កិច្ចប្រជុំពិភាក្សារបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាននិងសង្គមពេញលេញសម្រាប់គម្រោងបង្កើតរោងចក្រផលិតសារធាតុ Vanadium Pentoxide, Ammonium metavana data, Molybdenum Oxide និង Ferronicket

249 Views
January 5, 2019

តាមរយៈគណនីក្រសួងបរិស្ថាន នៅព្រឹកសុក្រ ១៣ រោច ខែមិរសិគឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិភាក្សាលើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាននិងសង្គមពេញលេញ
សម្រាប់គម្រោងបង្កើតរោងចក្រផលិតសារធាតុ Vanadium Pentoxide, Ammonium metavana data, Molybdenum Oxide និង Ferronicket ក្រុមហ៊ុន AUROTIME NEW MATERIALS CO., LTD.។ រោងចក្រនេះនឹងត្រូវសាងសង់លើផ្ទៃដីទំហំ៤,៤៧ហិកតា ដែលមានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ក្នុងភូមិពូធឿង ឃុំបិតត្រាំង និងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងត្រូវបានសិក្សានិងវាយតម្លៃដោយក្រុមហ៊ុនទីប្រឹក្សា RCBCC Co., Ltd.។

កិច្ចប្រជុំបានប្រព្រឹត្តទៅដោយមានការពិភាក្សាយ៉ាងផុលផុស និងទទួលបាននូវធាតុចូលពីបណ្តាសមាជិក សមាជិកានៃអង្គរប្រជុំ តាមទស្សនៈនៃគំនិតជំនាញបច្ចេកទេស។ ជាលទ្ធផល អង្គប្រជុំបានឯកភាពក្នុងការតម្រូវឱ្យក្រុមហ៊ុនត្រូវមាន៖
(១). វិធានការលំអិតស្តីពីការប្រើប្រាស់ឯកសណ្ឋានការងារ ជាពិសេសការការពារ សុវត្ថិភាព សុខភាព អនាម័យ និងរៀបចំសម្ភារៈសង្គ្រោះបន្ទាន់ និងជាពិសេសគឺការធានារ៉ាប់រងអាយុជីវិត ដល់និយោជិត
(២). ផែនការគ្រប់គ្រងសំណល់រឹង-រាវអោយស្របតាមបទដ្ឋានបច្ចេកទេស និងទំហំផលិតកម្ម
(៣). ត្រូវបំពាក់ឧបករណ៍តាមដានគុណភាពការបញ្ចេញផ្សែងស្វ័យប្រវត្តិ និងត្រូវស្វែងរកបច្ចេកវិទ្យាកាត់បន្ថយការបំភាយឧស្ម័នពុល និងលម្អងធូលី ដោយធានានូវសមត្ថភាពខ្ពស់តាមកម្រិតបទដ្ឋានបច្ចេកទេស
(៤). រៀបចំផែនការគ្រប់គ្រង ការទុកដាក់ វេចខ្ចប់ និងដឹកជញ្ជូន នូវសារធាតុដែលជាវត្ថុធាតុដើម និង ផលិតផលសំរេច
(៥). សហការអោយបានល្អជាមួយស្ថាប័ន និង អាជ្ញាធរដែនដីដែលពាក់ពទ្ធ
(៦). គោរពតាមនីតិវិធីច្បាប់របស់ព្រះរាណាចក្រកម្ពុជា តាមវិស័យដែលពាក់ពទ្ធ័នឹងការអនុវត្តគម្រោង។
គួរបញ្ជាក់ថា កិច្ចប្រជុំនេះ មានការចូលរួមពី តំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន តំណាងអន្តរក្រសួង តំណាងរដ្ឋបាលខេត្ត និង

មន្ទីរបរិស្ថានខេត្តព្រះសីហនុ តំណាងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាននៃក្រសួងបរិស្ថាន ដែលជាលេខាធិការដ្ឋាន ក្រុមការងារសម្របសម្រួលវាយតម្លៃហេតុប៉ះពាល់បរិស្ថាន(ស.វ.ហ.ស្ថ. ) តំណាងក្រុមហ៊ុនAUROTIME NEW MATERIALS CO., LTD.(ម្ចាស់គម្រោង) និងតំណាងក្រុមហ៊ុនទីប្រឹក្សា RCBCC CO.,LTD។

Facebook Comment

Related Articles