ឆ្ងល់អត់ ហេតុអីកាហ្វេលាមកសំពោចថ្លៃឡើងកប់ពពក? តិចថាស្មោកគ្រោកចុះ ការពិត…

លោកអ្នកអាចនឹងហួសចិត្តនៅពេលដែលលេចលឺព័ត៌មានដែលគេផ្សាយតគ្នាថា មានកាហ្វេមួយបែបធ្វើចេញពីលាមកសត្វសំពោចជាកាហ្វេដែលថ្លៃបំផុតនៅលើពិភពលោក។
ប្រសិនបើលោកអ្នកគិតជាវាជារឿងគួរឲ្យអស់សំណើច ដែលគេយកលាមកសត្វ មកកិនធ្វើជាកាហ្វេនោះ លោកអ្នកយល់ខុសហើយ។ ការពិត កាហ្វេប្រភេទនេះមានឈ្មោះថា Kopi Luwak។ ចំណុចសំខាន់ដែលធ្វើឲ្យកាហ្វេប្រភេទនេះមានតម្លៃខ្ពស់ គឺដំណើរការផលិតដ៏ស្មុគស្មាញរបស់វា។ ការផលិតកាហ្វេនេះ មិនមែនត្រឹមតែបេះគ្រាប់កាហ្វេដែលដាំដុះស្រាប់ ហើយយកមកឆុងដូចជាកាហ្វេធម្មតានោះទេ។ គេចិញ្ចឹមសត្វសំពោចម៉្យាងរបស់ឥណ្ឌូនេស៊ី (civet cat) ហើយគេឲ្យកាហ្វេវាជាចំណី។ នៅពេលដែលវាជុះចេញមក គ្រាប់កាហ្វនៅរក្សារូបរាងដដែល ទើបគេយកទៅលាងសម្អាត ធ្វើឲ្យស្ងួត បកសំបកចេញ ទើបលីង ហើយចេញជាកាហ្វេផលិតផលសម្រេចចុងក្រោយ ដែលដាក់លក់លើទីផ្សារ។
ដោយសារតែប្រព័ន្ធរំលាយអាហាររបស់សត្វសំពោចមានលក្ខណៈពិសេសទើបអាចរក្សារូបរាងកាហ្វេនៅដដែល និង បន្ថយជាតិល្វីងរបស់កាហ្វេ ហើយរក្សាក្លិនឈ្ងុយឲ្យនៅដូចដើម។ មូលហេតុដែលផលិតកម្មកាហ្វេនេះមានភាពស្មុគស្មាញបែបនេះហើយ ទើបតម្លៃកាហ្វេនេះញាក់សាច់តែម្ដង។ មួយកែវ អាចមានតម្លៃពី ៣៥ដុល្លា ដល់ ១០០ដុល្លា ឯណោះ ខណៈដែលកាហ្វេប៊្រេនធម្មតាត្រឹម២ដុល្លាទៅ៥ដុល្លាប៉ុណ្ណោះ៕
ប្រភព៖ http://www.most-expensive.coffee/