សូមចាំទុក! ដាច់ខាតកុំលេបថ្នាំក្រោយហូបផ្លែឈើនិងអាហារទាំងនេះឲ្យសោះ!

គ្មានមនុស្សណាម្នាក់ដែលអាចជៀសផុតពីជម្ងឺតម្កាត់បាននោះទេ គ្រាន់តែធ្ងន់និងស្រាលតែប៉ុណ្ណោះ។ ដូច្នេះហើយ យើងចាំបាច់ត្រូវតែបរិភោគថ្នាំពេទ្យដោយខានមិនបាន ដើម្បីឲ្យជាសះស្បើយនិងមានសុខភាពល្អ អាចប្រកបកិច្ចការងាររកស៊ី បន្ដជីវិតទៅមុខទៀត។
ការប្រើប្រាស់ថ្នាំពេទ្យត្រឹមត្រូវទៅតាមជម្ងឺរបស់យើង ពិតជាអាចព្យាបាលជម្ងឺឲ្យជា ប៉ុន្ដែគួបផ្សំនឹងការបរិភោគថ្នាំ យើងមិនបានគិតដល់ចំណុចខ្លះ ដែលអាចធ្វើឲ្យថ្នាំថយប្រសិទ្ធិភាព ឬ បង្កប្រតិកម្មធ្វើទុក្ខបុកម្នេញ កាន់តែលើសដើមនោះទេ។ ចំណុចដែលមនុស្សស្ទើរតែគ្រប់រូបមើលរំលងគឺ អាហារដែលពួកគាត់បរិភោគស្របពេលនឹងទទួលទានថ្នាំពេទ្យ។ អាហារតែងមានផ្ទុកសារជាតិខុសៗគ្នា ដែលអាចប្រឆាំងនឹងថ្នាំ និង អាចបង្កគ្រោះថ្នាក់ជាយថាហេតុបាន។
ដូច្នេះហើយ ថ្ងៃនេះសារព័ត៌មានមេគង្គសូមចែករំលែកចំណេះដឹងជូនដល់ប្រិយមិត្តថា សូមចៀសវាងការហូបអាហារនិងថ្នាំប្រភេទខាងក្រោមនេះជាមួយនឹងគ្នា៖
១. ថ្នាំបន្ថយសំពាធឈាមនិងផ្លែចេក
ផ្លែចេកមានជាតិប៉ូតាស្យូមខ្ពស់ ដូច្នេះបើលោកអ្នកត្រូប្រើថ្នាំបន្ថយសំពាធឈាមដូចជា Captopril, ACE inhibitors ឬ Angiotensin សូមកុំហូបចេកជាមួយគ្នាឲ្យសោះ ព្រោះបណ្ដាលឲ្យចង្វាក់បេះដូងលោតញាប់ខ្លាំង និង កើតអាការៈញ័រដើមទ្រូង។
២. ថ្នាំក្អកនិងក្រូចឆ្មារ
សារជាតិក្រូចឆ្មារអាចបំបែកជាតិថ្នាំនៅក្នុងខ្លួនយើង ដូច្នេះបើហូបរបស់២មុខនេះជាមួយគ្នា អាចបណ្ដាលឲ្យ ងងុយគេង និង មមើរ រវើរវាយ។
៣. ថ្នាំនិងស្រា
នេះជារឿងទូទៅហើយដែលគេហាមមិនឲ្យបរិភោគថ្នាំជាមួយនឹងស្រា ពិសេសគឺ ថ្នាំបំបាត់ការឈឺចាប់និងថ្នាំទឹកនោមផ្អែម ព្រោះវាប៉ះពាល់ធ្វើឲ្យខូចថ្លើមយ៉ាងធ្ងន់ធ្ងរ។
៤. ថ្នាំអង់ទីប៊ីយូទិក (ថ្នាំផ្សះ សម្លាប់មេរោគ) និង ទឹកដោះគោ
ហាមដាច់ខាតហូបទាំងពីរមុខនេះចូលគ្នា ហើយបើត្រូវប្រើថ្នាំអង់ទីប៊ីយូទិក ត្រូវតែហូបមុនពេលអាហារ១ម៉ោង ឬ ក្រោយអាហារ២ម៉ោង។
ប្រភព៖ mirror