អ្នកជំនាញអារ្យធម៌ខ្មែរ៖ តើចិនប្រកាន់របបកុម្មុយនីស្ដឬ ?

673 Views
March 5, 2018

(ភ្នំពេញ)៖ សព្វថ្ងៃ បើនិយាយពីមហាអំណាចយក្សចិន គឺកំពុងត្រូវបានអ្នកនយោបាយខ្មែរខ្លះដែលងុបងល់នឹងមនោគមវិជ្ជានយោបាយលោកខាងលិចប្រឆំាងចិន ឬពួកអង្គការ ឬអ្នកតំាងខ្លួនជាអ្នកវិភាគនយោបាយឯករាជ្យខ្លះជាដើម តែងអះអាងដោយភ្ជាប់រាជរដ្ឋាភិបាលដឹកនំាដោយសម្ដេច ហ៊ុន សែន ថាមាននិន្ទាការលំម្អៀងទៅរករបបកុម្មុយនីស្ដចិន។

តើចិនប្រកាន់របបកុម្មុយនីស្ដឬ?

អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងអះអាងតាមបណ្តាញព័ត៌មាន Fresh News ថា បើនិយាយអំពីរបបកុម្មុយនីស្ដយើងត្រូវស្គាល់ថា តើអ្វីទៅជាកុម្មុយនីស្ដ? ពាក្យ «កុម្មុយនីស្ដ» ជាពាក្យចេញមកពីភាសាបារំាង Communisme គឺមកពីពាក្យ «Commun (រួម)+ isme (និយម)» បានសេចក្ដីថា «របបរួមនិយម»។ បើឈរលើនិយមន័យនេះយើងសួរថា តើប្រទេសចិនសព្វថ្ងៃអនុវត្ដរបបនយោបាយរួមនិយមនេះទេ?

ចម្លើយយើងឃើញទំាងអស់គ្នាហើយ គឺថាអត់ទេ! ។ បានន័យថា ប្រទេសចិនបានអនុវត្ដរបបទីផ្សារសេរី ព្រោះម្នាក់ៗមានកម្មសិទ្ធិផ្ទាល់ខ្លួនអស់ហើយ គឺសូម្បីតែសម្ភារៈប្រើប្រាស់ ផ្ទាល់ខ្លួនផ្សេងៗរបស់មេដឹកនំាចិន ដូចជា៖ ក្រវ៉ាត់ក អាវធំ នាទ្បិការដៃ ឬរថយន្ដជាដើមគឺសុទ្ធតែថ្លែៗជាងពួកមេដឹកនំាលោកខាងលិចទៅទៀត ហើយអ្វីកាន់តែពិសេសថែមទៀតនោះ ប្រជាជនចិនមានសិទ្ធិដើរហើរពាសពេញពិភពលោក ដោយមិនខុសពីប្រជាជនលោកខាងលិចនោះទ្បើយ។

បើដូចនេះចំពោះអ្នកដែលអះអាងថា ប្រទេសចិន ប្រកាន់របបកុម្មុយនីស្ដនោះ គឺពុំឆ្លុះបញ្ចំាងអំពីទ្រឹស្ដីវិទ្យាសាស្រ្ដនយោបាយនោះទ្បើយ។ បានសេចក្ដីថា «ប្រទេសចិនប្រកាន់របបសេដ្ឋកិច្ចទីផ្សារសេរី» ដូចពួកលោកខាងលិចហ្នឹងឯង។

 

 

 

 

 

