សម្តេចក្រុមព្រះ អះអាងថា ពេលបក្សព្រះអង្គឈ្នះឆ្នោតដឹកនាំរាជរដ្ឋាភិបាល ព្រះអង្គនឹងជួយដោះស្រាយបំណុលរបស់ប្រជាពលរដ្ឋ

868 Views
May 28, 2018

(តាកែវ)៖ ព្រះប្រធានគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានព្រះរាជបន្ទូលអះអាងចំពោះមុខប្រជាពលរដ្ឋនៅក្នុងខេត្តតាកែវថា នៅពេលគណបក្សរបស់ព្រះអង្គឈ្នះឆ្នោតដឹកនាំរាជរដ្ឋាភិបាលនាពេលខាងមុខនេះ ព្រះអង្គនឹងជួយដោះស្រាយបំណុលរបស់ប្រជាពលរដ្ឋ ដែលកំពុងជំពាក់ធនាគារ និងក្រុមហ៊ុនឯកជននានា។

 

 

ការអះអាងរបស់ព្រះអង្គបានធ្វើឡើងក្នុងពេលព្រះអង្គយាងចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋនៅតាមស្រុកមួយចំនួន ក្នុងខេត្តតាកែវ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨នេះ។

 

 

ទន្ទឹមជាមួយការប្រកាសដោះស្រាយបំណុលជូនប្រជាពលរដ្ឋក្រោយពេលឈ្នះឆ្នោតដឹកនាំរាជរដ្ឋាភិបាលហើយនោះ សម្តេចក្រុមព្រះ ក៏បានបន្តអំពាវនាវប្រជាពលរដ្ឋនៅខេត្តតាកែវទំាងអស់ ឲ្យទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៦ ឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ។

 

 

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានមានព្រះបន្ទួលយ៉ាងដូច្នេះ «ការបោះឆ្នោតសកលអាណត្តិទី៦ នឹងប្រព្រឹត្តទៅនាថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ ក្នុងនាមយើងជាប្រជាពលរដ្ឋខ្មែរ ដែលមានអាយុគ្រប់គប្បីនាំគ្នាទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសមេដឹកនាំដែលខ្លួនយើងស្រឡាញ់ និងគិតអំពីផលប្រយោជន៍ប្រទេសជាតិជារួម»

 

 

យ៉ាងណាក៏ដោយសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ក៏បានអំពាវនាវដល់ប្រជានុរាស្រ្តឲ្យបោះឆ្នោតជូនដល់គណបក្សរាជានិយម ហ៊្វុន ស៊ិនប៉ិច ផងដែរ ដោយព្រះអង្គអះអាងថា គណបក្សរបស់ព្រះអង្គ ជាគណបក្សរាជានិយម តែមួយគត់នៅកម្ពុជា ដែលដង្ហែរតាមរាជតម្រិះរបស់អតីតព្រះមហាក្សត្រព្រះបរមរតនកោដ្ឋ ព្រះនរោត្តម សីហនុ។

 

 

ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បានមានព្រះបន្ទូលបញ្ជាក់ដូច្នេះ «គណបក្ស ហ៊្វុន ស៊ិនប៉ិច គឺប្រកាន់ខ្ជាប់នូវរបបរាជានិយម និងសីហនុនិយម ហើយរបបនេះ បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចំរើនរហូតដល់សព្វថ្ងៃនេះ។ ដូច្នេះក្នុងនាមយើងជាកូនខ្មែរ ទាំងអស់គ្នាគប្បីជួយថែរក្សា និងការពារឲ្យបានដាច់ខាត់កុំឲ្យរបបផ្សេងមកយាយី និងប្រមាថរបបរាជានិយមនេះ»

 

 

សម្តេចក្រុមព្រះ បានមានព្រះបន្ទូលបន្ថែមថា «គណបក្សហ៊្វុនស៊ិនប៉ិច គឺជាស្នាព្រះហស្ថរបស់សម្តេចតាសម្តេចតាទូត ដូច្នេះអ្នកស្រលាញ់រាជានិយម សូមបោះឆ្នោតជូនដល់គណបក្សហ៊្វុនស៊ិនប៉ិច ហើយប្រសិនបើគណបក្សរាជានិយមមួយនេះ ជាប់ឆ្នោតនឹងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើបន្ថែមទៀត»

