លោកជំទាវ ភឿង សកុណា៖ គ្មានជោគជ័យពីក្រៅណាមួយកើតឡើង ដោយគ្មានជោគជ័យពីផ្ទៃក្នុងខ្លួនឯងនោះឡើយ!

ក្នុងឱកាសផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន អំពីគណៈកម្មាធិការអន្ដរជាតិសម្របសម្រួល កិច្ចគាំពារ និង អភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថាអាយស៊ីស៊ី-អង្គរ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួង វប្បធម៌ និង វិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា៖ អាយស៊ីស៊ី-អង្គរបានដំណើរការយ៉ាងល្អប្រសើរ និង ជាគំរូសម្រាប់ពិភពលោករយៈពេល២៥ឆ្នាំមកហើយ និងជាជោគជ័យយ៉ាងត្រចះត្រចង់នៃយន្តការអន្តរជាតិមួយ ដែលមានការចូលរួមពីអង្គការយូណេស្កូ ប្រទេសបារាំង ប្រទេសជប៉ុន ក្នុងនាមជាសហប្រធាន រាជរដ្ឋាភិបាលកម្ពុជា និងដៃគូអន្តរជាតិជាច្រើនទៀត។ ទន្ទឹមគ្នានេះដែរ ជោគជ័យទាំងនោះ មិនអាចកើតឡើងបានឡើយ បើគ្មានការ ជោគជ័យពីផ្ទៃក្នុងខ្លួនឯងជាមុន។
ជោគជ័យផ្ទៃក្នុងទាំងនោះរួមមាន ឆន្ទៈដ៏មោះមុតនិងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការថែរក្សាបេតិកភណ្ឌវប្បធម៌ឱ្យបានគង់វង្ស ព្រមទាំងការចូលរួមដោយផ្ទាល់របស់អង្គព្រះមហាក្សត្រ ដែលព្រះអង្គគង់ជាព្រះប្រធានកិត្តិយសនៃអាយស៊ីស៊ី-អង្គរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ ព្រមទាំងបានផ្តល់នូវការជួយជ្រោមជ្រែងគ្រប់សព្វបែបយ៉ាងលើកិច្ចការថែរក្សាមរតកដូនតាដ៏ឧត្តុងឧត្តមនេះ។ ជាពិសេសកត្តាសុខសន្តិភាពពេញលេញក្នុងផ្ទៃប្រទេសនាំមកនូវការអភិវឌ្ឍគ្រប់វិស័យ បានអនុញ្ញាតឱ្យយើងពង្រឹងខ្លួន ដើម្បីធ្វើការជាមួយអ្នកជំនាញអន្តរជាតិផងនិងខ្លួនឯងផង។
ការគាំទ្រពីមហាជនទូទៅ ការយល់ដឹងពីតម្លៃនៃបេតិកភណ្ឌជាតិ ក៏ជាចំណុចយ៉ាងសំខាន់ក្នុងការចូលរួមចំណែកនៃជោគជ័យនេះដែរ។ ឧទាហរណ៍ជាក់ស្តែង គឺការសម្រេចព្រះទ័យរបស់ព្រះសង្ឃគង់នៅវត្តលលៃដោយស្ម័គ្រព្រះទ័យធ្វើការផ្លាស់ប្តូរកុដិនិងសំណង់ក្នុងវត្តពីលើខឿនប្រាសាទលលៃ មកគង់នៅផ្នែកខាងក្រោមនៃបរិវេណប្រាសាទលលៃវិញ។ នេះគឺជាគំរូដ៏ល្អសម្រាប់ជាតិនិងអន្តរជាតិដើម្បីចៀសវាងការប៉ះពាល់ដល់បុរាណដ្ឋាននានា។
កត្តាជោគជ័យចុងក្រោយ គឺការពង្រីកនិងពង្រឹងសមត្ថភាព ចំណេះដឹង ចំណេះធ្វើរបស់អ្នកជំនាញជាតិ។ បច្ចុប្បន្នអ្នកជំនាញខ្មែរ ពិសេសអ្នកជំនាញវ័យក្មេងមានសមត្ថភាពក្នុងការបំពេញការងារបានយ៉ាងល្អប្រសើរ និងពង្រឹងសមត្ថភាពខ្លួនបន្ថែម ព្រោះថាបើខ្លួនយើងមិនរឹងមាំ យើងមិនអាចសហការជាមួយស្ថាប័នខាងក្រៅបានឡើយ។ ជាក់ស្តែង អ្នកជំនាញខ្មែរកំពុងតែបានដឹកនាំនិងអនុវត្តដោយផ្ទាល់នូវគម្រោងជួសជុលយ៉ាងច្រើនក្នុងរមណីយដ្ឋានអង្គរ៕
អត្ថបទ៖ កញ្ញា ហ៊ីង ស្រីរ័ត្ន
រូបភាព៖ លោក ហាប់ គឹមអាន / លោក ហ៊ុំ រិទ្ធី / លោក សឿន ប៊ុនស៊រ
ប្រភព៖ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: