សារ៉ាយ សក្ខណា បង្ហោះរូបស្វីតទាំងព្រឹកជាមួយស្វាមី តែហេតុអ្វីដាក់សារស្រងូតស្រងាត់?

អ្នកនាង សារ៉ាយ សក្ខណា គឺជាតារាសម្ដែងជួរមុខមួយដួងដែលមានកេរ្ដិ៍ឈ្មោះបោះសម្លេងជាច្រើនឆ្នាំមកហើយ មិនថាតែផ្នែកសម្ដែងជាតួឯក ដើរម៉ូដ ឬ ថតសម្អាងការនោះទេ អ្នកនាងនៅតែទទួលការងារកាក់កបនិងមមាញឹកនៅក្នុងវិស័យសិល្បៈ ទោះបីជាអ្នកនាងបានរៀបការមានស្វាមី និង បុត្រីហើយ ក៏ដោយ។
ទោះបីជាស្វាមីនៅឯនាយសមុទ្រក៏ពិតមែន តែគេសង្កេតឃើញថា អ្នកនាង សារ៉ាយ សក្ខណា តែងតែចុះមកប្រទេសកម្ពុជាជាញឹកញាប់ ហើយស្វាមីក៏អមដំណើរមកជាមួយផងដែរ។ ក្រោយពីរៀបការបានច្រើនឆ្នាំគួរសមមកហើយ គូស្វាមីភរិយាទាំងពីរនៅតែរក្សាបាននូវភាពផ្អែមល្អែម ស្ទើរតែលើសជាតិស្ករម្ដងៗ និង ធ្វើឲ្យអ្នកគាំទ្ររំជួលចិត្តមិនស្ទើរនោះទេ។ ជាក់ស្ដែង កាលពីពេលថ្មីៗ ស្វាមី អ្នកនាង បានរៀបចំកម្មវិធី suprise សារ៉ាយ សក្ខណា នៅក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍ឡើងស្វីតតែម្ដង។
មិនតែប៉ុណ្ណោះ មុននេះបន្ដិច សារ៉ាយ សក្ខណា បានបង្ហោះរូបយ៉ាងផ្អែមល្អែមជាមួយស្វាមី ដូចសព្វមួយដង។ ប៉ុន្ដែ អ្វីដែលធ្វើឲ្យគេភ្ញាក់ផ្អើលនិងចាប់អារម្មណ៍នោះគឺ អ្នកនាង បានដាក់សារអមជាមួយរូបភាពហាក់ដូចជាមិនសូវសប្បាយចិត្តសោះ ក្នុងអត្ថន័យថា៖
«ស្រលាញ់គ្នាមានអីពិបាក តែពិបាកត្រង់ថាធ្វើម៉េចស្រលាញ់គ្នាដល់ចាស់.»
សារនេះហាក់បង្កការងឿងឆ្ងល់ សង្ឃឹមថា អ្នកនាង សារ៉ាយ សក្ខណា បង្ហោះបែបនេះដោយសារតែឃើញគូស្នេហ៍ដទៃពិបាកស្រឡាញ់គ្នាដល់ចាស់ ហើយមើលទៅ។ យ៉ាងណាក៏មានប្រិយមិត្ត ខមិន ជូនពរអ្នកទាំងពីរឲ្យមានការស្រឡាញ់បានគង់វង្សរហូតផងដែរ៕