀបនឹងសប្តាហ៍មុន ពោលគឺ១ដុល្លារស្មើនឹង០.៩៩៤១ហ្រ្វង់ស្វីល ១០៩.៧២យ៉េនជប៉ុន ៣២.១៣បាតថៃ និង១ដុល្លារអូស្ត្រាលីស្មើនឹង ០.៧៥៥ដុល្លារអាមេរិក ១អឺរ៉ូស្មើនឹង១.១៧០៧ដុល្លារអាមេរិក ១ផោនស្ទែរលីនស្មើនឹង១.៣៣៥៨ដុល្លារអាមេរិក។
ចំណែកតម្លៃមាស និងប្រេងលើទីផ្សារអន្តរជាតិ នៅថ្ងៃទី២៤ ខែឧសភា បានឡើងថ្លៃដល់ ១,២៩៥.៤២ដុល្លារអាមេរិកក្នុងមួយអោន (មាស) និង ៧១.៨៣ដុល្លារអាមេរិក ក្នុងមួយបារ៉ែលរៀងគ្នា បើធៀបនឹងសប្តាហ៍មុន ដោយសារសន្និធិប្រេង នៅសហរដ្ឋអាមរិកធ្លាក់ចុះ៕
ប្រភព៖ http://www.freshnewsasia.com/index.php/en/localnews/87843-2018-05-25-01-58-01.html