លោក ពេជ្រ ស្រស់ ប្រកាសប្រើពេលតែ៨ម៉ោងប៉ុណ្ណោះ ក្នុងការដេញជនអន្តោប្រវេសន៍ខុសច្បាប់នៅពេលឈ្នះឆ្នោត

976 Views
May 29, 2018

គោលនយោបាយស្តីពីបញ្ហាជនអន្តោប្រវេសន៍នៅកម្ពុជា ជាពិសេសជនអន្តោប្រវេសន៍វៀតណាមនៅកម្ពុជាតែម្តង គឺជាគោលនយោបាយមួយដែលអតីតគណបក្សសង្គ្រោះជាតិ បានប្រើប្រាស់ទាក់ទាញសមានចិត្តរបស់ម្ចាស់ឆ្នោតកាលពីឆ្នាំ២០១៣ នៅពេលនេះគណបក្សយុវជនកម្ពុជា ក៏បានយកគោលនយោបាយបោសសំអាតជនអន្តោប្រវេសន៍ខុសច្បាប់ ដែលកំពុងរស់នៅកម្ពុជាធ្វើជាគោលនយោបាយចម្បងរបស់ខ្លួនផងដែរ។

ក្នុងវេទិកាតុមូលស្តីពីការបង្ហាញគោលនយោបាយបក្ស ដែលរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជានាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨នេះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងនូវគោលនយោបាយអាទិភាពមួយចំនួនរបស់ខ្លួន រួមទាំងគោលនយោបាយការពារអធិបតេយ្យជាតិផងដែរ។

លោក ពេជ្រ ស្រស់ បានលើកឡើងថា បច្ចុប្បន្នមានមនុស្សជាច្រើននាំគ្នានិយាយពីបញ្ហាបូរណភាពទឹកដី ការបាត់បង់ទឹកដីជាដើម តែមិនទាន់មាននរណានិយាយពីវិធីការពារទឹកដីនៅឡើយនោះទេ។ សម្រាប់គណបក្សយុវជនកម្ពុជា ប្រសិនបើទទួលបានការគាំទ្រឈានទៅដឹកនាំរាជរដ្ឋាភិបាលអាណត្តិទី៦នេះ លោក ពេជ្រ ស្រស់ អះអាងថា លោកនឹងធ្វើផ្លូវកៅស៊ូតាមបន្ទាត់ព្រំដែនទាំងអស់។

តាមរយៈការធ្វើផ្លូវកៅស៊ូនេះ លោក ពេជ្រ ស្រស់ ជឿជាក់ថា នឹងគ្មានការរំលោភយកដែនដីពីប្រទេសជិតខាងបាននោះឡើយ។ លោក ពេជ្រ ស្រស់ ក៏បានលើកឡើងដែរថា រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សរបស់លោក ក៏នឹងធ្វើការអភិវឌ្ឍតាមបន្ទាត់ព្រំដែន ដោយយកប្រជាពលរដ្ឋទៅរស់នៅតាមបន្ទាត់ព្រំដែន និងផ្តល់ប្រាក់ឲ្យពួកគេយកទៅធ្វើជាដើមទុនសម្រាប់ការរកស៊ីថែមទៀតផង។

សម្រាប់បញ្ហាជនអន្តោប្រវេសន៍វិញ លោក ពេជ្រ ស្រស់ បានលើកឡើងថា រដ្ឋាភិបាលដឹកនាំដោយបក្សរបស់លោកនឹងប្រើពេលតែ ៨ម៉ោងប៉ុណ្ណោះ ក្នុងការដេញជនអន្តោប្រវេសន៍ខុសច្បាប់ចែញពីក្នុងប្រទេសកម្ពុជា។ លោក ពេជ្រ ស្រស់ អះអាងថា លោកប្រើពេលតែ ៨ម៉ោងប៉ុណ្ណោះក្នុងការដេញជនអន្តោប្រវេសន៍ខុសច្បាប់ចេញពីក្នុងប្រទេសកម្ពុជា។

មានការចោទសួរថា រយៈពេល៨ម៉ោងនេះរៀបចំតែឯកសារមិនទាន់ តើប្រធានបក្សរូបនេះដេញជនអន្តោប្រវេសន៍ខុសច្បាប់ចេញពីកម្ពុជាយ៉ាងដូច្នេះ? លោក ពេជ្រ ស្រស់ អះអាងថា ជនអន្តោប្រវេសន៍ខុសច្បាប់គ្មានច្បាប់ឯកសារនោះទេ ដូច្នេះមិនចាំបាច់កសាងឯកសារដើម្បីបញ្ជូនចេញនោះឡើយ ពោលអ្នកមកតានយន្តហោះចេញទៅវិញតាមយន្តហោះ អ្នកមកតាមទូកត្រូវទៅវិញតាមទូក៕

 

លោក ពេជ្រ ស្រស់ ប្រកាសប្រើពេលតែ៨ម៉ោងដេញជនអន្តោប្រវេសន៍ខុសច្បាប់ពេលឈ្នះឆ្នោត

ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បង្ហាញពីគោលនយោបាយការពារអធិបតេយ្យជាតិ និងអះអាងថា លោកប្រើពេលតែ ៨ម៉ោងប៉ុណ្ណោះក្នុងការដេញជនអន្តោប្រវេសន៍ខុសច្បាប់ពីកម្ពុជា នៅពេលបក្សលោកឈ្នះឆ្នោតដឹកនាំរាជរដ្ឋាភិបាល។

Posted by Fresh News on Sunday, May 27, 2018

 

 

ប្រភព៖ http://www.freshnewsasia.com/index.php/en/localnews/88199-2018-05-28-15-54-25.html

 

Facebook Comment

Related Articles