អគ្គនាយកដ្ឋានគាំពារបរិស្ថាន នៃក្រសួងបរិស្ថាន បើកកិច្ចប្រជុំលើកទី៤ សហការជាមួយក្រុមអ្នកជំនាញអង្គការ JICA

112 Views
June 17, 2019

នៅថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម អ៊ាង សុផល្លែត អញ្ជើញចូលរួមក្នុងឱកាសនៃការបើកកិច្ចប្រជុំលើកទី៤ របស់គណៈកម្មការអន្តរក្រសួង សម្រាប់សម្របសម្រួលការអនុវត្តគម្រោងប្រកបដោយប្រសិទ្ធភាពក្នុងការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងត្រួតពិនិត្យការបំពុល ដែលបានរៀបចំឡើងដោយ អគ្គនាយកដ្ឋានគាំពារបរិស្ថាន នៃក្រសួងបរិស្ថាន សហការជាមួយក្រុមអ្នកជំនាញអង្គការ JICA។

គម្រោងនេះ មានគោលបំណងធ្វើវិសោធនកម្មអនុក្រឹត្យលេខ២៧ អនក្រ.បក ស្តីពីការត្រួតពិនិត្យការបំពុលទឹក ដើម្បីបង្កើតជាគោលការណ៍ណែនាំមួយស្តីពីការវាយតម្លៃហេតុប៉ះពាល់ បរិស្ថាន ទៅលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់និងផ្លូវដែក ឧស្សាហកម្មធន់ធ្ងន់ និងតំបន់សេដ្ឋកិច្ចពិសេស។

ជាមួយនេះ គម្រោងក៏បានផ្តល់នូវការបណ្តុះបណ្តាលធនធានមនុស្សដល់អគ្គនាយកដ្ឋានគាំពារបរិស្ថាន នៃក្រសួងបរិស្ថាន និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ស្តីពីការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងត្រួតពិនិត្យការបំពុលបរិស្ថាន។
ឯកឧត្តមបានគូសបញ្ជាក់ថា តាមរយៈលទ្ធផលដែលទទួលបានកន្លងមក ឯកឧត្តមសូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារអនុវត្តគម្រោង ដែលសម្រេចបាននាពេលកន្លងមក ដូចជា៖


-ការពិភាក្សា និងពិគ្រោះយោបល់លើការធ្វើវិសោធនកម្មអនុក្រឹត្យលេខ២៧ ស្តីពីការត្រួតពិនិត្យការបំពុលទឹក
-កិច្ចពិភាក្សាអំពីសេចក្តីព្រាងអនុក្រឹត្យស្តីពីការត្រួតពិនិត្យការបំពុលទឹក សេចក្តីព្រាងប្រកាសស្តីពីការចុះបញ្ជីនៃមន្ទីរពិសោធន៍សំរាប់ការវិភាគទឹក សេចក្តីព្រាងប្រកាសស្តីពីវិធីសាស្ត្រសម្រាប់ការវិភាគគុណភាពទឹក សេចក្តីព្រាងគោលការណ៍ណែនាំស្តីពីការបង្កើតអាងប្រព្រឹត្តកម្មសំណល់រាវ

សេចក្តីព្រាងគោលការណ៍ណែនាំស្តីពីការធ្វើអធិការកិច្ចរោងចក្រ និងសេចក្តីព្រាងគោលការណ៍ណែនាំស្តីពីការការពារការបំពុលទឹកក្រោមដី
-កិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងគោលការណ៍ណែនាំស្តីពីហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងផ្លូវដែក
-ការផ្តល់វគ្គបណ្តុះបណ្តាលគោលការណ៍ណែនាំណែនាំស្តីពីការបង្កើតអាងប្រព្រឹត្តិកម្មសំណល់រាវ និងការធ្វើអធិការកិច្ចរោងចក្រ និង
-ទស្សនកិច្ចសិក្សាដើម្បីស្វែងយល់អំពីដំណើរការវាយតម្លៃហេតុប៉ះបរិស្ថាន ការគ្រប់គ្រងគុណភាពខ្យល់ គុណភាពទឹក ការគ្រប់គ្រងសំណល់គ្រោះថ្នាក់ និងការធ្វើអធិការកិច្ចរោងចក្រ។


ជាមួយនឹងស្ថានភាពបច្ចុប្បន្ន ស្របនឹងល្បឿននៃការអភិវឌ្ឍរបស់កម្ពុជា ឯកឧត្តមសូមឱ្យក្រុមការងារអនុវត្តគម្រោង ពន្លឿនការពិគ្រោះយោបល់លើគោលការណ៍ណែនាំស្តីពីការត្រួតពិនិត្យរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងគោលកាណ៍ណែនាំស្តីពីវាយតម្លៃហេតុប៉ះពាល់បរិស្ថានលើឧស្សាហម្មធន់ធ្ងន់ និងតំបន់សេដ្ឋកិច្ចពិសេស

ដោយគោលការណ៍ណែនាំ និងលិខិតបទដ្ឋានទាំងនេះ គឺជាឧបករណ៍គតិយុត្តដ៏សំខាន់សម្រាប់ការងារវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ដើម្បីកាត់បន្ថយគ្រោះថ្នាក់ដែលកើតមានឡើងទាំងនៅក្នុងកំឡុងពេលកំពុងសាងសង់ និងបន្ទាប់ពីបញ្ចប់គម្រោង។ ជាមួយនេះដែរ ឯកឧត្តមសូមក្រុមការងារគម្រោងបញ្ចប់ការកែសម្រួលអនុក្រឹត្យស្តីពីការត្រួតពិនិត្យការបំពុលទឹក និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗទៀត ប្រកបដោយប្រសិទ្ធិភាពខ្ពស់។

Facebook Comment

Related Articles