សូមមើល ៩ឃ្លាពីប្រធានាធិបតីក្រជាងគេបំផុតក្នុងលោក José Mujica ….(មានវីដេអូ)

788 Views
June 4, 2018

(លោកJose Mujica ជាមួយរថយន្តម៉ាក Volkswagen Beetle អបដោយអង្គរក្ស)

 

បុរសវ័យ ៨១ឆ្នាំ ប្រធានាធិបតីអ៊ុយរ៉ាហ្គាយ លោក José Mujica ត្រូវបានគេស្គាល់ថា ជាមេដឹកនាំ​​ពិភពលោកដែលក្រីក្រជាងគេបំផុតក្នុងលោក។ លោកបានទទួលការគោរពស្រលាញ់ ពីប្រជាជនរបស់ខ្លួនក្នុងកំឡុងពេលកាន់អំណាច១អាណត្តិរយៈពេល៥ឆ្នាំរបស់ខ្លួន តាមរយៈចិត្តសប្បុរសធម៌ និងកំណែទម្រង់ស៊ីជម្រៅក្នុងប្រទេសរបស់លោក។

 

 

មុនពេលក្លាយជាប្រមុខរដ្ឋ និងក្រោយពេលចប់អាណត្តិ លោកនៅតែក្រ គ្មានទ្រព្យសម្បត្តិជាដុំកំពួនអ្វីឡើយ ប្រសិនបើប្រៀបធៀបនឹងមេដឹកនាំប្រទេសផ្សេងៗទៀត ខុសគ្នាដូចមេឃនិងដី។

 

ក្រៅពីរស់នៅក្នុងជីវភាពសាមញ្ញបំផុតជាមួយឡានអាឡឺម៉ង់ដ៏កញ្ចាស់ Volkswagen Beetle សេរី១៩៨៧ លោកក៏បានសម្រេចកាត់ប្រាក់ខែ៩០ភាគរយសម្រាប់សកម្មភាពមនុស្សធម៌ថែមទៀតផង។ ពេលលោកជាប់ឆ្នោតជាប្រធានាធិបតី លោកបានបដិសេធមិនស្នាក់នៅក្នុងវិមានប្រធានាធិបតីដែលបានរៀបចំឡើយ គឺសុខចិត្តទៅរស់នៅក្នុងកសិដ្ឋានវិញ។

 

 

តើលោកមានទស្សនៈបែបណា ទើបក្លាយជាមេដឹកនាំដែលក្រីក្រជាងគេបំផុតក្នុងលោក ហើយទទួលបានការគោរពស្រលាញ់ពីប្រជាជនខ្លាំងម៉្លេះ?

 

ខាងក្រោម គឺជាគោលគំនិត និងទស្សនៈ របស់លោកអតីតប្រធានាធិបតីអ៊ុយរ៉ាហ្គាយ៖

១. អ្នកក្រពិតប្រាកដ មិនមែនជាអ្នកដែលមានទ្រព្យសម្បត្តិតិចតួចនោះទេ ប៉ុន្តែជាអ្នកដែលចង់មានចង់បានខ្លាំងទេតើ។

២. គេហៅខ្ញុំថា «ប្រធានាធិបតីក្រជាងគេ» ក្នុងលោក ប៉ុន្តែខ្ញុំមិនដែលមានអារម្មណ៍ថាខ្លួនខ្ញុំក្រនោះឡើយ។ អ្នកដែលក្រីក្របំផុត មានតែអ្នកដែលធ្វើការ ហើយព្យាយាមធ្វើជីវិតខ្លួនឲ្យរស់នៅក្នុងភាពមានបាន ហើយបន្តចង់បានកាន់តែច្រើនថែមទៀត។

៣. សម្រាប់ខ្ញុំ អ្នកក្រមានន័យថា៖ អ្នកដែលចង់បានច្រើន។ ពីព្រោះថា បុគ្គលទាំងនោះត្រូវការរហូតមិនចេះស្កប់ស្កល់ឡើយ។

 

៤. ខ្ញុំជឿថា ជីវិត គឺជាការផ្សងព្រេងដ៏អស្ចារ្យបំផុត ហើយវានឹងមានប្រយោជន៍នៅពេលចាប់ផ្តើមម្តងហើយម្តងទៀត រហូតដល់២០ដង។

៥. គ្មានគ្រឿងញៀនក្នុងខ្លួន គឺជារឿងល្អបំផុត ហើយខ្ញុំរាប់បញ្ចូលទាំងស្រាបៀរ។ មានតែគ្រឿងញៀនមួយប្រភេទប៉ុណ្ណោះដែលល្អ នោះគឺ «ក្តីស្រលាញ់»។ ចូរបំភ្លេចរឿងគ្រប់យ៉ាង!

