អតីតគ្រូកម្ពុជា Leonardo Victorino និយាយបែបនេះ ពេលក្លឹបម៉ាឡេបញ្ចប់កុងត្រា ចាន់ វឌ្ឍនាកា

4869 Views
May 9, 2018

កាលពីរាត្រីយប់មិញនេះ មានការផ្ទុះព័ត៌មានថា ក្លឹបម៉ាឡេស៊ី Pahang បានសម្រេចបញ្ចប់កុងត្រាជាមួយកីឡាករឆ្នើមកម្ពុជា ចាន់ វឌ្ឍនាកា ហើយ ក្រោយពីកីឡកររូបនេះបានផ្លាស់ទៅលេងបានត្រឹមជាងកន្លះឆ្នាំប៉ុណ្ណោះ។

 

 

ព័ត៌មាននេះបានធ្វើឲ្យប្រិយមិត្តអ្នកស្នេហាវិស័យកីឡាបាល់ទាត់រំជើបរំជួលយ៉ាងខ្លាំង ព្រោះតែសោកស្ដាយ ខណៈដែលអាយដលសំណព្វអាចនឹងត្រឡប់មកលេងក្នុងស្រុកវិញ។ ដោយឡែក ក្នុងនោះ អតីតគ្រូបង្វឹកជម្រើសជាតិកម្ពុជា លោក Leonardo Victorino បានបង្ហោះសារនៅក្នុងផេកហ្វេសប៊ុកចំពោះរឿងរ៉ាវរបស់ វឌ្ឍនាកា ក្នុងអត្ថន័យថា៖

 

 

«កុំបោះបង់ចោលនូវអ្វីដែលអ្នកពិតជាចង់បានឲ្យសោះ។ វាពិបាកដែលត្រូវរង់ចាំ ប៉ុន្ដែវាកាន់តែពិបាកពេលដែលស្ដាយក្រោយ។ សូមរឹងមាំឡើង ហើយឆ្ពោះទៅមុខ ចាន់ វឌ្ឍនាកា។»

 

 

 

 

ក្នុងសារមួយនោះ គេសង្កេតឃើញមានការស៊ែរនិងខមិនជាច្រើនពីប្រិយមិត្តដែលចូលរួមសោកស្ដាយ ចំពោះរឿងនេះផងដែរ។ គួរបញ្ជាក់ដែរថា កីឡាករ ចាន់ វឌ្ឍនាកា ជាកីឡាករកម្ពុជាទី២ ដែលត្រូវក្លឹបម៉ាឡេស៊ីបញ្ចប់កុងត្រាមុនពេលកំណត់ បន្ទាប់ពី កែវ សុខផេង នៅក្លឹប PKNP។​ ចំណែកឯ សាមីខ្លួន  ចាន់ វឌ្ឍនាកា មិនទាន់ចេញមុខបកស្រាយរឿងនេះជាផ្លូវការឡើយ៕

 

 

 

 

 

 

Facebook Comment