កុំជោរតាមគ្នារឿងដាក់ធ្មេញដែក! ស្រីម្នាក់ចង់ឡូយ បែរជាធ្វើឲ្យធ្មេញ…

នាពេលបច្ចុប្បន្ននេះ ការពត់ធ្មេញដាក់ដែកដែលភាសាបរទេសហៅថា “brace” កំពុងតែមានការពេញនិយម ពិសេសក្នុងចំណោមមិត្តយុវវ័យដែលមានធ្មេញមិនត្រង់ជួរ ទោះបីជាវាមានតម្លៃថ្លៃនៅតាមពេទ្យធ្មេញធំៗ និង ត្រូវប្រើពេលយូរក៏ដោយ។
ដោយសារតែតម្លៃថ្លៃដូច្នេះហើយ ទើបមានតែអ្នកដែលមានធនធានទេ ទើបមានលទ្ធភាពដាក់ “brace” ដើម្បីឲ្យធ្មេញស្អាត។ ប៉ុន្ដែ យុវវ័យខ្លះ បែរជាគិតថា ការដាក់ធ្មេញដែកបែបនេះ គឺឡូយឆាយ បង្ហាញថាខ្លួនជាអ្នកមានទ្រព្យធន ហើយអ្នកខ្លះក៏ជោរតាមគ្នា ឃើញគេដាក់ក៏ដាក់តាមដែរ ទោះបីជាធ្មេញរបស់ខ្លួនមិនត្រូវការការពត់ក៏ដោយ។ អ្វីដែលមិននឹកស្មានដល់ គឺ អ្នកដែលគ្មានលទ្ធភាពពត់ធ្មេញតាមបច្ចេកទេសត្រឹមត្រូវនៅគ្លីនិកខ្លះ បែរជាខំដាក់ដែកនៅធ្មេញដោយខ្លួនឯង ធ្វើជាស្ទាយ ដោយមិនគិតពីគ្រោះថ្នាក់។
ជាក់ស្ដែង នារីជនជាតិហ្វីលីពីនម្នាក់ បានដាក់ដែកពត់ធ្មេញដោយខ្លួនឯង គ្មានការណែនាំពីគ្រូពេទ្យ ដែលធ្វើឲ្យប៉ះពាល់ដល់ធ្មេញយ៉ាងខ្លាំង។ វាបង្កគ្រោះថ្នាក់ដល់សុខភាព ធ្វើឲ្យធ្មេញពុក ឈឺមាត់ ឈឺអញ្ជាញ ជាដើម។ និយាយរួម គឺ ស្ទើរតែខូចធ្មេញតែម្ដង។
ដូច្នេះ ប្រសិនបើបងប្អូនចង់ដាក់ “brace” មែន ត្រូវតែទៅគ្លីនិក ជួបទន្តបណ្ឌិតដែលមានបច្ចេកទេសត្រឹមត្រូវ ទោះជាត្រូវចំណាយប្រាក់ច្រើនបន្ដិចមែន តែវាមានសុវត្ថិភាព ហើយទទួលបានលទ្ធផលស្រស់ស្អាតនៅពេលដែលពត់ធ្មេញហើយ៕