កូនខ្មែរត្រូវតែដឹង! នគរនៅសម័យសាមកុក ធ្លាប់មានទំនាក់ទំនងជាមួយនគរភ្នំ (ហ្វូណន) របស់យើង!

2078 Views
February 24, 2018

ប្រិយមិត្តជាច្រើនច្បាស់ជាបានទស្សនាខ្សែភាពយន្ដភាគ ឬ អានសៀវភៅប្រវត្តិសាស្រ្តចិនដ៏ល្បីល្បាញ «នគរបី» ឬ «សាមកុក» ជាក់ជាមិនខាន។ ប្រិយមិត្តខ្លះបានក្លាយជាហ្វេនរបស់រឿងយ៉ាងងប់ងល់ ព្រោះតែរឿងនេះបង្ហាញពីឆាកនយោបាយ យុទ្ធសាស្រ្ត ល្បិចកល ដ៏វៃឆ្លាត ដែលយើងអាចវិភាគម្ដងហើយម្ដងទៀត មើលមិនចេះធុញទ្រាន់ឡើយ។

 

 

 

 

 

 

ប៉ុន្ដែ ប្រិយមិត្តមានដឹងទេថា នគរមួយក្នុងចំណោមនគរទាំង៣កាលពីសម័យនោះ ធ្លាប់មានចំណងការទូតនឹងគ្នាជាមួយនគរភ្នំ ឬ នគរហ្វូណន ស្ទើរតែមិនគួរឲ្យជឿ។  រឿងនេះពិតជាបានកើតឡើងក្នុងប្រវត្តិសាស្រ្ត មិនមែនជាការក្រឡៃបន្ថែមសាច់រឿងដូចជាឈុតឆាកខ្លះនៅក្នុងរឿងភាគ សាមកុកនោះទេ។

 

 

 

 

 

 

ផ្អែកលើតឹកតាងប្រវត្តិសាស្រ្ត សម័យនគរភ្នំ ឬ ហ្វូណន ទឹកដីបានលាតសន្ធឹងលើមួយភាគធំនៃទ្វីបអាស៊ីអាគ្នេយ៍ដីគោក ហើយមានអាយុកាលចាប់ពីសតវត្សទី១ ដល់ ទី៦ នៃគ.ស។ នៅដើមសតវត្សទី៣ ត្រូវនឹងសម័យកាលនគរបី នៃប្រទេសចិន ពេលនោះ នគរតុងអ៊ូ របស់ ស្តេច ស៊ុន ឈាន បានបង្កើតទំនាក់ទំនងជាមួយនឹងនគរភ្នំរបស់យើង ក្នុងចន្លោះរជ្ជកាលស្ដេច ហ្វានឆាន។

 

 

 

 

 

យោងតាមសៀវភៅ «ប្រវត្តិសាស្រ្តខ្មែរ» របស់ លោក ត្រឹង ងា ទំព័រ៥១ បានឲ្យដឹងថា៖

«…លោក G. Cœdès យល់ថាទំនាក់ទំនងជាមួយចិនមានលក្ខណៈ ជាពាណិជ្ជកម្មច្រើនជាងនយោបាយ។ យ៉ាងណាមិញ នៅសម័យនោះគឺសម័យរាជាអាណាចក្របី-ប្រទេសចិនខាងត្បូង (រាជាអាណាចក្រអ៊ូ) ដែលមិនអាចធ្វើជំនួញជាមួយបស្ចិមប្រទេសតាមផ្លូវគោក ក៏បែរមករកទិញវត្ថុប្រណិតដែលខ្លួនត្រូវការតាមផ្លូវសមុទ្រវិញ។ ដោយហេតុនេះហើយ បានជាគេមកទាក់ទងជាមួយអាណាចក្រភ្នំដែលស្ថិតនៅចំផ្លូវទៅមកនៃជំនួញខាងសមុទ្រ…»។

 

 

 

 

សៀវភៅដដែលក៏បានបន្ដទៀតថា៖

«…បើតាមពង្សាវតារនៃអាណាចក្របី គឺ ស្តេច ហ្វានឆាន ដដែលនេះហើយដែលបានបញ្ជូនទូតទី១ ទៅកាន់ប្រទេសចិននៅគ.ស ២៤៣ ដើម្បីនាំដង្វាយជាអ្នកភ្លេងនិងផលិតផលផ្សេងៗទៅថ្វាយស្ដេចក្រុងចិន។..»

 

 

 

 

 

 

ចំណែកសៀវភៅបរទេសក៏បានបញ្ជាក់ថា នគរតុងអ៊ូ បានបញ្ជូនបេសកជន និង អ្នកជំនួញ ពីចិនទៅកាន់នគរភ្នំផងដែរ នៅឆ្នាំ ២២៨ នៃ គ.ស។

តឹងតាងឯកសារនេះគឺជាអំណះអំណាងបញ្ជាក់ថា​ នគរភ្នំ និង នគរតុងអ៊ូ ពិតជាធ្លាប់មានចំណងពាណិជ្ជកម្ម និង ការទូត៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ប្រភព៖ សៀវភៅ ប្រវត្តិសាស្រ្តខ្មែរ ដោយ ត្រឹង ងា និង សៀវភៅ “A History of Chinese Civilization” ដោយ Jacques Gernet

Facebook Comment

Related Articles