World Cup ២០១៨ចេញតុក្កតាតំណាងហើយ មានអត្ថន័យថា!!

តុក្កតាតំណាង World Cup ២០១៨ នៅប្រទេសរុស្ស៊ីមានឈ្មោះថា ហ្សាប៊ីវ៉ាកា “Zabivaka” ជាភាសារុស្ស៊ី ដែលមានន័យថា “អ្នកទាត់បញ្ចូលទី (The One Who Scores)” លើកលែងតែអតីតជម្រើសជាតិរុស្ស៊ី Andrey Arshavin ដែលបានបកប្រែក្នុងន័យកំប្លែងថា “អ្នកទាត់មិនចូលទី”។
Zabivaka គឺជាសត្វចចក។ វាពាក់វ៉ែនតាពណ៌ទឹកក្រូច។ បើតាមគេហទំព័រផ្លូវការរបស់ FIFA បានឲ្យដឹងថា ចចកនេះពេញដោយស្នាមញញឹម គួរឲ្យស្រលាញ់ និង ទំនុកចិត្ត ហើយវាជាអ្នកតំណាងនិម្មិត ដែលនឹងញ៉ាំងឲ្យបរិយាកាសជុំវិញទីលានកាន់តែមានភាពសប្បាយរីករាយ។Zabivaka ត្រូវបានជ្រើសរើសឲ្យក្លាយជាតុក្កតាតំណាង World Cup ២០១៨ ដោយ ប្រជាជនរុស្ស៊ីជាង១លាននាក់បានបោះឆ្នោតនៅលើ FIFA.com ក្នុងអំឡុងពេលបោះឆ្នោតរយៈពេលមួយខែកាលពីឆ្នាំ ២០១៦។
ដោយឡែក តុក្កតាតំណាង World Cup ២០១៤ នៅប្រទេសប្រេស៊ីល គឺជារូបសត្វពង្រូល ឆ្នាំ២០១០ នៅអាហ្វ្រិកខាងត្បូង តំណាងដោយសត្វខ្លារខិន រីឯ ២០០៦ នៅអាឡឺម៉ង់គឺជាសត្វតោ ដែលអាឡឺម៉ង់យកគំរូសត្វតំណាងនេះដូចអង់គ្លេសកាលធ្វើជាម្ចាស់ផ្ទះ World Cup ឆ្នាំ ១៩៦៦ ខណៈដែលសត្វតំណាង World Cup ២០០២ នៅកូរ៉េ និង ជប៉ុន គឺជាតុក្កតាបង្កើតឡើងដោយការស្រមើស្រមៃពីកុំព្យូទ័រ នាំឲ្យមានការរិះគន់ពីមជ្ឈដ្ឋានទូទៅ។
តុក្តតាតំណងនិម្មិតនៅកូរ៉េ និង ជប៉ុន មានឈ្មោះថា Ato, Kaz និង Nik (គឺជាតុក្តតាពណ៌ទឹកក្រូច ពណ៌ស្វាយ និង ពណ៌ខៀវ)។ Ato គឺជាគ្រូបង្វឹក ហើយ Kaz និង Nik គឺជាកីឡាករ។ មូលហេតុនេះហើយទើបធ្វើឲ្យមនុស្សជុំវិញពិភពលោកភ្ញាក់ផ្អើល និង សឹងមិនជឿថាតុក្តតាបែបនេះត្រូវបានគេច្នៃបង្កើតឡើងសម្រាប់ព្រឹត្តិការណ៍ពិភពលោកបែបនេះ។ ប៉ុន្តែគ្មានអ្វីត្រូវភ្ញាក់ផ្អើលនោះទេ ព្រោះ Ato, Kaz និង Nik ត្រូវបានបោះឆ្នោតដោយអ្នកប្រើប្រាស់អ៊ីនធឺណិត និង ភ្ញៀវនៅហាងប៊ឺគ័រ McDonald នៃប្រទេសម្ចាស់ផ្ទះទាំង២។ នេះបើតាម The Sun៕