វីឌីអូតែ១គត់ ដែលលោកតា ស៊ិន ស៊ីសាមុត បង្ហាញមុខស្រស់ៗ ច្រៀងដោយផ្ទាល់! ដឹងថាក្នុងខ្សែភាពយន្ដណាអត់? តោះចូលមើល!

ទោះបីជា លោកតា ស៊ិន ស៊ីសាមុត បានលាចាកលោក បែកឋានម្ខាងម្នាក់ជាមួយយើងគ្រប់គ្នាអស់ជាច្រើនឆ្នាំមកហើយ ប៉ុន្ដែនៅក្នុងក្រអៅបេះដូងប្រជាពលរដ្ឋកម្ពុជា លោកតាគឺជាអធិរាជសម្លេងមាសអមតៈដែលគ្មាននរណាអាចប្រៀបផ្ទឹម ហើយគ្មានថ្ងៃសាបសូន្យឡើយ។
ក្រៅពីទឹកដមសម្លេងពិរោះអស្ចារ្យ រកពាក្យថ្លែងមិនត្រូវ ដែលស្ថិតក្នុងចិត្តមហាជន មុខមាត់ រូបរាងរបស់ លោកតា ស៊ិន ស៊ីសាមុត ត្រូវបានប្រិយមិត្តជំនាន់ក្រោយភាគច្រើនស្គាល់តាមរយៈតែរូបថតចាស់ៗដែលបាននៅសេសសល់ប៉ុណ្ណោះ។ ដូច្នេះ តើប្រិយមិត្តធ្លាប់បានឃើញរូបរាងលោកតា បញ្ចេញការវិការស្រស់ៗ បង្ហើរសំនៀងដោយផ្ទាល់នៅក្នុងវីឌីអូដែរឬទេ?
ការពិត មានវីឌីអូមួយដ៏កម្រដែលបង្ហាញពីវត្តមានរបស់ លោកតា ស៊ិន ស៊ីសាមុត ហើយនេះអាចជាវិឌីអូតែមួយគត់ដែលយើងអាចឃើញក្នុងមួយជីវិតនេះ។ វីឌីអូនេះត្រូវបានដកស្រង់ចេញពីខ្សែភាពយន្ដ «អប្សរា» ដែលជាស្នាព្រះហស្ថដឹកនាំរបស់ ព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តមសីហនុ នៅឆ្នាំ១៩៦៦។
ក្នុងវីឌីអូដែលដកស្រង់នេះ លោកតាស៊ិន ស៊ីសាមុត បានបង្ហើរសំនៀងជាមួយនឹងអ្នកម្នាង ស៊ីសុវត្ថិ សៀងឌី ក្នុងបទចម្រៀងដែលជាស្នាព្រះហស្ថរបស់ ព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តមសីហនុ ផងដែរ។ គ្រាន់តែយើងឃើញទិដ្ឋភាពហើយ មានអារម្មណ៍ថា ក្ដុកក្ដួល ទប់ទឹកភ្នែកមិនបាន ស្រណោះ លោកតា ស៊ិន ស៊ីសាមុត ក្រៃលែង។
មិនតែប៉ុណ្ណោះ ខ្សែភាពយន្ដនេះក៏មានការចូលរួមសម្ដែងពី សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ក៏ដូចជាកំពូលតារា អ្នកស្រី សាក់ ស៊ីស្បោង ព្រមទាំង សម្តេច ញឹកជូឡុង និង រាជវង្សានុវង្ស ជាច្រើនអង្គទៀត។
កុំឲ្យខាតពេល តោះចូលរួមទស្សនាវីឌីអូដ៏អស្ចារ្យនេះទាំងអស់គ្នា ហើយសូមស៊ែរឲ្យកូនខ្មែរផ្សេងទៀតបានឃើញផង៖