ប្រធានាធិបតីអាមេរិក៖ «ខ្ញុំបានដាក់​ជីវិតទាំងមូល​របស់ខ្ញុំ ដើម្បីរៀបចំ​កិច្ច​ប្រជុំ​កំពូល​ជាមួយ​កូរ៉េខាងជើង​…»

87 Views
June 9, 2018

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា លោកកំពុង​ប្រើជីវិតរបស់លោកទាំងមូល សម្រាប់កិច្ច​ប្រជុំកំពូលជា​ប្រវត្តិសាស្រ្ត ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង លោក គីម​ ជុងអ៊ុន​ ដែលនឹងចូល​មកដល់នៅប៉ុន្មាន​ថ្ងៃខាង​មុខនេះ។ នេះបើ​តាមការចេញ​ផ្សាយដោយ​ ទីភ្នាក់ងារសារ​ព័ត៌មានយ៉ុនហាប់ នៅព្រឹកថ្ងៃសៅរ៍ ទី០៩ ខែមិថុនា ឆ្នាំ២០១៨។

យោងតាម​សេតវិមាន លោក ត្រាំ និង​លោក គីម នឹងត្រូវជួបមុខគ្នា​​នៅសណ្ឋាគារ ខាភែលឡា (Capella Hotel) ស្ថិតនៅ​លើ​កោះ​​សេនតូសា (Sentosa) របស់សិង្ហបុរី នាវេលាម៉ោង ០៩៖០០នាទីព្រឹកថ្ងៃទី១២ ខែមិថុនា។ មួយវិញទៀត នៅក្នុងជំនួបនេះ មេដឹកនាំ​ទាំងពីរត្រូវបានគេរំពឹងថា នឹងពិភាក្សាគ្នា​ពីមធ្យោបាយលុប​បំបាត់អាវុធនុយក្លេអ៊ែរ​កូរ៉េខាងជើង ជាថ្នូរនឹងការ​ទទួលបាន​សម្បទាន​សេដ្ឋកិច្ច និងការធានាសន្តិសុខ​ពីសហរដ្ឋអាមេរិក។

«ខ្ញុំបាននិយាយថា ខ្ញុំបានដាក់ជីវិតទាំងមូល​របស់ខ្ញុំ។ ខ្ញុំតែងតែជឿជាក់​លើការ​រៀបចំ ប៉ុន្តែខ្ញុំកំពុងប្រើ​ជីវិតទាំងមូលរបស់​ខ្ញុំ​ ដើម្បីរៀបចំជំនួប​កំពូលជាមួយ​កូរ៉េខាងជើង (លោក គីម ជុងអ៊ុន)»។ នេះគឺជាការលើក​ឡើងរបស់លោក ដូណាល់ ត្រាំ កាលពី​ថ្ងៃសុក្រ (ម៉ោងនៅ​អាមេរិក) មុននឹងធ្វើដំណើរ​ចាកចេញទៅកាន់​ប្រទេស​កាណាដា ដើម្បីចូលរួម​កិច្ច​ប្រជុំ G7។

គួររំលឹកថា លោក ដូណាល់​ ត្រាំ ធ្លាប់បាន​និយាយថា លោកនឹងអង្គុយ​ហូបប៊ឺហ្គឺជាមួយលោក គីម ជុងអ៊ុន នៅពេលវេលា​សាកសម​ណាមួយ។ ប៉ុន្តែកាលពី​ចុង​ឆ្នាំ២០១៧ មេដឹកនាំទាំងពីរ​ក៏បានផ្ទុះ​សង្រ្គាមពាក្យ​សម្ដីនឹងគ្នា​ផងដែរ ដោយលោក ត្រាំ ហៅលោក គីម ថាជាបុរស​គ្រាប់​រ៉ុក្កែត រីឯលោក គីម ហៅលោក ត្រាំ វិញថាជាមនុស្ស​ចាស់​ល្ងីល្ងឺ។ ដូច្នេះអ្វីៗមាន​តែងរង់ចំាមើល​លទ្ធផល ក្រោយ​ជំនួប​កំពូលកូរ៉េខាងជើង-អាមេរិក៕

Facebook Comment