លោក គីម ជុងអ៊ុន អាច​នឹង​ធ្វើដំណើរ​ទៅ​សិង្ហបុរីមុន ដើម្បី​​ចាំ​​លោក ដូណាល់​ ត្រាំ… !

293 Views
June 9, 2018

សេអ៊ូល)៖ មេដឹកនាំ​កូរ៉េខាងជើង​ លោក គីម ជុងអ៊ុន ត្រូវបានគេ​រំពឹងថា នឹងធ្វើដំណើរទៅដល់អាកាស​យានដ្ឋាន​ឆាងគី (Changi) ប្រទេស​សិង្ហបុរី​នៅថ្ងៃអាទិត្យ ពីរថ្ងៃមុន​នឹងជំនួបជាមួយ​ប្រវត្តិសាស្ត្រ​ជាមួយ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃសៅរ៍ ទី០៩ ខែមិថុនា ឆ្នាំ២០១៨។

យ៉ុនហាប់ ផ្អែកលើ​សេចក្ដីរាយការណ៍​របស់ទីភ្នាក់ងារ​សារព័ត៌មាន Reuters ​ដែលទទួល​បានពីប្រភពមិន​បញ្ជាក់អត្តសញ្ញាណ​មួយ ​បាន​រាយការណ៍​ថា មេដឹកនាំទាំងពី ​ក៏ត្រូវបានគេរំពឹង​ដែរថា នឹងពិភាក្សាពីមធ្យោបាយ​លុបបំបាត់អាវុធនុយក្លេអ៊ែរ​កូរ៉េខាងជើង ជាថ្នូរ នឹងការទទួល​បានសម្បទាន​សេដ្ឋកិច្ច និងការធានា​សន្តិសុខពី​សហរដ្ឋអាមេរិក។

ដោយឡែក​បើតាម​ប្រភពពីសេតវិមាន ប្រធានាធិបតី​​អាមេរិក លោក ដូណាល់ ត្រាំ នឹងធ្វើដំណើរ​ចេញ​ពីប្រទេស​កាណាដា​ផ្ទាល់​តែម្តង ដើម្បី​ទៅចូលរួមកិច្ច​ប្រជុំកំពូល​ជាមួយ​ប្រមុខដឹកនាំ​​កូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅសិង្ហបុរី ដែលនឹងប្រព្រឹត្ត​​ទៅនាសប្តាហ៍​​ក្រោយ។​

«លោក ដូណាល់ ត្រាំ នឹងចាកចេញ​ពី​កិច្ចប្រជុំ​​ប្រទេស​សេដ្ឋកិច្ច​​កំពូលទាំង ០៧ ហៅកាត់​ថា G7 នៅ​កាណាដា នៅមុនរសៀល​ថ្ងៃសៅរ៍ចុង​សប្តាហ៍នេះ (ពេលវេលា​នៅ​ក្នុងតំបន់) ដើម្បី​ធ្វើដំណើរ​ទៅកាន់​​ប្រទេស​​សិង្ហបុរី សម្រាប់ជំនួប​កំពូលជា​​ប្រវត្តិសាស្រ្ត​​ជាមួយ​លោក គីម ជុងអ៊ុន នៅថ្ងៃអង្គារ​សប្តាហ៍​ក្រោយ»

នេះអ្នក​នាំពាក្យ​​សេតវិមាន​លោកស្រី សារ៉ាហ៍ សេនដឺស (Sarah Sanders)។

គួរជម្រាបថា លោក ត្រាំ និង​លោក គីម នឹងត្រូវជួបមុខគ្នា​​នៅសណ្ឋាគារ ខាភែលឡា (Capella Hotel) ស្ថិតនៅ​លើ​កោះ​សេនតូសា (Sentosa) របស់សិង្ហបុរី នាវេលាម៉ោង ០៩៖០០នាទីព្រឹកថ្ងៃទី១២ ខែមិថុនា ហើយក៏​ជាព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​ថ្មីមួយ ដែលអន្តរជាតិកំពុង​តែអង្គុយរង់ចាំទស្សនា៕

 

 

Facebook Comment