អ្នកគួរអនុវត្តចំនុចសំខាន់ៗទាំង១២នេះ ពេលបើកបរផ្លូវឆ្ងាយម្នាក់ឯង!

1228 Views
June 15, 2018

បើកបរផ្លូវឆ្ងាយម្នាក់ឯងស្តាប់ទៅដូចកម្សត់បន្តិច ប៉ុន្តែដោយសារភាពចាំបាច់អ្នកត្រូវបង្ខំចិត្តធ្វើដំណើរវែងឆ្ងាយតែឯងឆ្ពោះទៅកាន់គោលដៅ។ ការបើកបរម្នាក់ឯងហាក់មានសភាពស្ងប់ស្ងាត់ បន្តិចដែលជាហេតុធ្វើឲ្យឆាប់ងងុយគេងងាយប្រឈមគ្រោះថ្នាក់ចរាចរណ៍។ ដើម្បីជៀសវាងគ្រោះថ្នាក់ ក៏ដូចជាធ្វើឲ្យការបើកបរប្រកបទៅដោយរលូន អ្នកគ្រាន់តែអនុវត្តជាមួយវិធីសាស្ត្រខាងក្រោម៖

 

១. ជំហានដំបូង ចូលទៅអង្គុយក្នុងរថយន្ត រួចសារ៉េកៅអីធ្វើយ៉ាងណាឲ្យស្រួលខ្លួន និងអាចមើលផ្លូវបានច្បាស់ល្អ។

 

២. បន្ទាប់មកចាក់បទចម្រៀងដែលជាចំណូលចិត្ត ឬបើកវិទ្យុប៉ុស្តិ៍ណាដែលអ្នកចូលចិត្តស្តាប់ ដើម្បីកំដរអារម្មណ៍ឯកា។

 

៣. មានភេសជ្ជៈ ទឹកក្រូច ទឹកសុទ្ធ ផ្លែឈើ ត្រៀមរួចជាស្រេចត្រៀមទុកសម្រាប់ចម្អែតក្រពះតាមផ្លូវ ជៀសវាងអាហារសម្រន់ដែលមានជាតិប្រៃ។

 

៤. មុនពេលចេញដំណើរត្រូវប្រាកដថាបានឆែកមើល ប្រេងម៉ាស៊ីន ទឹកបញ្ចុះកំដៅ ធុងទឹក និងផ្នែកសំខាន់ៗផ្សេងទៀតនៃគ្រឿងម៉ាស៊ីន។ ម្យ៉ាងវិញទៀតត្រូវត្រៀមក្រណាត់ចាស់ៗទុកជូត និងប្រអប់ថ្នាំសង្គ្រោះបឋមដាក់មកជាមួយផងដែរ។

 

៥. នៅពេលបើកបរ គួរកុំបើកល្បឿនលឿនពេកហើយក៏កុំយឺតពេកដែរ។ ត្រូវបើកបរទៅតាមសម្រួល និងគោរពទៅតាមល្បឿនកំណត់។

 

៦. ពេលកំពុងបើកបរ បើកសំឡេងចម្រៀងឲ្យឮៗ និងស្តាប់បទដែលជាចំណូលចិត្ត ជាពិសេសបទកន្ត្រាក់អារម្មណ៍ ដើម្បីពង្រឹងស្មារតីកុំឲ្យងងុយគេង។

 

៧. មុនពេលបើកបរ អ្នកមិនគួរញុំាអាហារឆ្អែតពេកនោះទេ គួរញុំាសមល្មម និងញុំាទឹកឲ្យបានច្រើននៅពេលបើកបរទើបប្រសើរ។ ការធ្វើដូចនេះជួយឲ្យអ្នកបើកបរឆាប់បន្ទោបង់ និងដាស់ស្មារតីពីភាពងងុយ។

 

៨. ពេលបើកបរទៅតំបន់ឆ្ងាយៗ ចូរកុំធ្វើដំណើរទៅតាមផ្លូវណាដែលមិនធ្លាប់ឆ្លងកាត់ (ឧទាហរណ៍៖ ដូចជាផ្លូវវាងជាដើម)។ គួរបើកបរតាមផ្លូវណាដែលគេតែងធ្វើដំណើរជាប្រចាំ ដើម្បីជៀសវាងវង្វេង ឬពិបាកស្វែងរកជំនួយនៅពេលមានបញ្ហា។

 

៩. សូមកុំកំណត់រយៈពេលធ្វើដំណើរ ព្រោះវាអាចធ្វើឲ្យអ្នកមានអារម្មណ៍តប់ប្រមល់ ឬប្រឹងប្រែងបង្កើនល្បឿនដែលងាយប្រឈមគ្រោះថ្នាក់។

 

១០. ​​យូរៗម្តងបើកកញ្ចក់ទ្វារឲ្យខ្យល់ចូលប៉ះមុខមួយភ្លែត ដើម្បីដាស់អារម្មណ៍កុំឲ្យងងុយគេង។

 

១១. ប្រើប្រាស់មុខងារកំណត់ល្បឿនបើកបរ Cruise Control នៅពេលបើកបរដល់ផ្លូវស្រួល និងផ្លូវទូលាយ ដើម្បីជៀសវាងល្បឿនលើសកំណត់។

 

១២. ការធ្វើដំណើរផ្លូវឆ្ងាយតម្រូវឲ្យអ្នកបើកបរធ្វើអារម្មណ៍ឲ្យស្រស់ស្រាយ និងមានការប្រុងប្រយ័ត្នខ្ពស់។

 

សម្រួលអត្ថបទដោយ៖ SP

Facebook Comment

Related Articles