ឡូយកប់! ជក់រឿងភាគដាច់យប់ ព្រឹកឡើងក្លាយជាម្ចាស់មេដាយមាសអូឡាំពិច!

យុវជនវ័យទើបតែ១៧ម្នាក់នេះ គឺជាអត្តពលិកជិះស្គី ជនជាតិអាមេរិក ដែលបានសាងប្រវត្តិសាស្រ្តជូនជាតិនៅក្នុងព្រឹត្តការណ៍កីឡាអូឡាំពិចរដូវរងារនៅប្រទេសកូរ៉េខាងត្បូង ដោយឈ្នះមេដាយមាសដំបូងគេនៅក្នុងកម្មវិធីនេះឲ្យសហរដ្ឋអាមេរិក។
អ្វីដែលមិននឹកស្មានដល់នោះ នៅពីក្រោយជោគជ័យនេះ យុវជន Red Gerard បានធ្វើឲ្យយើងដែលជាមនុស្សធម្មតា ដែលចូលចិត្តតាមដានរឿងភាគមានអារម្មណ៍ថាខ្មាសអៀនតែម្ដង។ នៅយប់មុនថ្ងៃប្រកួត Red Gerard បានជក់រឿងភាគនៅលើ Netflix ហើយមើលរហូតដល់យប់ជ្រៅក៏គេងលង់លក់ទាំងមិនដឹងខ្លួន។ រូបគេតម្រូវឲ្យបង្ហាញខ្លួននៅទីកន្លែងប្រកួតម៉ោង៦ព្រឹក។ ពេលនោះ គេនៅគេងមិនទាន់ក្រោកផង។ សំណាងល្អ ដែលបានមិត្តភក្ដិដាស់រូបគេ ហើយក៏ទៅប្រកួតទាំងយឺតយ៉ាវ សឹងតែខកការប្រកួត។
ទីបំផុតរូបគេក៏សាងស្នាដៃទទួលបានមេដាយមាស ជាមួយនឹងពិន្ទូសរុប 87.16 ។ Red Gerard សប្បាយចិត្តពន់ពេកស្ទើរមិនជឿនឹងលទ្ធផលដ៏ល្អរបស់ខ្លួននោះទេ។ រូបគេបានសាងប្រវត្តិសាស្រ្តថ្មី ដោយក្លាយជាអត្តពលិកកើតក្នុងសតវត្សន៍ទី២១ ដំបូងគេ ឈ្នះមេដាយមាសអូឡាំពិចរដូវរងារ៕
ប្រភព៖ Ladbible