ទីបំផុតក្រុម ISIS ត្រឡប់​មកវិញ​ហើយ ដោយ​ប្តេជ្ញាដណ្តើម​យកដី​នៅស៊ីរី មក​គ្រប់គ្រង​វិញ​ជា​បណ្តើរៗ…

582 Views
June 9, 2018

(ស៊ីរី)៖ តាមរយៈការវាយ​ប្រហារបំផ្ទុះ​គ្រាប់បែកអត្តឃាត​ អស់រយៈពេល​ជាច្រើនខែ នៅទីបំផុត​ក្រុមភេរវករ ISIS នៅថ្ងៃសុក្រ​សប្ដាហ៍នេះ បានវាយ​ដណ្ដើមយកផ្នែក​មួយ នៃទីក្រុង អាល់ប៊ួកាម៉ាល់ (Al-Boukamal) ពីកងកម្លាំង​រដ្ឋាភិបាលស៊ីរីត្រឡប់​មកវិញ ហើយដែលនេះ​កំពុងក្លាយ​ជាការ​ព្រួយបារម្ភថ្មីមួយ ខា្លចក្រែង​​ក្រុមអង្គការភេរវកកម្ម​មួយនេះ​ បង្កើតឥទ្ធិពល​​ជាថ្មី​នៅស៊ីរី។ នេះបើ​តាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន​បារាំង ឡឺម៉ុង (Le Monde) នៅរសៀលថ្ងៃសៅរ៍ ទី០៩ ខែមិថុនា ឆ្នាំ២០១៨។

ក្រុម ISIS បានបាត់បង់​ទីក្រុង Al-Boukamal កាលពី​ខែវិច្ឆិកា ឆ្នាំ២០១៧ បន្ទាប់ពីបរាជ័យ​ជាបន្តបន្ទាប់​ ក្រោមស្នាដៃ​កងកម្លាំងរដ្ឋាភិបាល​ទីក្រុងដាម៉ាស់ និងកងកម្លាំង​ប្រជាធិបតេយ្យ​ឃើដស៊ីរី គាំទ្រដោយ​សហរដ្ឋអាមេរិក។ ប៉ុន្តែ នៅអំឡុង​ពេលបើកវាយ​ប្រហារ​ជាថ្មីលើទីក្រុង​មួយនេះ ក្រុម ISIS បាន​អះអាងថា ពួកគេមាន​កងកម្លាំងដែលអាច​តស៊ូប្រយុទ្ធ​ ដណ្ដើមយកទឹកដី​ដែលខ្លួន​ធ្លាប់គ្រប់ គ្រងមកវិញ។

មិនតែប៉ុណ្ណោះ អង្គការឃ្លាំ​មើលសិទ្ធិមនុស្ស​ស៊ីរី ក៏បានឱ្យ​ដឹងដែរថា កងកម្លាំងស្ម័គ្រស្មោះ​នឹងរបបដឹកនាំស៊ីរី ២០៩នាក់ ត្រូវបានសម្លាប់​នៅក្នុងប្រតិបត្តិការ​វាយលុក​របស់ក្រុម ISIS គិតចាប់តាំង​ពីខែឧសភា​មក។

 

គួរបញ្ជាក់ថា Al-Boukamal គឺជាទីក្រុងមួយ​ស្ថិតនៅក្នុងខេត្ត ឌែរអេសហ្ស័រ (Deir ez-Zor) ជាប់ព្រំដែនជា​មួយអ៊ីរ៉ាក់ ដែលបានប្រកាស​ពីជ័យជម្នះ​លើក្រុម ISIS​ កាលពី​ចុងឆ្នាំ២០១៧។ គិតមកទល់​បច្ចុប្បន្ន ក្រុម ISIS​ កំពុងគ្រប់គ្រង​តំបន់មួយចំនួន ដែលលាតសន្ធឹងពី​ទីក្រុងដាម៉ាស់​ រហូតដល់ទីក្រុង Al-Boukamal យ៉ាងហោច​ណាស់ ៣ភាគរយ​នៃទឹកដី​ស៊ីរី ក្រោយធ្លាប់​បានគ្រប់គ្រង​ជិត ៥០ភាគរយ កាលពីចុង​ឆ្នាំ២០១៦៕

 

 

ប្រភព៖Fresh News

Facebook Comment

Related Articles