ស៊យអីស៊យយ៉ាងនេះ! ក្នុង៤ឆ្នាំ ជួបគ្រោះ ឆ្លាមខាំ ខ្លាឃ្មុំខាំ ពស់ចឹក ចុងក្រោយបែរជា…

កាលពីពេលថ្មីនេះ មានព័ត៌មានចេញផ្សាយថា បុរសវ័យក្មេង ជនជាតិអាមេរិកម្នាក់ ឈ្មោះ Dylan McWilliams ត្រូវបានឆ្លាមសមុទ្រខាំ នៅឆ្នេរសមុទ្រហាវៃ នៅពេលដែលខ្លួនកំពុងតែជិះស្គីលើរលក យ៉ាងគួរឲ្យរន្ធត់។ ប៉ុន្ដែ អ្វីដែលមិននឹកស្មានដល់ គាត់បានបង្ហើបថា នេះមិនមែនជាលើកទី១ឡើយដែលលោកត្រូវបានសត្វសាហាវៗវាយប្រហារ បិះនឹងអស់ជីវិត។
ក្នុងរយៈពេលមិនដល់៤ឆ្នាំផង Dylan McWilliams ត្រូវបានខ្លាឃ្មុំខាំ ពស់ចឹក និង ឆ្លាមខាំនេះ ហើយចុងក្រោយ គេបែរជាអាយុវែង អាចរស់រានមានជីវិត ស្ទើរមិនគួរឲ្យជឿ។ នៅពេលដែលត្រូវបានគេចោទសួរ ហេតុអ្វីបានជាទាក់ទាញសត្វសាហាវដូច្នេះ? រូបគេផ្ទាល់ក៏ហួសចិត្តហើយនិយាយថា គេមិនដឹងទេ។ មិនដឹងថាជួបគ្រោះធំៗបែបនេះ ជារឿងស៊យឬសំណាងល្អឡើយ ដែលអាចរួចជីវិតបាន។
នៅពេលដែលត្រូវឆ្លាមខាំ គេស្មានថាត្រូវអស់ជើងម្ខាងទៅហើយ។ សំណាងណាស់ ដែលត្រូវដេរ៧ថ្នេរ មិនពិការជើង។ ចំណែកឯរឿងខ្លាឃ្មុំខាំវិញ បានកើតឡើង កាលពីខែកក្កដា ឆ្នាំមុន នៅពេលដែលរូបគេកំពុងតែគេងលក់ នៅក្នុងជំរុំបោះតង់។ ពេលនោះ គេរងរបួសក្បាល ធ្ងន់ធ្ងរគួរសមដែរ។ រីឯ គ្រោះពស់ចឹក បានកើតឡើង ពេលដែលគាត់កំពុងឡើងភ្នំ។
ឪពុកម្ដាយរបស់ Dylan McWilliams ពិតជាដឹងគុណព្រះមែនទែន ដែលកូនប្រុសរូបនេះ នៅរស់រានមានជីវិតបាន។ មូលហេតុដែលគេឧស្សាហ៍ជួបគ្រោះស៊យបែបនេះ មកពីគេជាមនុស្សដើរហើរច្រើន ចូលចូលផ្សងព្រេង។ នេះពិតជាគេហៅថាអាយុថ្លៃមែន!