មកអានដំបូន្មានដែលរូបវិទូ Stephen Hawking បន្សល់ទុកឲ្យកូនៗ! ច្បាស់ជាអាចត្រួសត្រាយជីវិតយើងបាន!

986 Views
March 15, 2018

មរណភាពរបស់រូបវិទូ និង អ្នកប្រាជ្ញវិទ្យាសាស្រ្ត ជនជាតិអង់គ្លេស Stephen Hawking កាលពីម្សិលមិញ បានធ្វើឲ្យមជ្ឈដ្ឋានជាច្រើនក្នុងពិភពលោកសោកស្ដាយ អាឡោះអាល័យ លោកជាពន់ពេក។ លោកមិនត្រឹមតែជាអ្នកវិទ្យាសាស្រ្តដ៏ល្អនិងល្បីល្បាញនោះទេ Stephen Hawking គឺជាបុគ្គលដ៏អស្ចារ្យម្នាក់ ដែលទទួលបានការគោរព និងកោតសរសើរពីអ្នកផងគ្រប់គ្នា។

 

 

 

 

 

 

 

មូលហេតុដែលហ៊ានថាលោកជាមនុស្សអស្ចារ្យ ព្រោះតែ Stephen Hawking ពិការតែកាយមែន តែចិត្តនិងខួរក្បាលរបស់លោកមិនពិការឡើយ។ ក្រៅពីមានស្នាដៃផ្នែកវិទ្យាសាស្រ្ត លោកតែងតែផ្ដល់ដំបូន្មានល្អៗសម្រាប់ជីវិត ខណៈដែលលោកព្យាយាមជំនះនឹងពិការភាពរបស់លោក។ ក្នុងចំណោមសម្ដីដែលមានន័យរបស់លោក គេចាប់អារម្មណ៍ដំបូន្មានដែលពិសេសនិងសំខាន់ៗចំនួន៣ ដែលលោកបានផ្ដាំកូនៗរបស់លោក កាលពីប៉ុន្មានឆ្នាំមុន។ ដូច្នេះ យើងក៏អាចយកមកពិចារណាហើយរៀនសូត្រ ដើម្បីប្រឈមនឹងបញ្ហាស្មុគស្មាញក្នុងជីវិតរបស់យើងផងដែរ។

 

 

 

 

 

 

 

 

 

 

លោក Stephen Hawking បានថ្លែងថា៖

 

«ទាំងនេះគឺជាដំបូន្មានសំខានបំផុតដែលខ្ញុំទុកឲ្យកូនៗរបស់ខ្ញុំ។ ទីមួយ ចងចាំថាត្រូវងើយមើលផ្កាយលើមេឃ កុំមើលតែជើងនៅខាងក្រោម។ ទីពីរ កុំបោះបង់ចោលការងារឲ្យសោះ។ ការងារផ្ដល់អត្ថន័យនិងគោលបំណងនៅក្នុងជីវិត ហើយជីវិតនឹងក្លាយជាសំបកទទេបើគ្មានការងារ។ ទីបី បើអ្នកមានសំណាងអាចរកឃើញស្នេហា សូមចាំថា វាកម្រ ហើយកុំបោះបង់វាចោល។»

 

 

 

 

 

 

 

 

 

 

 

 

 

សម្ដីតែ៣ឃ្លានេះ ហាក់ដូចជាជួយពញ្ញាក់ស្មារតីយើង និង អាចប្ដូរការគិតរបស់យើងនៅក្នុងជីវិតថែមទៀតផង។ សូមបញ្ជាក់ថា លោក Stephen Hawking ទទួលមរណភាពក្នុងវ័យ ៧៦ឆ្នាំ នៅក្នុងផ្ទះរបស់លោក។ លោកបានកើតជម្ងឺកម្រមួយឈ្មោះ Amyotrophic Lateral Sclerosis (ALS) តាំងពីអាយុ២១ឆ្នាំ ទើបធ្វើឲ្យលោកធ្លាក់ខ្លួនពិការរហូតមក។ ប៉ុន្ដែ លោកមិនបោះបង់ការតស៊ូនឹងជីវិតឡើយ រហូតដល់ក្លាយជាអ្នកប្រាជ្ញដ៏ល្បីល្បាញនៅយុវសម័យនេះ។ ទោះបីជាលោកចាកឆ្ងាយទៅហើយ តែស្នាដៃអស្ចារ្យរបស់លោកនឹងស្ថិតស្ថេររហូត ដូចពាក្យចាស់ថា «ទូកទៅ កំពង់នៅ»៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ប្រភព៖ http://abcnews.go.com/International/important-pieces-advice-stephen-hawking-gave-children/story?id=53738211

Facebook Comment

Related Articles