ទីផ្សារកសិផលកម្ពុជាកំពុងមានតម្រូវការទីផ្សារខ្ពស់ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ លោក វេញ សាខុន បានបញ្ជាក់កាលពីព្រឹកមិញនេះ !!

1164 Views
October 19, 2018

(ភ្នំពេញ)៖ តាមប្រភព Fresh News រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានបញ្ជាក់ថា “…ប្រជាកសិករកម្ពុជា កំពុងកែប្រែទម្លាប់ ពីការផលិតសម្រាប់បម្រើសេចក្តីត្រូវការរបស់ខ្លួន មកជាការផលិតសម្រាប់លក់ ព្រោះមានតម្រូវការទីផ្សារខ្ពស់”។លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨នេះ បានលើកឡើងថា កសិករកម្ពុជា បាននិងកំពុងប្រែក្លាយខ្លួនចេញពី «កសិករ» ទៅជា «កសិ-ពាណិជ្ជករ» ដើម្បីទទួលបានតម្លៃបន្ថែម ក្នុងជីវភាពរស់នៅរបស់ខ្លួន។

ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងឱកាសដែល លោក វេង សាខុន អញ្ជើញអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយ និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ «សេវាព័ត៌មានទីផ្សារកសិកម្ម» និងមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ជាច្រើនរូប ដែលរៀបចំធ្វើឡើងនៅទីស្តីការក្រសួងកសិកម្ម នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨នេះ។

ពិធីខាងលើនេះ រៀបចំធ្វើឡើងក្នុងគោលបំណង ដើម្បីចែកពីរំលែកបទពិសោធន៍ បញ្ហាប្រឈមដែលវិស័យសាធារណឯកជន និងសហគមន៍កសិករជួបប្រទះ ដើម្បីកំណត់នូវអាទិភាព នៃបញ្ហាប្រឈមនានា និងរិះរកវិធានការ អន្តរាគមន៍ដោះស្រាយប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា សម្រាប់ជាប្រយោជន៍ ដល់ប្រជាកសិករដែលមានជីវភាពរស់នៅ ដោយពឹងអាស្រ័យលើមុខរបរកសិកម្មជាចម្បង។

ថ្លែងក្នុងពិធីនោះ លោក វេង សាខុន បានបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះ ប្រជាកសិករកម្ពុជា កំពុងកែប្រែទម្លាប់ ពីការផលិតសម្រាប់បម្រើ សេចក្តីត្រូវការរបស់ខ្លួន មកជាការផលិតសម្រាប់លក់ ព្រោះមានតម្រូវការទីផ្សារខ្ពស់ ហើយទន្ទឹមនឹងនេះ សហគមន៍កសិកម្ម កំពុងក្លាយជាកម្លាំងចលករមួយយ៉ាងសំខាន់ ដែលនាំឲ្យមានការផ្លាស់ប្តូរជាវិជ្ជមាន នៅក្នុងសង្គមជនបទកម្ពុជា។ នេះជាការបង្ហាញឲ្យឃើញថា កសិករកម្ពុជា បាននិងកំពុងប្រែក្លាយខ្លួនចេញពី «កសិករ» ទៅជា «កសិ-ពាណិជ្ជករ» ដើម្បីទទួលបានតម្លៃបន្ថែម ក្នុងជីវភាពរស់នៅរបស់ខ្លួន»។

លោក វេង សាខុន បានបន្ថែមទៀតថា ក្នុងបរិបទនេះ យើងក៏សង្កេតឃើញថា មានស្ថាប័នជាច្រើនទាំងរដ្ឋ វិស័យឯកជន និងអង្គការក្រៅរដ្ឋាភិបាល បាននិងកំពុងផ្តល់សេវាកម្ម ដើម្បីបង្កើនចំណេះដឹង និងចំណេះធ្វើ ដល់កសិករនៅមូលដ្ឋាន យ៉ាងសស្រាក់សស្រាំ។

រដ្ឋមន្ត្រីក្រសួងកសិកម្មបានបន្ដថា មានកសិករជាច្រើន បានក្រេបជញ្ជក់យកបទពិសោធន៍ និងទេពកោសល្យទាំងអស់នោះ យកទៅអនុវត្តប្រកបដោយភាពឧស្សាហ៍ព្យាយាម និងច្នៃប្រឌិតដោយទទួលបានលទ្ធផល ជាផ្លែផ្កាយ៉ាងត្រចះត្រចង់ នៅក្នុងតំបន់ជាច្រើន ទៅតាមអនុវិស័យនីមួយៗ៕

ប្រភព៖ freshnews

Facebook Comment

Related Articles