នាយករដ្ឋមន្ត្រីស្នើឲ្យអាជ្ញាធរពន្លឿនការតទឹកភ្លើងដល់ផ្ទះជួលដែលនៅសល់

512 Views
December 28, 2017

លោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន ក្រើនរំលឹកទៅអាជ្ញាធរឲ្យដោះស្រាយបញ្ហាចំនួន៨ចំណុចដល់កម្មករ ក្នុងនោះលោកជម្រុញឲ្យពន្លឿនការចុះតទឹកភ្លើងដល់ផ្ទះជួល ដែលលោកថា មិនទាន់មានទឹកភ្លើងរដ្ឋប្រើប្រាស់នៅឡើយ ខណៈជិតបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០១៨។

ក្នុងពិធីចុះជួបកម្មករ នៅរាជធានីភ្នំពេញនាថ្ងៃទី២៧ខែធ្នូនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា ដើម្បីធានានូវអត្ថប្រយោជន៍សម្រាប់កម្មករនិយោជិត មានបញ្ហា៨ចំណុច ដែលត្រូវដោះស្រាយនៅក្នុងឆ្នាំ២០១៨ ខាងមុខនេះ។ ក្នុងនោះ លោកថា មានដូចជា កម្មករទាំងអស់ត្រូវទទួលបានប្រាក់ខែ១៧០ដុល្លារ ចាប់ពីឆ្នាំ២០១៨តទៅ។ របបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព និយោជកជាអ្នកបង់ឲ្យកម្មករ។ ​អាជ្ញាធរត្រូវត្រួតពិនិត្យជាប្រចាំនូវថ្លៃឈ្នួលផ្ទះ ថ្លៃទឹក ភ្លើង ហើយត្រូវពន្លឿនការចុះតទឹកភ្លើងដល់ផ្ទះជួល ដែលមិនទាន់មានទឹកភ្លើងរដ្ឋប្រើប្រាស់ឲ្យបានឆាប់។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លៃងថា៖ «ថ្លៃត្រូវអនុវត្តតែ៨០០រៀល ក្នុងមួយម៉ែត្រគូបចាប់ពីខែ៩មក ហើយតែឥឡូវត្រូវត្រួតពិនិត្យថ្លៃទឹក ព្រោះក្រសួងឧស្សាហកម្មនិងក្រសួងសិប្បកម្មបានបញ្ចុះថ្លៃទឹកលក់ឲ្យ ម្ចាស់ត្រឹម៧០០រៀលម្ចាស់លក់ឲ្យកម្មករ កម្មាការិនីត្រឹមតែ៨០០រៀល។ ថ្លៃភ្លើងអនុវត្ត ៤៨០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង អ្នកដែលប្រើទាបជាង៥០គីឡូវ៉ាត់ក្នុងមួយខែត្រូវបន្តការខិតខំ ដើម្បីតភ្លើង តទឹក ទៅកាន់ ផ្ទះឈ្នូលទាំងឡាយដែលមិនទាន់មានទឹក មានភ្លើងរបស់រដ្ឋជាបន្តទៀត ដើម្បីកាត់បន្ថយការចំណាកកម្មករ កម្មាការិនី»។

 

លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន (FB: លោក ហ៊ុន សែន)

 

ករណីនេះ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី មានប្រសាសន៍ថា ផ្ទះជួលរបស់កម្មករដែលមិនទាន់មានទឹក ភ្លើងរដ្ឋប្រើប្រាស់បច្ចុប្បន្ននេះ គឺនៅសល់តិចតួចប៉ុណ្ណោះ ហើយពាក់ព័ន្ធកន្លែងនៅសល់សាលារាជធានីនឹងពន្លឿនចំពោះរឿងនេះឲ្យឆាប់ចប់។

លោកថា៖ «កិច្ចការនេះ យើងបានធ្វើតាំងពីការទទួលបានអនុសាសន៍ដំបូងមកពីថ្នាក់ដឹកនាំរបស់ប្រមុខរដ្ឋាភិបាលឲ្យជាប់រហូតតែម្ដងទៅតាមខណ្ឌនីមួយៗ ដែលមានទីតាំងភូមិសាសន៍និងមានបន្ទប់ឬក៏ផ្ទះជួលរបស់បងប្អូនកម្មករ កម្មាការិនីរបស់យើង។ អញ្ចឹងការងារនេះយើងបានយកចិត្តទុកដាក់ធ្វើច្រើនមកហើយ អ្វីដែលនៅសល់បន្តិចបន្តួចនេះគឺយើងនឹងពន្លឿនឬក៏ពង្រឹង យន្តការនៃការធ្វើឲ្យកាន់តែលឿនបន្ថែមទៀត ដើម្បីបញ្ចប់ការតទឹកតភ្លើងជូនដល់ផ្ទះកម្មករ»។

បើតាមការអះអាងរបស់កម្មករ ផ្ទះជួលដែលរដ្ឋមិនទាន់តទឹកភ្លើងដល់នោះ ម្ចាស់ផ្ទះយកថ្លៃ១៥០០រៀល ក្នុង​មួយគីឡូវ៉ាត់ ហើយសម្រាប់ថ្លៃទឹកវិញ ១ម៉ែត្រគូប ម្ចាស់ផ្ទះយកថ្លៃ ២០០០ ទៅ២៥០០រៀល។

ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ មានប្រសាសន៍ថា ប្រសិនរដ្ឋតទឹក ភ្លើងបានគ្រប់កន្លែង ជាការល្អ ដើម្បីកាត់បន្ថយការចំណាយរបស់កម្មករ។

លោកថា៖ «វាល្អទាំងកម្មករ ទាំងនិស្សិត ដែលនៅក្នុងច្បាប់ដែលគាត់បានលើកឡើង ថាតហើយវាល្អ ព្រោះកាត់បន្ថយការចំណាយរបស់កម្មករ និសិ្សត ឬក៏កម្មករផ្សេងៗទៀតដែលគាត់ក្រីក្រហ្នឹង។ យើងដឹងហើយប៉ុន្មានឆ្នាំ ហើយសូម្បីតែនៅតំបន់ ព្រែកលៀប តំបន់ខាងឫស្សីកែវមិនទាន់ត ទឹក តភ្លើងដល់ហ្នឹងផង កម្មករនិយោជិកនៅបង់ថ្លៃ»។

លោកបន្តថា ដើម្បីដឹងថា តំបន់ណាខ្លះដែលរដ្ឋមិនទាន់បានតទឹកតភ្លើងដល់នោះ រដ្ឋាភិបាលគួរតែផ្ដល់លេខទូរស័ព្ទដល់ពួកគេសម្រាប់ទំនាក់ទំនងផងដែរ៕

ប្រភព៖ vod

 

ព័ត៍មានផ្សេងៗ៖

រាជរដ្ឋាភិបាល សម្រេចបង្កើតក្រុមការងារចម្រុះមួយធ្វើការសិក្សាស្រាវជ្រាវ ដើម្បីត្រៀមធ្វើ​វិសោធនកម្មរដ្ឋធម្មនុញ្ញ

​ http://www.mekongjournal.com/posts/58072

Facebook Comment

Related Articles