គ.ជ.ប ចំណាយថវិកាជាង ២.៦លានដុល្លារ សម្រាប់បោះពុម្ពសន្លឹកឆ្នោតជាង ១០លានសន្លឹក

762 Views
May 30, 2018

លោក ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានឲ្យដឹងថា បន្ទាប់ពីគណបក្សនយោបាយទាំង២០ បានចាប់លេខសម្គាល់រួចហើយនោះ នីតិវិធីបន្ទាប់គឺការបោះពុម្ពសន្លឹកឆ្នោតសម្រាប់បម្រើដល់ការបោះឆ្នោត។

 

 

បើតាមលោក ឌឹម សុវណ្ណារុំ សន្លឹកឆ្នោតដែលនឹងត្រូវបោះពុម្ភដើម្បីបម្រើដល់ការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះមានចំនួន ១០,៥២៥,៦៥០សន្លឹក។ ក្នុងនោះសន្លឹកឆ្នោត ៣២៩,២០០សន្លឹក ជាសន្លឹកឆ្នោតគំរូ ហើយក្រៅពីនោះក៏មានសន្លឹកឆ្នោតសម្រាប់ប្រើប្រាស់ដើម្បីបណ្តុះបណ្តាលមន្រ្តី និងសន្លឹកឆ្នោតត្រៀមបម្រុងនៅតាមការិយាល័យបោះឆ្នោតនីមួយៗផងដែរ។

 

 

លោក ឌឹម សុវណ្ណារុំ បានឲ្យដឹងថា ក្នុងសន្លឹកឆ្នោតមួយសន្លឹកចំណាយថវិកាប្រមាណ ៩៩០រៀល។ ដូច្នេះសន្លឹកឆ្នោតជាង ១០លានសន្លឹកនេះ ចំណាយថវិកាសរុបជា ១០ពាន់លានរៀល (១០,៤២០,៣៩៣,៥០០រៀល) ស្មើនឹងជាង ២.៦លានដុល្លារអាមេរិក។

នាម៉ោង៣រសៀល ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ នេះ គ.ជ.ប នឹងរៀបចំការពិនិត្យទម្រង់សន្លឹកឆ្នោតដែលត្រូវបោះពុម្ពជាមួយតំណាងគណបក្សនយោបាយទាំង២០ នៅទីស្ដីការ គ.ជ.ប ផ្ទាល់ផងដែរ។ លោក ឌឹម សុវណ្ណារុំ បានអំពាវនាវដល់តំណាងគណបក្សនយោបាយទាំង២០ ត្រូវអញ្ជើញមកផ្ទៀងផ្ទាត់ការសរសេរលក្ខណៈសម្គាល់របស់គណបក្សរបស់ខ្លួន នៅលើសន្លឹកឆ្នោតដែលត្រូវបោះពុម្ភ សម្រាប់យកទៅប្រើក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ខាងមុខ។

សូមរំលឹកផងដែរ ការចាប់លេខរៀងគណបក្សនយោបាយសម្រាប់ការបោះឆ្នោតនេះ បានធ្វើរួចហើយកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ម្សិលមិញ។ ខាងក្រោមនេះ គឺជាលំដាប់លេខរៀងគណបក្សនយោបាយនីមួយៗ៖

– លេខ១ បានទៅលើគណបក្ស «គណបក្សខ្មែររួបរួមជាតិ»
– លេខ២ បានទៅលើគណបក្ស «គណបក្សមាតុភូមិយើង»
– លេខ៣ បានទៅលើគណបក្ស «គណបក្សពន្លឺថ្មី»
– លេខ៤ បានទៅលើគណបក្ស «សញ្ជាតិកម្ពុជា»
– លេខ៥ បានទៅលើគណបក្ស «ខ្មែរក្រោក»
– លេខ៦ បានទៅលើគណបក្ស «សំបុកឃ្មុំ»
– លេខ៧ បានទៅលើគណបក្ស «ប្រជាធិបតេយ្យមូលដ្ឋាន»
– លេខ៨ បានទៅលើគណបក្ស «ខ្មែរសាធារណរដ្ឋប្រជាធិបតេយ្យ»
– លេខ៩ បានទៅលើគណបក្ស «រស្មីខេមរា»
– លេខ១០ បានទៅលើគណបក្ស «សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ»
– លេខ១១ បានទៅលើគណបក្ស «ខ្មែរសាធារណរដ្ឋ»
– លេខ១២ បានទៅលើគណបក្ស «ខ្មែរឈប់ក្រ»
– លេខ១៣ បានទៅលើគណបក្ស «ហ្វ៊ុនស៊ិនប៉ិច»
– លេខ១៤ បានទៅលើគណបក្ស «ខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច»
– លេខ១៥ បានទៅលើគណបក្ស «យុវជនកម្ពុជា»
– លេខ១៦ បានទៅលើគណបក្ស «ធម្មាធិបតេយ្យ»
– លេខ១៧ បានទៅលើគណបក្ស «ឆន្ទះខ្មែរ»
– លេខ១៨ បានទៅលើគណបក្ស «ជនជាតិដើមប្រជាធិបតេយ្យកម្ពុជា»
– លេខ១៩ បានទៅលើគណបក្ស «ខ្មែរតែមួយ»
– លេខ២០ បានទៅលើគណបក្ស «ប្រជាជនកម្ពុជា»។

សូមបញ្ជាក់ថា បច្ចុប្បន្នចំនួនអ្នកដែលបានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតមានជាង ៨.៣លាននាក់៕

 

ប្រភព៖ http://www.freshnewsasia.com/index.php/en/localnews/88292-2018-05-29-23-38-16.html

 

Facebook Comment

Related Articles