៦. សង្គមដែលពោរពេញដោយការអប់រំ គឺជាជម្រើសដ៏ល្អបំផុត ហើយវានឹងបង្កការលំបាកយ៉ាងខ្លាំងដល់ចេតនាបោកប្រាស់ របស់ជនពុករលួយ និងអ្នកបោកប្រាស់ផ្សេងទៀត។

 

(លោកJose Mujica ឈរថតជាមួយសុនខនៅមុខផ្ទះរបស់គាត់)

៧. បើអ្នកចង់បានលុយ ចូរធ្វើជំនួញទៅ កុំចូលធ្វើនយោបាយ ពីព្រោះនយោបាយ គឺសម្រាប់បម្រើប្រជាជនប៉ុណ្ណោះ។

៨. ខ្ញុំមានរបៀបរស់នៅមួយ ហើយពេលខ្ញុំធ្វើជាប្រធានាធិបតីក៏មិនផ្លាស់ប្តូររបៀបរស់នៅនោះដែរ។ ខ្ញុំរកបានច្រើនជាងអ្វីដែលខ្ញុំត្រូវការ ទោះបីជាវាមិនគ្រប់សម្រាប់អ្នកដទៃក៏ដោយ។ សម្រាប់ខ្ញុំ នេះមិនមែនជាការលះបង់ ឬពលីកម្មអ្វីឡើយ ប៉ុន្តែវា គឺជាកាតព្វកិច្ច។

 

៩. ប្រធានាធិបតី គឺជាមន្រ្តីថ្នាក់ខ្ពស់បំផុតដែលត្រូវបានបោះឆ្នោតឲ្យទទួលខុសត្រូវតួនាទីរបស់ខ្លួន។ គាត់ មិនមែនជាស្តេច ហើយក៏មិនមែនជាអាទិទេពអ្វីនោះដែរ។ គាត់រិតតែមិនមែនជាគ្រូពេទ្យទេវតា ដែលចេះព្យាបាលគ្រប់រឿងនោះដែរ។ គាត់ គ្រាន់តែជាប្រជាជនធម្មតាដូចយើងដែរ។

 

Video Cd:Dileep Kumar

 

សូមបញ្ជាក់ថា៖ លោក José Mujica កើតនៅឆ្នាំ១៩៣៥ បានក្លាយជាប្រធានាធិបតីអ៊ុយរ៉ាហ្គាយ (នៅទ្វីបអាមេរិចខាងត្បូង) ចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៥។ លោកក៏ធ្លាប់មានប្រវត្តិជាប់ឃុំឃាំងជាច្រើនឆ្នាំ ដោយសារការប្រឆាំងនឹងរដ្ឋាភិបាល ហើយត្រូវបានដោះលែងឲ្យមានសេរីភាពនៅឆ្នាំ១៩៨៥។ លោក Jose បានរៀបការជាមួយលោកស្រី Lucia Topolansky ប៉ុន្តែពួកគេមិនមានកូនសូម្បីតែមួយគ្រាប់។

 

សូមចុចមើលវីដេអូ៖

 

ម្យ៉ាងវិញទៀត ហេតុអ្វីបានជាលោកកាន់តំណែងជាប្រធានាធិបតីតែមួយអាណត្តិ បើប្រជាជនរបស់លោកពេញចិត្តបែបនេះ? ចម្លើយ៖ គឺរដ្ឋធម្មនុញ្ញរបស់អ៊ុយរ៉ាហ្គាយ អនុញ្ញាតឲ្យប្រធានាធិបតីម្នាក់កាន់តំណែងបានតែមួយអាណត្តិប៉ុណ្ណោះ។

 

 

Facebook Comment