តាមដល់កន្លែងថតមធ្យម ងំព្រាប សុវត្ថិនិងភរិយា ធ្វើបែបនេះចំពោះកូនៗទៀត មិនសរសើរមិនបាន!

កាលពីពេលថ្មីនេះ បុត្រាទាំង៣របស់កំពូលតារាចម្រៀងព្រាប សុវត្ថិ បានដើរតាមគន្លងឪពុកហើយក្លាយជាតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសជាផ្លូវការហើយ និង កំពុងទទួលបានប្រជាប្រិយភាពពីសំណាក់មិត្តយុវវ័យមិនធម្មតាឡើយ។
ស្របពេលដែលពួកគេចាប់ផ្ដើមចេញសម្ដែង គេសង្កេតឃើញថា ទឹកចិត្តជាឪពុកម្ដាយរបស់លោក ព្រាប សុវត្ថិ និង ភរិយា ពិតជាល្អប្រពៃ គួរឲ្យរំជួលចិត្ត ដែលកន្លងមក កាលពីពេលថ្មីៗ មានព័ត៌មានផ្សាយថា គាត់សុខចិត្តរង់ចាំទទួលកូនៗចេញពីច្រៀងនៅក្លឹប ទាំងកណ្ដាលយប់អាធ្រាត្រ។ រឿងនេះបានធ្វើឲ្យអ្នកគាំទ្រកោតសរសើរគ្រប់ៗគ្នា។
មិនបានប៉ុន្មានផង នាមុននេះបន្ដិច អំឡុងពេលដែល សុវត្ថិ មុនីវណ្ណ និង សុវត្ថិ មុនីនាគ កំពុងតែថតការផ្សព្វផ្សាយឲ្យការប្រគុំតន្រ្តីមួយ ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី១៤ កុម្ភៈនោះ លោកព្រាប សុវត្ថិ និង ភរិយា ក៏បានអមដំណើរមកមើលការថតរបស់កូនៗផងដែរ។
ក្នុងនោះ លោក ព្រាប សុវត្ថិ បានអង្គុយមើលទាំងទឹកមុខញញឹម បង្ហាត់បង្ហាញដឹកនាំដល់កូនៗ។ មិនតែប៉ុណ្ណោះ នៅពេលដែលថតចប់មួយប្លង់ ស្រាបតែ ភរិយារបស់លោកព្រាប សុវត្ថិ មកខ្នះខ្នែងជួយផាត់មុខបន្ថែមដល់កូនប្រុសជាទីស្រឡាញ់ផងដែរ។ ពិតជាគ្រួសារគំរូមែន ហើយនេះជាការបង្ហាញពីក្ដីស្រឡាញ់ដែលឥតព្រំដែនរបស់មាតាបិតាចំពោះកូនៗ មិនថាឪពុកម្ដាយជាជនសាមញ្ញ ឬ ជាតារាល្បីឡើយ ទោះជារវល់យ៉ាងណាហើយកូនៗពេញវ័យយ៉ាងណា ក៏លោកនៅតែយកចិត្តទុកដាក់ជានិច្ច៕