ប្រតិភូធុរជនចិនខេត្តសៀងហៃ គ្រោងវិនិយោគលើរោងចក្រថាមពលអគ្គិសនីធ្យូងថ្ម និងប្រព័ន្ធផ្កាយរណបនៅកម្ពុជា!!

1011 Views
July 16, 2018

ភ្នំពេញ)៖ ប្រតិភូធុរជនមកពីខេត្តសៀងហៃ​ សាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញចេតនាវិនិយោគលើការដំឡើងរោងចក្រផលិតថាមអគ្គិសនីដើរដោយធ្យូងថ្ម និងប្រព័ន្ធផ្កាយរណបនៅក្នុងប្រទេសកម្ពុជា ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុក និងចូលរួមអភិវឌ្ឍន៍វិស័យអគ្គិសនី និងទូរគមនាគមន៍ ជាមួយរាជរដ្ឋាភិបាលកម្ពុជា។

Image may contain: text

គម្រោងនេះ ត្រូវបានលើកឡើងនៅក្នុងជំនួបពិភាក្សារវាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក លាំង សាន (Liang Shan) អនុប្រធានក្រុមហ៊ុន Shanghai Electronic Communication Technology Co., Ltd រួមជាមួយលោក យុងតាវ ចាវ (Yongtao Jiao) ប្រធានក្រុមហ៊ុន Beidou Star Data Technology Co., Ltd នៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីរសៀល ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨។

Image may contain: 5 people, people standing and suit

នៅក្នុងឱកាសនោះ លោក លាំង សាន បានជម្រាបឯកឧត្តមរដ្ឋមន្ត្រី អំពីសាវតាក្រុមហ៊ុនរបស់លោក មានឯកទេសដំឡើងរោងចក្រថាមពលអគ្គិសនីធ្យូងថ្ម ជាមួយបច្ចេកវិទ្យាទំនើប មិនប៉ះពាល់ដល់បរិស្ថាន ចំណែកឯលោក យុងតាវ ចាវ ក៏បានជម្រាបឯកឧត្តមរដ្ឋមន្ត្រី អំពីលក្ខណៈពិសេសនៃប្រព័ន្ធបច្ចេកវិទ្យាផ្កាយរណប ដែលអាចចាប់រូបភាព និងបញ្ជូនទិន្ន័យឆ្លងកាត់ទ្វីប និងប្រទេសជាច្រើនក្នុងពិភពលោក។ តំណាងក្រុមហ៊ុនទាំងពីរ បានស្នើសុំក្រសួងពាណិជ្ជកម្ម ជួយគាំទ្រគម្រោងវិនិយោគនេះ ដើម្បីបង្កើនទំហំវិនិយោគរវាងខេត្តសៀងហៃ និងប្រទេសកម្ពុជា។

Image may contain: cloud, sky, grass and outdoor

ជាការឆ្លើយតប ឯកឧត្តម ប៉ាន សូរស័ក្តិ បានសម្តែងការគាំទ្រពេញទំហឹង ចំពោះ​គម្រោង​ការវិនិយោគខាងលើ និងបានសន្យាជួយសម្របសម្រួល​​គម្រោងទាំងនេះ ឲ្យលេចរូបរាងឡើងនាពេលអនាគត។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើទៅកាន់តំណាងក្រុមហ៊ុនទាំងពីរ ធ្វើការសិក្សាអំពីលក្ខណៈភូមិសាស្ត្រនៃប្រទេសកម្ពុជា និងសក្តានុពលអតិថិជនឲ្យបានច្បាស់ ដើម្បីរៀបចំសំណើវិនិយោគផ្លូវការ ដាក់ជូនរាជរដ្ឋាភិបាលកម្ពុជា ធ្វើការ​ពិនិត្យ​ និងអនុម័ត ហើយក្រសួងពាណិជ្ជកម្ម នឹងរង់ចាំជួយសម្រួលរាល់នីតិវិធី​ និងបែបបទរដ្ឋបាលនានា គ្រប់ពេលវេលា៕

ប្រភព៖Ministry of Commerce

Facebook Comment

Related Articles