 

 

ជាមួយគ្នានោះសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅតែមានជំនឿថា ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតនឹងបោះឆ្នោតឲ្យគណបក្សហ៊្វុនស៊ិនប៉ិច ជាក់ជាមិនខាន សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី៦ខាងមុខនេះ។ សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធ ក៏បានអះអាងថា ប្រសិនបើគណបក្សហ៊្វុនស៊ិនប៉ិចឈ្នះឆ្នោត ធ្វើជានាយករដ្ឋមន្រ្តីព្រះអង្គនឹងជួយដោះស្រាយបំណុលរបស់ប្រជាពលរដ្ឋដែលជំពាក់ធនាគារ និងក្រុមហ៊ុនឯកជនជាដើម។

 

 

ស​ម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ គណបក្សហ្វ៊ុនស៊ិនប៉ិច បានដាក់គោលនយោបាយអាទិភាពចំនួន ១៤រួមមាន៖

១៖ បន្តរក្សានិរន្តរភាពរបបរាជានិយមអាស្រ័យធម្មនុញ្ញ
២៖ ប្រមែប្រមូលអ្នករាជានិយម អ្នកស៊ីហនុនិយម ឱ្យក្លាយជាកម្លាំងជាតិ ដើម្បីដោះស្រាយបញ្ហាជាតិ
៣៖ បើកឱ្យមានសមាជជាតិឡើងវិញ ដើម្បីប្រជាពលរដ្ឋ មានឱកាសសម្តែងមតិរិះគន់ស្ថាបនាចំពោះ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ (មាត្រា១៤៧ នៃរដ្ឋធម្មនុញ្ញ)
៤៖ អនុវត្ត​ឱ្យបានដាច់ខាត នូវការបែងចែកអំណាចរវាងនីតិបញ្ញត្តិ នីតិប្រតិបត្តិ និងអំណាចតុលាការ (មាត្រា៥១ថ្មី នៃរដ្ឋធម្មនុញ្ញ)
៥៖ ដោះស្រាយបំណុលជូនប្រជានុរាស្ត្រក្រីក្រ
៦៖ លុបបំបាត់នូវការរឹបអូសដីធ្លី និងផ្ទះប្រជាពលរដ្ឋដោយខុសច្បាប់ ដោយអនុវត្តតាមរដ្ឋធម្មនុញ្ញ និងច្បាប់ភូមិបាលជាមូលដ្ឋាន
៧៖ ចរចាជាមួយប្រទេសជិតខាង ដោយសន្តិវិធីបញ្ហាព្រំដែនណា ដែលមានគំនូសព្រំសីមា ខុសពីផែនទីដែលសម្តេចឪតម្កល់ទុកនៅអង្គការសហប្រជាជាតិ
៨៖ បង្កើតឱ្យទាល់តែបាននូវក្រសួងអន្តោប្រវេសន៍
៩៖ បង្កើត គ.ជ.ប មួយដែលជាភាពអព្យាក្រឹត និងឯករាជ្យពិតប្រាកដ
១០៖ បំបាត់ឱ្យទាល់តែបាននូវអំពើពុករលុយគ្រប់ជាន់ថ្នាក់ នៃសង្គមជាតិ
១១៖ ធ្វើឱ្យកម្ពុជាក្លាយជានីតិរដ្ឋពិតប្រាកដ ដោយគោរពជាដាច់ខាតនូវរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់រដ្ឋ
១២៖ បំបាត់ភាពក្រីក្រ ព្រមទាំងភាពអយុត្តិធម៌ក្នុងសង្គម
១៣៖ បង្កើតការងារជូនបញ្ញវន្ត និងប្រជាពលរដ្ឋក្រីក្រឱ្យមានការងារធ្វើនៅក្នុងប្រទេស
១៤៖ បង្កើតទីផ្សារនៅក្នុងស្រុក និងក្រៅស្រុក ហើយធានានូវតម្លៃផលិតផលរបស់ប្រជាកសិករខ្មែរ៕

 

 

 

 

Facebook Comment

Related Articles