យុវជនជិត១ពាន់នាក់​ជិះកង់ស្វែង​រក​មូល​និធិ​ជួយ​មន្ទីរពេទ្យកុមារនៅ​សៀមរាប

664 Views
May 29, 2018

ក្រុមយុវជនជាង ៨៥០នាក់ ធ្វើ​យុទ្ធនាការ​តាម​រយៈ​ការ​ជិះ​កង់ ដើម្បី​ស្វែង​រក​មូលនិធិ​សម្រាប់​ជួយ​ទ្រទ្រង់​ដល់​មន្ទីរ​ពេទ្យ​កុមារ​គន្ធបុប្ផា​នៅព្រឹកថ្ងៃអាទិត្យនេះ។ នេះ​បើ​តាម​ការ​​អ្នក​រៀបចំ​យុទ្ធនាការ​នេះ។

ប្រធានក្លឹបអ្នកជិះកង់ដើម្បីសហគមន៍ លោក គឺម ប៊ុនថាន បាន​ប្រាប់​វីអូឌី​នៅ​ព្រឹក​ថ្ងៃ​នេះ​ថា​ ក្រុមអ្នកជិះកង់ទាំងនោះ ដែល​ភាគ​ច្រើន​ជា​យុវជន​នោះ មកពីរាជធានីភ្នំពេញ បន្ទាយយមានជ័យ ខេត្ដសៀមរាប ព្រះវិហារ និងខេត្ដមួយចំនួនទៀត។

លោក​បន្ត​ថា ពួកគាត់​បាននាំគ្នាជិះកង់តាមបណ្ដាផ្លូវសំខាន់ៗមួយចំនួនក្នុងក្រុងសៀមរាប​ ឆ្ពោះទៅកាន់រមណីយដ្ឋានអង្គរ ដោយបានចំណាយថវិកាក្នុង ១៥ដុល្លា សម្រាប់​សេវា​ជួលកង់។

 

 

លោកបន្ដថា ថវិកាដែលប្រមួលបានពីការជិះកង់ និងសល់ពីការចំណាយថ្លៃជួលកង់ ក្រុមអ្នកជិះកង់នឹងបរិច្ចាកទៅមន្ទីរពេទ្យកុមារគន្ធបុប្ផាសៀមរាប ដោយ​ថា មន្ទីរពេទ្យនេះ​បាន​ផ្ដល់​ការ​ព្យាបាលកុមា​រដោយមិនគិតថ្លៃ។

បើតាមប្រធានក្លឹបអ្នកជិះកង់​រូប​នេះ យុទ្ធនាការ​ស្វែង​រក​មូលនិធិ​សម្រាប់​ជួយ​ដល់​មន្ទីរ​ពេទ្យ​កុមារ​មួយ​នេះ ត្រូវបាន​រៀបចំ​ឡើងចំនួន ៥លើករួច​មកហើយ ហើយលោក​ថា យុទ្ធនាការ​លើក​នេះ ប្រមូល​បានថវិកាជាង ២ម៉ឺនដុល្លា ដែល​ត្រូ​នាំ​យក​ទៅ​ប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផានៅសប្ដាហ៍ក្រោយ។

មន្ទីរពេទ្យគន្ធាបុប្ផា ត្រូវបានបង្កើតឡើង​ដោយ​លោក Beat Richner កាលពីឆ្នាំ​១៩៩៣ តាម​រយៈ​ជំនួយ​ពីប្រទេស​ស្វីស ​ហើយ​បាន​ផ្ដល់​សេវា​ពិនិត្យ និង​ព្យាបាល​ជំងឺ​​ដោយឥតគិតថ្លៃដល់កុមារ និងស្រ្តីមានផ្ទៃពោះសរុបជិត ១៧លាន​ករណី គិត​ត្រឹម​ចុង​​ឆ្នាំ​២០១៧​​កន្លង​មក​នេះ៕

 

ប្រភព៖ https://vodhotnews.com/27/05/2018/youths-ride-bycicl-money-donate-hospital-bopha-chirldrend/

 

Facebook Comment

Related Articles