ទន្ទឹមនឹងនេះដែរ ចំពោះមតិមួយចំនួនដែលតែងរិះគន់ នឹងលើកទ្បើងថា ហេតុអ្វីប្រទេសចិន មិនបើកឲ្យមានការបោះឆ្នោតតាមបែបប្រជាធិបតេយ្យសេរីពហុបក្ស? ត្រង់ចំណុចនេះ លោក រត្ន័ សណ្ដាប់ យល់ថា នេះពីព្រោះប្រទេសចិន បានដកស្រង់បទពិសោធន៍ដ៏ល្វីងជូរចត់របស់អតីតសហភាពសូវៀត ដែលបានបើកទូលាយឲ្យមានការបោះឆ្នោតបែបនេះ ទើបក្លាយជាបុព្វហេតុ បណ្ដាឲ្យទឹកដីអតីតសហភាពសូវៀតខ្លះ បំបែកទៅជារដ្ឋឯករាជ្យផ្សេងៗ ដោយសារការលូកដៃពីអ្នកខាងក្រៅ ពិសេសពីអាមេរិក ដូចយើងឃើញសព្វថ្ងៃនេះ។ ដោយស្ថិតត្រង់មេរៀន ប្រវត្ដិសាស្រ្ដនេះហើយ ទើបចិនពុំអនុញ្ញាតឲ្យមានការបោះឆ្នោតតាមបែបប្រជាធិបតេយ្យសេរីពហុបក្សនោះ។

បានន័យថា បើចិនបើកឲ្យមានការបោះឆ្នោតតាមបែបប្រជាធិបតេយ្យសេរីពហុបក្ស គឺប្រាកដណាស់ច្បាស់ជា ហុងកុង តែវ៉ាន់ ទីបេ ឬតំបន់ផ្សេងៗទៀតអាចនឹងបំបែកទៅជារដ្ឋផ្សេងៗ ដោយការលូកដៃពីខាងក្រៅ គឺមិនខុសពីទឹកដីអតីតសហភាពសូវៀតនោះទ្បើយ។ ប៉ុន្ដែត្រង់ចំណុចនេះផងដែរ យើងឃើញថា ចិនគឺបានបើកសិទ្ធិឲ្យមានការបោះឆ្នោតតាមបែបប្រជាធិបេតយ្យ ក្នុងបក្សយ៉ាងប្រពៃបំផុត។

លោក រត្ន័ សណ្ដាប់ បានបញ្ជាក់ថា បើដូច្នេះនិយាយអំពីសង្រ្គាមត្រជាក់បច្ចុប្បន្ននេះ គឺពុំមែនជាសង្រ្គាមត្រជាក់រវាងប្លុកកុម្មុយនីស្ដ និងសេរី ដូចកាលពីទសវត្សរ៍១៩៧០ នោះទៀតទ្បើយ ពីព្រោះចិន និងរុស្ស៊ី លែងជារដ្ឋកុម្មុយនីស្ដទៀតហើយ។ មានន័យថា «គឺជាសង្គ្រាមរវាងចិន និងសហរដ្ឋអាមេរិក ដើម្បីដណ្ដើមសេដ្ឋកិច្ចលេខ១ លើពិភពលោក» នេះឯង។ ហើយចំពោះ ការដណ្ដើមពានរង្វាន់មេដាយមហាអំណាចលេខ១ លើពិភពលោកនេះទៀតសោត គឺជារឿងធម្មតាផងដែរ ក្នុងបរិបទការផ្លាស់ប្ដូរមហាអំណាចពិភពលោក ក្នុងសម័យទំនើបនេះ។ ដោយក្នុងនោះ យើងឃើញថា មានបីដំណាក់កាលធំៗជាអាទិ៍៖ ស.វ.ទី១៩ ជាសករាជពួកអឺរ៉ុប។ ស.វ.ទី២០ ជាសករាជអាមេរិក រីឯស.វ.ទី២១ គឺជាសករាជចិននេះឯង។

បើដូច្នេះចំពោះនយោបាយការទូតគឺប្រទេសនីមួយៗ ត្រូវឈរលើផលប្រយោជន៍ជាតិជាធំ ពិសេសត្រូវស្គាល់អំពីបរិបទនិន្ទាការពិភពលោក ដែលកំពុងមានការផ្លាស់ប្ដូរនេះ៕

 

 

 

ប្រភព៖ freshnews

Facebook Comment

Related Articles