ឯកឧត្តមរដ្ឋមន្រ្តី សាយ សំអាល់ គាំទ្រឱ្យសមាគមអភិរក្សដំរីខ្មែរ បង្កើតជាមជ្ឈមណ្ឌលបង្កាត់ពូជដំរីនៅកម្ពុជា..!!

183 Views
June 13, 2019

នៅក្នុងជំនួបជាមួយ លោកស្រី ចិន្តា ក្លេ ប្រធានសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា នាទីស្តីការក្រសួងបរិស្ថាន កាលពីព្រឹកថ្ងៃច័ន្ទ ៨កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានគាំទ្រដល់សមាគមអភិរក្សដំរីខ្មែរអៃរាវត្តាដែលមានទីតាំងក្នុងខេត្តរតនគីរី បង្កើតជាមជ្ឈមណ្ឌលបង្កាត់ពូជដំរី ដើម្បីធ្វើការអភិរក្ស និងបង្កើនចំនួនដំរីនៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថាក្រសួងបរិស្ថាន នឹងពិនិត្យលើការសហការគាំទ្រទាំងស្មារតី និងបច្ចេកទេស ដើម្បីជួយឱ្យសមាគមមានលទ្ធភាព និងគុណភាពក្នុងការបង្កើនពូជដំរីឱ្យបានច្រើន ដែលជាការរួមចំណែកដល់ការការពារ និងអភិរក្សធនធានធម្មជាតិនៅកម្ពុជា។ នៅក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបាន លើកទឹកចិត្ត និងគាំទ្រដល់សមាគម បង្កើតសកម្មភាពអប់រំផ្សព្វផ្សាយលើសារៈសំខាន់នៃការអភិរក្សដំរីដល់កុមារ នៅតាមសាលារៀន ដើម្បីជួយបណ្តុះគំនិតវិជ្ជមាន ចូលរួមដល់ការអភិរក្សថនិកសត្វប្រភេទធំ និងងាយរងគ្រោះនៅលើពិភពលោក។


លោកស្រី ចិន្តា ក្លេ បានសំដែងនូវការរីករាយ និងថ្លែងអំណរគុណចំពោះការចូលរួមសហការពីក្រសួងបរិស្ថាន ជាពិសេសការគាំទ្រដល់សកម្មភាពការអភិរក្សដំរី និងគម្រោងបង្កើតកន្លែងបង្កាត់ពូជដំរីដំបូងគេនៅកម្ពុជា។ លោកស្រីប្រធានសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា បានបញ្ជាក់ថា ដើម្បីថែរក្សា និងអភិរក្សសត្វដំរីកម្ពុជា និងប្រពៃណីហ្មដំរីតាំងពីបរមបុរាណ ដែលមាននៅសេសសល់ក្នុងខេត្តភាគឦសានប្រទេស មូលនិធិសមាគមអភិរក្សដំរីអៃរាវត្តា (Airavata Khmer Elephant Foundation) ត្រូវបានបង្កើតកាលពី ៤ ឆ្នាំមុនដោយផ្ដល់ឱកាសឲ្យភ្ញៀវទេសចរទទួលបានភាពស្និទ្ធស្នាលជាមួយ សត្វដំរីចិញ្ចឹមក្នុងបរិស្ថាននៃព្រៃធម្មជាតិ។

មូលនិធិនេះនឹងរួមចំណែកអភិរក្សព្រៃឈើជាជម្រកសត្វព្រៃក៏ ដូចជាធ្វើឲ្យរស់រានឡើងវិញនូវប្រពៃណីចិញ្ចឹមមើលថែសត្វដំរី។ ស្ថិតនៅចម្ងាយតែពីរគីឡូម៉ែត្រពីក្រុងបានឡុង តំបន់អភិរក្សដំរីអៃរាវត្តា សត្វដំរីចំនួន៤ក្បាលកំពុងទទួលបានថែទាំ និងអភិរក្សដោយសមាគម ផ្ដល់ចំណី និងថែទាំដំរីក្នុងជម្រកព្រៃធម្មជាតិ ព្រៃសហគមន៍ទំហំ ៣០០ ហិកតា និងបន្ថែមដោយផ្ទៃដីកសិកម្ម ៦០ ហិកតា។
សូមបញ្ជាក់ថាក្រសួងបរិស្ថាន បានប្តេជ្ញាចិត្តខិតខំប្រឹងប្រែងដោយ ពង្រឹងកិច្ចសហការឱ្យបានល្អនៅគ្រប់កម្រិតស្ថាប័នរដ្ឋាភិបាល អង្គការជាតិ និងអង្គការអន្តរជាតិ ដើម្បីគាំទ្រ កិច្ចគាំពារបរិស្ថាន ការពារ អភិរក្ស និងប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព ស្របតាមគោល នយោបាយយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។

Facebook Comment

Related Articles