Ruud van Nistelrooy សរសើរប្រទេសយើងនិងអង្គរវត្តកប់ៗមាត់ ជួយផ្សាយវិស័យទេសចរណ៍មិនស្ទើរទេ!

ដូចដែលប្រិយមិត្តដែលគាំទ្រកីឡាបាល់ទាត់បានដឹងហើយថា កាលពីថ្ងៃទី២ ដល់ ថ្ងៃទី៥ សប្ដាហ៍នេះ អតីតកំពូលខ្សែប្រយុទ្ធដែលជាវីរបុរសរបស់ ក្លឹបបិសាចក្រហម Manchester United និង ក្លឹបអធីរាជស Real Madrid នោះគឺលោក Ruud van Nistelrooy បានធ្វើដំណើរមកកាន់ប្រទេសយើង ក្នុងកម្មវិធីដំណើរទេសចរណ៍នៃពានរង្វាន់លំដាប់កំពូល UEFA Champions League ហើយលោកក៏បានធ្វើដំណើរទៅកាន់ទឹកដីសៀមរាបអង្គរ ក្រោយពីចប់កម្មវិធី។
ទោះបីជាចាកចេញពីប្រទេសកម្ពុជាហើយក៏ដោយ តែ Ruud van Nistelrooy នៅតែបង្ហាញអារម្មណ៍ពេញចិត្ត អរគុណ និង កោតសរសើរចំពោះកម្ពុជានិងប្រជាជនកម្ពុជា។ កាលពីប៉ុន្មានម៉ោងមុននេះ លោកបានបង្ហោះសារសរសើរប្រាសាទអង្គរវត្ត ដែលប្រែថា៖
«ប្រាសាទអង្គរវត្ត ពិតជាត្រឹមត្រូវណាស់ដែលស្ថិតនៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់ UNESCO។ ជាកន្លែងដ៏អស្ចារ្យដែលគួរទៅទស្សនានៅខេត្តសៀមរាប ប្រទេសកម្ពុជា»។
មិនត្រឹមតែដូច្នេះ លោកក៏បានបន្ថែមនូវការពេញចិត្តពេញថ្លើមចំពោះវប្បធម៌ និង ប្រជាជនយើងថា៖
«កំឡុងពេលដំណើរទេសចរណ៍ពានរង្វាន់ Champions League របស់ខ្ញុំ ខ្ញុំមានឱកាសបានស្គាល់វប្បធម៌នៃប្រទេសកម្ពុជានិងប្រជាជនដ៏អស្ចារ្យរបស់គេ។ ថែមទាំងក្មេងតូចដ៏ឡូយម្នាក់នេះទៀត…។ » អមជាមួយនឹងរូបថតលោកនិងកុមារម្នាក់ នៅលើទឹកដីសៀមរាប។
គ្រាន់តែលឺបែបនេះ យើងក៏មានក្ដីរំភើបរីករាយណាស់ដែលអតីតកំពូលខ្សែប្រយុទ្ធម្នាក់នេះបង្ហាញវត្តមានដ៏កម្រ ហើយពេញចិត្តប្រទេសកម្ពុជាទៀត ដល់ថ្នាក់បង្ហោះសារជាច្រើនកោតសរសើរ។ សង្ឃឹមថា នឹងបានឃើញ Ruud van Nistelrooy មកកាន់ទឹកដីយើងបន្ដទៀត នាឱកាសក្រោយ៕