កុំស្មានថាឌូបៃមានបានខ្លាំងព្រោះតែប្រេងនោះ តាមពិតទៅ ឌូបៃកើបលុយ ដោយសារ…

ទីក្រុងឌូបៃជាទីក្រុងអ្នកមានដ៏ល្បីល្បាញមួយនៅលើពិភពលោក ដែលស្ថិតនៅប្រទេសអារ៉ាប់រួម។ ភាគច្រើន គេបានលឺកេរ្តិ៍ឈ្មោះរបស់ទីក្រុងដ៏ស៊ីវីល័យ មានទ្រព្យស្ដុកស្ដម្ភនេះ ដោយសារតែមហាសេដ្ឋីអារ៉ាប់ជាច្រើនចេញពីទីនោះ ហើយទីក្រុងនេះក៏សម្បូរអាគារខ្ពស់កប់ពពក និង មានអគារខ្ពស់ជាងគេលើលោក ដែលទាក់ទាញភ្ញៀវទេសចរណ៍រាប់លាននាក់។
យើងប្រហែលជាស្មានថា ទីក្រុងឌូបៃមានស្តុកស្ដម្ភព្រោះតែប្រេងម៉្យាង។ ប៉ុន្ដែ តាមពិតទៅ គេមិនមែនមានបានដោយសារតែធនធានធម្មជាតិនេះតែមួយឡើយ។ ជាដំបូងឡើយ សេដ្ឋកិច្ចរបស់គេ ពិតជាលូតលាស់ខ្លាំងដោយសារតែការផលិតប្រេងមែន។ ក្រោយមកទៀត រដ្ឋាភិបាលរបស់គេ ដឹងច្បាស់ថា ធនធានប្រេងមិនអាចនៅស្ថិតស្ថេររហូតឡើយ ប្រេងនឹងអស់នៅរយៈពេល២០ឆ្នាំខាងមុខ ដូច្នេះគេបានបង្កើតគម្រោងជាច្រើន ដើម្បីរក្សាការអភិវឌ្ឍសេដ្ឋកិច្ចរបស់ទីក្រុងគេ។
ដូច្នេះហើយ សព្វថ្ងៃនេះ ចំណូលប្រចាំឆ្នាំរបស់គេធំៗ បានមកពី វិស័យអចលនទ្រព្យ សំណង់ វិស័យទេសចរណ៍ និង ហរិញ្ញវត្ថុ។ សណ្ឋាគារដែលស្ថិតក្នុងលំដាប់ថ្លៃជាងគេបំផុតក្នុងលោក ស្ថិតនៅទីក្រុងឌូបៃនេះឯង គឺ the Burj Al Arab។ ឌូបៃមានសំណង់អាគារច្នៃប្រឌិតប្លែកៗ ដែលជាកត្តាសំខាន់ទាក់ទាញ់ភ្ញៀវទេសចរផងដែរ។
ចំណូលពីប្រេងនិងឧស្ម័ន គិតជាភាគរយត្រឹមតែ៧% ប៉ុណ្ណោះនៃចំណូលសរុប។ រីឯវិស័យអចលនទ្រព្យនិងសំណង់ទទួលចំណូលបានជាង២២%នៃចំណូលប្រចាំឆ្នាំសរុប ហើយវិស័យជំនួញបានប្រមាណ១៦%។ គួរបញ្ជាក់ដែរថា ព្រោះតែភាពទំនើបជឿនលឿនបែបនេះហើយ ទើបធ្វើឲ្យទីក្រុងឌូបៃតែងតែឈរនៅចំណាត់ថ្នាក់កំពូល ក្នុងចំណោមទីក្រុងដែលទេសចរទៅទស្សនា ជារៀងរាល់ឆ្នាំ៕