ប្រតិភូកម្ពុជា និងសហប្រជាជាតិ ពិភាក្សាលើនីតិវិធីនៃការពន្លឿនកិច្ចសហប្រតិបត្តិការជាមួយកម្មវិធីពីមូលនីធិបរិស្ថានសាកល

ក្នុងឱកាសចូលរួមកិច្ចប្រជុំលើកទី២ បណ្តាប្រទេសភាគីហត្ថលេខី នៃអនុសញ្ញាមីណាម៉ាតាស្តីពីបារត ឯកឧត្តមអ៊ាង សុផល្លែត រួមជាមួយឯកឧត្តមឯកអគ្គរាជទូត តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអ.ស.ប នៅទីក្រុងហ្សឺណែវ និងសហការីបានបន្តជួបពិភាក្សាការងារដោយឡែកជាមួយលោក Anil Bruce Sookdeo អ្នកជំនាញជាន់ខ្ពស់ផ្នែកបរិស្ថាន នៃមូលនីធិបរិស្ថានសាកល (Global Environmental Facility –GEF) និងលោក Ludovic Bernaudat មន្ត្រីទទួលបន្ទុកកម្មវិធីសារធាតុគីមី និងសុខភាព របស់កម្មវិធីបរិស្ថានសហប្រជាជាតិ (United Nations Environmental Program -UNEP)។
កិច្ចពិភាក្សាបានផ្តោតជាសំខាន់លើនិតីវិធីនៃការពន្លឿនដំណើរការស្នើសុំការគាំទ្រថវិកាអនុវត្តគម្រោង និង/ឬកម្មវិធីពីមូលនីធិបរិស្ថានសាកល។ នេះជាការពិភាក្សាលើនីតិវិធីលំអិតបន្ថែម ដើម្បីឆ្លើយតបតាមសំណូមពរដែលកម្ពុជាបានលើកជាសំណើរតាមរយៈសេចក្តីថ្លែងការណ៍នៅក្នុងកិច្ចប្រជុំពេញអង្គកន្លងទៅ។
ក្រោយពីបានស្តាប់នូវសំណូមពរដើម្បីបង្កភាពងាយស្រួលចំពោះដាក់គម្រោងសំណើរ ជាមួយនឹងការបញ្ជាក់សាជាថ្មីពីជំហររបស់កម្ពុជាក្នុងការចូលរួមអនុវត្តអនុសញ្ញាមីណាម៉ាតាស្តីពីបារត លោក Anil Bruce Sookdeo បានឯកភាពទទួលយកនូវសំណើរនេះ និងបានផ្តល់យោបល់អោយកម្ពុជារៀបចំគម្រោងសំណើរចំនួន២គឺ ទី១ គួររៀបចំគម្រោងសំណើស្តីពីការគ្រប់គ្រងសារធាតុគីមី (Chemical management) និងសូមដាក់ជូនត្រង់ទៅមូលនីធិបរិស្ថានសាកល (Global Environmental Facility -GEF) និងកម្មវិធីបរិស្ថានសហប្រជាជាតិ (United Nations Environmental Program -UNEP)។ ដើម្បីជួយជំរុញការរៀបចំនេះ លោក Ludovic នឹងផ្តល់ជូននូវគំរូនៃទម្រង់បែបបទដែលត្រូវរៀបចំជាសំណើរ ក្នុងសប្តាហ៍នេះ។
គម្រោងសំណើទី២ គឺកម្ពុជាបានស្នើរៀបចំជាគម្រោងស្តីពីការគ្រប់គ្រងសារធាតុ ឬសំណល់គ្រោះថ្នាក់ (Hazadous waste/ substence management) ដោយប្រើប្រាស់ថវិកាតាមយន្តការ Stockholm Convention។ ចំពោះសំណើនេះ គឺភាគីទាំង២ បានឯកភាពធ្វើការរៀបចំឱ្យបានស្របពេលជាមួយគ្នា នឹងគម្រោងទី១។
ឯកឧត្តមអ៊ាង សុផល្លែត បានឯកភាពទទួលយកនូវការជូនយោបល់សម្រាប់ការកសាងគម្រោងទី១ និងទី២ ខាងលើ និងបានសម្តែងនូវអំណរគុណចំពោះការជួយជំរុញការងាររៀបចំបែបបទឯកសារ ដោយបានបញ្ជាក់ថា ការគ្រប់គ្រងសារធាតុគីមី និងការគ្រប់គ្រងសារធាតុបារត ក៏ដូចជាកាកសំណល់បារត គឺជាកត្តាសំខាន់ និងចាំបាច់ ដោយសារតែការសាយភាយកាកសំណល់នៃសារធាតុនេះទៅក្នុងទឹក ដី និងបរិយាកាស កំពុងតែក្លាយជាបញ្ហាប្រឈមចំពោះសុខភាពមនុស្ស ជាពិសេសគឺស្ត្រីមានផ្ទៃពោះ និងកុមារ។
ជាការឆ្លើយតប លោក Anil និងលោក Ludovic បានឯកភាពនូវការលើកឡើងខាងលើ និងបានស្នើសុំអោយកម្ពុជារៀបចំ និងបញ្ចប់គម្រោងទាំង២ ដើម្បីដាក់ពិភាក្សាក្នុងបេសកកម្មរបស់លោក Ludovic Bernaudat ដែលនឹងប្រព្រឹត្តទៅនៅខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ។
មានវីដេអូខាងក្រោម៖
ប្រភព៖ក្រសួងបរិស្ថាន