អ្នកស្រីសូ សាវឿនមានងារជា ម្ចាស់រៃកណ្តឹងនិងជាមាតាសារ៉ាវ៉ាន់ (មានវីដេអូ)
អ្នកស្រីសូ សាវឿន មានថ្ងៃ ខែ ឆ្នាំកំណើតថ្ងៃទី១ ខែមិថុនា ឆ្នាំ១៩៤៥ និងកន្លែងកំណើតឃុំបឹងងោង ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ លោកសូ ប៉ុក អតីតទាហានជំនាន់ខ្មែរឥស្សរៈ និងអ្នកស្រីតាត វិល ជាឪពុកម្តាយរបស់អ្នកស្រីសូ សាវឿន ។ បងប្អូនបង្កើតរបស់អ្នកស្រីសូ សាវឿន មានតែ២នាក់ប៉ុណ្ណោះ ។

លូតលាស់ពីវង់ល្ខោនបាសាក់ក្លាយជាអ្នកចម្រៀងសម័យដោយ មានឪពុកធំស្នាក់នៅដំណាក់លោកឃុន តាក ដែលជាថៅកែល្ខោនបាសាក់នោះ អ្នកស្រីសូ សាវឿន បានចាកចេញពីស្រុកកំណើតមករស់នៅទីនោះដែរ។ អ្នកស្រីសូ សាវឿន បានចូលជាសមាជិកក្រុមល្ខោនបាសាក់ផ្សារស៊ីឡឹប នៅរាជធានីភ្នំពេញ ។ ទីនោះហើយដែលជាមាគ៌ានាំជីវិតអ្នកស្រីសូ សាវឿន ក្លាយជាបុគ្គលល្បីឈ្មោះនាពេលក្រោយ តាមរយៈអាជីពចម្រៀងសម័យ ។

លោក កែវ ឯម ជាតន្ត្រីករ និងជាអ្នកសម្រួលតន្ត្រីមានឈ្មោះល្បីមួយរូប ក្នុងពិភពសិល្បៈចម្រៀងសម័យបានពេញចិត្តចំពោះទឹកដមសំឡេងរបស់ អ្នកស្រីសូ សាវឿន ។ អ្នកស្រីសូ សាវឿន បានហាត់រៀនផ្នែកចម្រៀងសម័យក្រោមការបង្ហាត់បង្រៀនបណ្តុះបណ្តាលពី លោកកែវ ឯម ។ ដោយមានទឹកដមសំឡេងល្អ និងទេពកោសល្យពីធម្មជាតិ អ្នកស្រីសូ សាវឿន បានលូតលាស់បែកត្រួយពីវង់ល្ខោនទៅជាអ្នកចម្រៀងសម័យ ។ ក្នុង ជីវិតជាអ្នកចម្រៀងអ្នកស្រីសូ សាវឿន បានដុះពន្លកក្នុងក្រុមតន្ត្រីយោធាភិរម្យ ។

អ្នកចម្រៀងក្នុងក្រុមតន្ត្រីយោធាភិរម្យស្រករគ្នានឹងអ្នកស្រីសូ សាវឿន មានអ្នកម្នាងសៀង ឌី, អ្នកស្រីឈួន ម៉ាឡៃ, អ្នកស្រីឈុន វណ្ណា និងអ្នកស្រី ម៉ៅ សារ៉េត ។ អ្នកស្រីសូ សាវឿន បានរំលេចជីវិតក្នុងពិភពសិល្បៈចម្រៀងមានភាពលេចធ្លោប្រដំប្រសងនឹង អ្នកចម្រៀង ផ្សេងៗនាជំនាន់ជាមួយគ្នានោះ ។

អ្នកស្រីជាអ្នកច្រៀងចង្វាក់ប្រជាប្រិយសារ៉ាវ៉ាន់មុនគេ ៖ តាម រយៈបទចម្រៀង «ឱ!ពពេចចៀប» ស្នាដៃនិពន្ធរបស់លោកវ៉ែន សុន អ្នកស្រីសូ សាវឿន គឺជាអ្នកច្រៀងបទចង្វាក់ប្រជាប្រិយសារ៉ាវ៉ាន់ដំបូងគេនៅប្រទេស កម្ពុជា ។បទចម្រៀង «ឱពពេចចៀប» ថតផ្សាយដោយក្រុមតន្ត្រីរាជតម្រួតភិរម្យនៅពេលដង្ហែព្រះមហាក្សត្រ ព្រះនរោត្តម សីហនុ ពេលយាងទៅស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។ អ្នកនិពន្ធ ទំនុកច្រៀងសម្រាប់អ្នកស្រីសូ សាវឿន ក្រៅពីលោកវ៉ែន សុន មានលោកគង្គ ប៊ុនឈឿន លោកម៉ា ឡៅពី និងលោកស្វាយសំអឿជាដើម ។

អ្នកស្រីងារអ្នកចម្រៀងសំឡេងរៃកណ្តឹង ៖ ទឹកដម សំឡេងគ្រលួចស្រួយស្រេះញ៉ាំងឱ្យអ្នកស្រីសូ សាវឿន ទទួលបានងារជា «អ្នកចម្រៀងសំឡេងរៃកណ្តឹង» ។ លោកម៉ា ឡៅពី ជាអ្នកនិពន្ធទំនុកច្រៀងដ៏ល្បីឈ្មោះ គឺជាអ្នកប្រសិទ្ធនាមងារ «អ្នកចម្រៀងសំឡេងរៃកណ្តឹង» នេះជូនអ្នកស្រីសូ សាវឿន ។ ទឹកដម សំឡេងពីរោះគ្រលួចស្រួយស្រេះពីធម្មជាតិរបស់អ្នកស្រីសូ សាវឿន មានការលើកឡើងថា អ្នកចម្រៀងដទៃពិបាកនឹងច្រៀងត្រាប់តាមអ្នកស្រីបាន ។
សូមទស្សនាវីដេអូខាងក្រោម៖
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា